​រាងកាយ​របស់​ស្ត្រី​នឹង​មាន​ការប្រែប្រួល​យ៉ាង​សំខាន់ៗ​ជាច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​ក៏​ត្រូវ​ខិតខំ​ធ្វើកា​រ​ខ្លាំង​ណាស់​ដែរ​ក្នុង​ពេល​សម្រាលកូន​ម្តង​។ នៅពេល​ក្លាយខ្លួនជា​ម្តាយ​គេ​ម្នាក់​ក្នុង​ផ្ទះ​ហើយ ស្ត្រី​ពិតជា​មាន​អារម្មណ៍​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​នាង​ប្រហែលជា​មិន​ពេញចិត្ត​ចំពោះ​រូបរាង​របស់​នាង​ឡើយ​។ ក្នុង​ដំណើរការ​ថែរក្សា​រាងកាយ រាល់​ស្ត្រី​ជា​ម្តាយ គួរ​រក្សា​ខ្លួនឯង​អោយ​មាន​សុខភាព​ល្អ ត្រូវការ​ចំណាយ​ពេលវេលា​តិចតួច ហើយ​ក៏​គួរតែ​ធ្វើ​បន្តិច​ម្តងៗ និង​អោយ​សម​ហេតុ​សម​ផល​ដែរ​។

ដើម្បី​រក្សា​រាង​អោយ​នៅ​ស្អាត​ក្រោយពី​មាន​ផ្ទៃពោះ​រួច យក​ល្អ​ធ្វើការ​សម្រក​ទម្ងន់​អោយបាន​យឺតៗ​។ អ្នក​គួរតែ​មាន​កំណត់​គោលដៅ​លើ​ខ្លួនឯង​ក្នុង​រយៈពេល ៦​ខែ​ធ្វើ​យ៉ាង​អោយ​ទទួលបាន​រាងកាយ​ដូច​ពេល​មិន​ទាន់​មាន​ផ្ទៃពោះ​វិញ មុន​ពេល​សម្រេច​ចិត្ត​សាកល្បង​បង្អត់អាហារ​។ ក្នុងពេល​ក្លាយជា​ម្តាយ​គេ​ភ្លាមៗ រាងកាយ​របស់​អ្នក​ត្រូវការ​ថាមពល និង​ជីវជាតិ​បន្ថែម​មួយចំនួន​ដើម្បី​បំពេញ​នូវ​តម្រូវការ​នៃ​ការ​ញ៉ាំ​អាហារ និង​ថែរក្សា​ខ្លួន​។

​ដើម្បី​រក្សា​រាង​អោយបាន​ស្អាត​ក្រោយពី​មាន​ផ្ទៃពោះ​រួច យើង​មាន​វិធីសាស្ត្រ​សាមញ្ញៗ​ជាច្រើន​ដែល​ទើបតែ​ក្លាយខ្លួនជា​ម្តាយ​ថ្មីៗ​គ្រប់រូប​គួរតែ​ធ្វើតាម ហើយ​ទោះបីជា​យ៉ាងណាក៏ដោយ អ្វី​ដែល​ពិបាក​នោះ​គឺ​ការ​ឆ្លៀត​ពេល​ចេញពី​តម្រូវការ​របស់​កូន​របស់​អ្នក​ដែល​ទើបនឹង​កើត ហើយ​អ្វី​ដែល​នាង​គួរតែ​សាកល្បង​នោះ​មានដូចជា​៖

1.    ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ដូចជា ទឹកដោះគោ​, ហ្វ្រូ​ម៉ាស​, ទឹកដោះគោ​យ៉ា​អួ​, ស៊ុត​, គ្រាប់​ធញ្ញជាតិ​, បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​, ត្រី និង​សាច់​គ្មាន​ខ្លាញ់​។
2.    ញ៉ាំ​ទឹក​អោយបាន​ច្រើន​។​
3.    ចៀសវាង​ការមិន​ញ៉ាំ​អាហារ ជាពិសេស​នៅ​ពេល​ព្រឹក​តែម្តង​។​
4.    ញ៉ាំ​អាហារ​អោយ​ទៀងពេល​។​
5.    ធ្វើយ៉ាងណា​អោយ​អាហារ​ដែល​ត្រូវ​ញ៉ាំ និង​អាហារសម្រន់​មាន​តុល្យភាព​, កុំអោយ​មាន​ស្ករ ឬ​ខ្លាញ់​ច្រើនពេក ហើយ​ចំពោះ​អាហារ​ពេល​ថ្ងៃត្រង់ និង​ពេលយប់​ត្រូវតែ​មាន​ជីវជាតិ​ច្រើន​។

​របៀប​ធ្វើ​អោយ​ក្បាលពោះ​ស្រក​មក​សភាព​ដើម​វិញ​

​សាច់ដុំ​ក្រពះ និង​ស្បែក​នឹង​ក្លាយទៅជា​តឹង និង​យឺត​ក្នុងពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ហើយ​វា​នឹង​ត្រូវការ​មាន​ភាពរស់រវើក​ផងដែរ​។ ការ​ហាត់ប្រាណ​លើ​កម្រាល​អាង​ត្រគៀក​ក្នុងពេល​មាន​ផ្ទៃពោះ ជួយ​អោយ​សាច់ដុំ​ឆាប់​វិលត្រឡប់​មក​សភាព​ដើម​វិញ​ក្រោយ​ពី​សម្រាលកូន​រួច​។

