បើតាមការសិក្សាថ្មីមួយបានរកឃើញថា ទោះបីជាការធ្វើសកម្មភាពរាងកាយបានតិចតួច និងទៀងទាត់ពេលវេលាក៏ដោយ ក៏ប្រហែលជាជួយកាត់បន្ថយនូវការប្រឈមមុខនឹងជំងឺបេះដូងដែរ ។ ចំនែកលំហាត់ប្រាណជាច្រើនដែលមនុស្សហាត់ ពួកគេនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុងការកាត់បន្ថយនូវការប្រឈមមុខបានច្រើនដែរ ។





ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗដែលអ្នកស្រាវជ្រាវនៅឯសាលា Harvard ផ្នែកសុខភាពខាងសាធារណៈបានរកឃើញ៖
• ការធ្វើសកម្មភាពរាងកាយពីកំរិតមធ្យម រហូតដល់កំរិតធ្ងន់យ៉ាងតិច ពីរម៉ោងកន្លះ ឬ ១៥០នាទីក្នុងមួយសប្តាហ៍ អាចកាត់បន្ថយការប្រឈមមុខនឹងជំងឺបេះដូងរបស់មនុស្សបាន ១៤% ។
• ការប្រឈមមុខនឹងជំងឺសរសៃឈាមបេះដូង Coronary អាចនឹងថយចុះបន្តិចម្តងៗដោយសារពួកគេហាត់ប្រាណបានច្រើន ។
លោក Jacob Sattelmair នៃសាកលវិទ្យាល័យ Harvard ផ្នែកសុខភាពសាធារណៈ បាននិយាយប្រាប់សារព័ត៌មានថា“លទ្ធផលបូកសរុបនៃក្បួនសិក្សារបស់សហព័ន្ធរកឃើញថា ការដែលហាត់ប្រាណបានតិចតួចគឺជាប្រការមួយដែលល្អ ប៉ុន្តែអ្វីដែលធ្វើអោយកាន់តែល្អទៀតនោះគឺហាត់អោយបានច្រើន” ។
លោក Sattelmair និយាយថា ការហាត់ប្រាណបាន ១៥០នាទីក្នុងមួយសប្តាហ៍គឺមានប្រយោជន៍ ប៉ុន្តែបើហាត់រហូតដល់ ៣០០នាទីក្នុងមួយសប្តាហ៍វិញាវានឹងមានផលល្អកាន់តែច្រើន ។
គាត់បាននិយាយថា វាមានភាពខុសគ្នាពីការស្រាវជ្រាវមុនៗដែលស្តីអំពី ការពិនិត្យនូវការពាក់ព័ន្ធគ្នារវាងជំងឺបេះដូង និងការហាត់ប្រាណ ព្រោះវាបានដាក់បញ្ចូលនូវការធ្វើសកម្មភាពរាងកាយរបស់មនុស្សម្នាក់ទៅក្នុងនោះ ដើម្បីអោយពួកគេមានការកាត់បន្ថយពីការប្រឈមមុខព្រមទាំងទំហំដ៏ធំធេងនៃអត្ថប្រយោជន៍ដែលគេទទួលបាន ។
អ្នកស្រាវជ្រាវបានកត់សំគាល់ឃើញថា ភាពខុសគ្នានៃភេទក្នុងការហាត់ប្រាណក៏ទទួលបាននូវលទ្ធផលខុសគ្នាដែរ ដែលវាបង្ហាញថា ការហាត់ប្រាណមានប្រសិទ្ឋភាពក្នុងការកាត់បន្ថយជំងឺបេះដូងរបស់មនុស្សស្រីច្រើនជាងមនុស្សប្រុស ។ អ្នកវិទ្យាសាស្ត្រជាច្រើនសរសេរថា ការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង Coronary ត្រូវបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ១៩៦០មកម្ល៉េះ។ មានប្រជាជនអាមេរិកប្រហែល ១៧លាននាក់ រស់នៅដោយកើតជំងឺសរសៃឈាមបេះដូង Coronary ដែលបង្កអោយមានការស្លាប់រហូតដល់ ៤២៥០០០នាក់ក្នុងមួយឆ្នាំ។