ការសិក្សាថ្មីមួយណែនាំថា អ្នកបន្ថយកាល់ឡូរី ២៥ ភាគរយ ឬច្រើនលើសពីនេះ ពីការបរិភោគអាហារប្រចាំថ្ងៃ អាចរស់នៅបានយូរជាងអ្នកដែលមិនបន្ថយ។
ក្រុមអ្នកស្រាវជ្រាវពី Washington University School of Medicine បានរកឃើញថា ការកម្រិតកាល់ឡូរីបន្ថយសីតុណ្ហភាពរាងកាយ (សីតុណ្ហភាពដែលតួនាទីក្នុងរាងកាយទាំងអស់អាចប្រតិបត្តិការជាមួយប្រសិទ្ធភាពខ្ពស់បំផុត) ដែលបានបង្ហាញថាបន្តជីវិតឱ្យបានយូរ។





ការសិក្សាបានផ្សាយក្នុង Aging ដែលបានប្រៀបធៀបសីតុណ្ហភាពរាងកាយរបស់មនុស្ស ២៤ នាក់ ដែលមានវ័យស្ថិតក្នុងពាក់កណ្តាលអាយុ ៥០ ដែលកំហិតកាល់ឡូរីយ៉ាងតិច ៦ ឆ្នាំ ទៅនឹងមិត្តរបស់ពួកគេ ២៤ នាក់ ដែលបរិភោគអាហារអឺរ៉ុបស្តង់ដារដែលមានកាល់ឡូរីនិងជាតិខ្លាញ់ខ្ពស់។ សីតុណ្ហភាពរាងកាយរបស់កីឡាកររត់ប្រណាំងក្នុងក្រុមជាមួយគ្នាក៏បានវាស់មើលដើម្បីកំណត់ថាតើភាពស្គមអាចគ្រប់គ្រាន់ក្នុងការបន្ថយសីតុណ្ហភាពដោយមិនបាច់កំហិតកាល់ឡូរីឬយ៉ាងណា។
វេជ្ជបណ្ឌិត Luigi Fontana អ្នកដឹកនាំការស្រាវជ្រាវនេះ និយាយថា “អ្នកដែលកំហិតកាល់ឡូរីមានសីតុណ្ហភាពរាងកាយជាមធ្យមធ្លាក់ចុះប្រហែល ០.២ អង្សារ ដែលហាក់ដូចជាការធ្លាក់ចុះសមរម្យមួយ ប៉ុន្តែប្រហាក់ប្រហែលនឹងការបន្ថយដែលយើងសិក្សាលើសត្វកណ្តុរ។ អ្វីដែលគួរឱ្យអារម្មណ៍នោះគឺកីឡាកររត់ប្រណាំងដែលមានអាយុនិងរាងស្គមដូចគ្នាមិនមានការបន្ថយសីតុណ្ហភាពរាងកាយប្រហាក់ប្រហែលគ្នានោះទេ”។
ទោះជាការកំហិតកាល់ឡូរីអាចបន្ថែមរយៈពេលរស់នៅ ២ ឬ ៣ ដង នៃសរីរាង្គធម្មតា ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានអះអាងថា វាមិនទាន់ច្បាស់ថាការកំហិតកាល់ឡូរីអាចជួយមនុស្សឱ្យរស់នៅបានយូរប៉ុណ្ណានោះទេ។ ក្រុមអ្នកសិក្សាបានសម្គាល់ថា អ្នកដែលអនុវត្តការទទួលទានអាហារកំហិតកាល់ឡូរីសង្ឃឹមថានឹងរស់នៅបានហួសអាយុ ១០០ ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញថា គ្រាន់តែការបន្ថយសីតុណ្ហភាពរាងកាយមិនគ្រប់គ្រាន់ក្នុងការបង្កើនរយៈពេលរស់នៅទេ។
វេជ្ជបណ្ឌិត Fontana បានសម្គាល់ថា របៀបនៃការបន្ថយសីតុណ្ហភាពរាងកាយគឺសំខាន់។ គាត់បន្តថា “ខ្ញុំមិនគិតថា អ្នកធាត់លើសទម្ងន់ ហើយជក់បារីនិងទទួលទានជាតិអាល់កុល អាចបន្ថយសីតុណ្ហភាពរាងកាយនិងបង្កើនរយៈពេលរស់នៅដោយគ្រាន់តែប្រើថ្នាំនោះទេ”។
គាត់បន្ថែមថា “ប៉ុន្តែ អ្វីដែលអាចនោះគឺការកំហិតកាល់ឡូរី, ការទទួលទានអាហារល្អ, ការហាត់ប្រាណ និងប្រើថ្នាំដែលអាចផ្តល់ប្រយោជន៍ប្រហាក់ប្រហែលនឹងអ្នកដែលកំហិតកាល់ឡូរីខ្លាំង”។