​បត់ជើងធំ​អោយ​ទៀងទាត់​

​ពេលខ្លះ​ការ​បន្ទោរ​បង់​អាចមាន​ភាព​មិន​ទៀងទាត់​ក្រោយ​ពី​សម្រាលកូន​ខ្ចី​រួច​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូចជា គ្រាប់​ធញ្ញជាតិ​នៅ​ពេល​ព្រឹក​, ផ្លែឈើ និង​បន្លែ​។​ល​។ ការផឹក​ទឹក​អោយបាន​ច្រើន និង​ការ​ហាត់ប្រាណ​ថ្នមៗ​មួយចំនួន​ដូចជា​ការដើរ សុទ្ធ​តែ​អាច​ជួយ​អោយ​ប្រព័ន្ធ​ក្នុង​រាងកាយ​ធ្វើការ​បាន​យ៉ាង​ទៀងទាត់​។

​ការ​ហាត់ប្រាណ​ជា​មូលដ្ឋាន​ចំនួន​បី​ដែល​ជួយ​អោយ​ស្ត្រី​ទទួលបាន​រាង​ស្អាត​មក​វិញ​យ៉ាង​សម្បើម​ក្រោយពី​មាន​ផ្ទៃពោះ​ហើយ​នោះ​មានដូចជា​៖

  • The Hundreds: មានន័យ​ថា ចូរ​ដេក​ផ្ងា​ជាមួយ​នឹង​ដៃ​ដាក់​តម្រេត​ធម្មតា ហើយ​លើកជើង​អោយបាន​មុំ ៤៥​ដឺ​ក្រេ​។ ព្យាយាម​ងើប​ក្បាល និង​ស្មា​ឡើង​ដោយ​ចង្ការ​អោយ​ចូល​ទៅក្នុង​។ ចូរ​ចាប់ផ្តើម​ធ្វើ​ចលនា​ដៃ​ទាំងពីរ​របស់​អ្នក​ចុះឡើងៗ​ទៅ​។ រាល់​សកម្មភាព​នីមួយៗ​ត្រូវធ្វើ​អោយបាន ១០០​ដង​។
  • Side Leg Lift: មានន័យ​ថា ចូរ​ដេក​ផ្អៀង​ព្រម​ទាំ​ដាក់​ដាក់​ម្ខាង​ទ្រ​ក្បាល​, ជើង​ទាំង​ពីរ​ផ្អិប​ជាប់​គ្នា​រួច​លើក​ឡើង​ទៅលើ​។ ចូរ​ធ្វើយ៉ាងណា​អោយ​ភ្លៅ និង​កំប៉េះគូថ​តឹង ព្រម​ទាំង​ប្រឹក​ទប់​សាច់ដុំ​ទាំងអស់នោះ​អោយបាន​៥​វិនាទី​។ ពេល​ធ្វើ​មួយ​ចំហៀង​ចប់​ហើយ ចូរ​មក​ធ្វើ​មួយ​ចំហៀង​ទៀត​អោយបាន ១០​ដង​ក្នុង​មួយ​ចំហៀង​។
  • Criss Cross Obliques: មានន័យ​ថា ចូរ​ដេក​ផ្ងា​ធម្មតា តែ​ដៃ​ទាំង​ពី​ដាក់​ពីក្រោម​ក្បាល​ដើម្បី​អោយ​កែងដៃ​បើក​បាន​ធំ​។ ពន្ទុច​ជង្គង់​មួយ​ឆ្ពោះមកកាន់​ដើមទ្រូង ហើយ​ជើង​មួយទៀត​លា​អោយបាន​ធំ​។ ព្យាយាម​លើក​ក្បាល និង​ស្មា​ទាំង​ពីរ​ឡើង​ឆ្ពោះទៅ​កាន់​ជង្គង់​ដែល​បត់ ហើយ​យក​កែងដៃ​ដែល​ផ្ទុយ​ពី​ជង្គង់​ដែល​បត់​នោះ​ប៉ះគ្នា​។ បន្ទាប់​មក​ចូរ​ធ្វើ​ជើង និង​កែងដៃ​ម្ខាង​ទៀត​។ ចូរ​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត​អោយបាន ១០ ទៅ ១៥​ដង​ទាំងសងខាង​។


​សូម​ចាំ​ថា អ្នក​គួរតែ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​បាន​ក្រោយពី​រាងកាយ​របស់​អ្នក​វិល​មក​រក​សភាព​ធម្មតា​វិញ (​ជាធម្មតា​គឺ ២​ខែ​) ដើម្បី​ទទួលបាន​រាង​ស្អាត​ក្រោយពី​មាន​ផ្ទៃពោះ​។ ហើយ​ត្រូវតែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជានិច្ច​មុន​ពេល​អ្នក​ចាប់ផ្តើម​ហាត់ប្រាណ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង