ការរួមភេទគឺជាអ្វីៗដែលមិនគ្រាន់តែមានការបញ្ចេញអ័រម៉ូននិងការសប្បាយរីករាយដែលមានរយៈពេលខ្លីទេ។ តាមការពិត ការរួមភេទមានអ្វីដែលច្រើនលើសលុបជាងអ្វីដែលយើងគិត ទស្សនៈវិទូមួយរូបឈ្មោះថា គូ ហាំង (Ko Hung) បានសរសេរថា “កាលណាដែលមនុស្សម្នាក់រួមភេទកាន់តែច្រើន អត្ថប្រយោជន៍ដែលបានក៏កាន់តែច្រើនដែរ…”។ ទោះបីជាយ៉ាងណាក៏ដោយ វិទ្យាសាស្ត្រសម័យទំនើបបានប្រើពេលវេលាតិចតួចក្នុងការឃ្លាំមើលការពិតនៃការរួមភេទ ដែលវាគឺជាការល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។





ការរួមភេទគឺមានផលល្អសម្រាប់មនុស្សពេញវ័យ។ ការរួមភេទជាលក្ខណៈមូលដ្ឋាន និងទៀងទាត់មួយ យ៉ាងហោចណាស់ក៏មួយដងក្នុងមួយសប្តាហ៍នោះគឺមានភាពល្អជាង។ អត្ថប្រយោជន៍ជាក់ស្តែងដែលនឹងទទួលមានដូចជា វាអាចដុតកំទេចកាឡូរីនៅក្នុងខ្លួន បំបាត់ភាពស្ត្រេសនិងជួយអោយអ្នកដេកលក់កាន់តែស្រួលជាងមុន ប៉ុន្តែកត្តាទាំងអស់នេះគ្រាន់តែជាចំនុចតូចៗតែប៉ុណ្ណោះ។ អ្វីដែលបង្ហាញខាងក្រោមនេះគឺជាហេតុផលមួយចំនួនបន្ថែមថាហេតុអ្វីបានជាការរួមភេទអាចជួយអោយអ្នករស់នៅបានកាន់តែយូរ និងជីវិតពោរពេញដោយការសប្បាយរីករាយ។
១, បំបាត់ការឈឺចាប់
ក្នុងពេលភ្លាមៗមុនពេលឈានដល់ចំនុចកំពូលនៃការរួមភេទ កម្រិតអ័រម៉ូនរបស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើងខ្ពស់ជាងកម្រិតធម្មតារហូតដល់ ៥ដង។ វាធ្វើអោយចេញអ័រម៉ូនមួយប្រភេទទៀតឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទីសម្រាប់បំបាត់ការឈឺចាប់។ ដូច្នេះប្រសិនបើអ្នកមានអាការៈឈឺក្បាល ឈឺដោយសាររលាកសន្លាក់ ឬចង្កោមរោគសញ្ញាក្រោយពីរាំងរដូវ នោះវាហាក់បីដូចជាមានការធូរស្រាលច្រើនក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណនោះគឺការឡើងខ្ពស់នៃអ័រម៉ូនអុកស៊ីតូស៊ីន។
២, បង្កើនប្រព័ន្ធភាពស៊ាំទប់ទលនឹងជំងឺ
ការរួមភេទដែលធ្វើទៅតែមួយដង ឬពីរដងក្នុងមួយសប្តាហ៍ជួយធ្វើអោយកម្រិតនៃអង់ទីករ (IgA)ដែលមាននាទីប្រឆាំងនឹងជំងឺកើនឡើង។ ការបញ្ចេញនៃអង់ទីករនេះធ្វើអោយកម្រិតនៃកងទព័រសម្រាប់ការពាររាងកាយការពារខ្លួនរបស់យើងទប់ទលបានទៅនឹងជំងឺផ្តាសាយ។
៣, បន្ថយអាការៈស្ត្រេស
ពិតណាស់ ការរីករាយនឹងសកម្មភាពនៃការរួមភេទ អាចធ្វើអោយអារម្មណ៍នៅក្នុងចិត្តកាន់តែរីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទកាន់តែច្រើន ធ្វើអោយពួកគេមានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀបគ្រប់គ្រងភាពស្ត្រេសរបស់ខ្លួនអោយបានកាន់តែល្អ។ ក្នុងពេលដល់ចំនុចកំពូលនៃការរួមភេទហើយ អ័រម៉ូនអុកស៊ីតូស៊ីនស្រាប់តែឡើងខ្ពស់ភ្លាមតែម្តង ដែលវាប្រហែលជាសញ្ញាមួយធ្វើអោយមានអារម្មណ៍ទំនាក់ទំនងកាន់តែខ្លាំងរវាងដៃគូរ និងបំបាត់ភាពតានតឹង។
៤, អាយុវែង
ការដល់ចំនុចកំពូលធ្វើអោយបញ្ចេញអ័រម៉ូនម្យ៉ាងទៀតឈ្មោះថា Dehydroepiandrosteron (DHEA) ដែលវាមាននាទីប្រឆាំងនឹងការបាក់ទឹកចិត្ត និងជួយបង្កើនកម្រិតប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ អ័រម៉ូន DHEA អាចទៅជួសជុលជាលិការដែលខូចខាត បង្កើនសតិបញ្ញា និងធ្វើអោយស្បែកមានសុខភាពល្អ។ ជាមួយគ្នានេះដែរ យោងទៅតាមការសិក្សាមួយរបស់ប្រទេសអងគ្លេសដែលបានធ្វើទៅលើបុរសចំនួន ១០០០នាក់បានរកឃើញថា បុរសដែលរួមភេទយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍មានអត្រានៃការស្លាប់តែពាក់កណ្តាលប៉ុណ្ណោះ បើយើងធ្វើការប្រៀបធៀបជាមួយអ្នករួមភេទតិចជាងម្តងក្នុងមួយខែ។
៥, បង្កើនចរន្តឈាម
ការរួមភេទមានអត្ថប្រយោជន៍ក្នុងការបង្កើនចរន្តឈាម ជាពិសេសចរន្តឈាមសម្រាប់ខួរក្បាល ដោយសារតែចង្វាក់បេះដូងកើនឡើង និងការដកដង្ហើមជ្រៅៗ។ ជាមួយនឹងការស្រោចស្រពឈាមស្រស់ កោសិកានិងសរីរាង្គរបស់អ្នកត្រូវបានទទួលអុកស៊ីសែន និងអ័រម៉ូនគ្រប់គ្រាន់។ ជាមួយគ្នានេះអ្នកក៏បានបញ្ចេញកាកសំណល់ដែលធ្វើអោយឈឺក្បាល និងជំងឺផ្សេងៗចេញពីរាងកាយរបស់អ្នកដែរ។
៦, ជួយអ្នកដេកបានស្រួល
មិនមែនគ្រាន់តែការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនក្នុងពេលដល់ចំនុចកំពូលនៃការរួមភេទធ្វើអោយ អ្នកទាំងពីរមានអារម្មណ៍ស្រួលតែមួយមុខនោះទេ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា វាក៏ជួយអោយអ្នកដេកលក់ស្រួលដែរ។ ការដេកគ្រប់គ្រាន់ជាប់ទាក់ទង ទៅនឹងរឿងល្អៗជាច្រើនទៀតដូចជា ការរក្សាទម្ងន់ និងសម្ពាធឈាមអោយនៅមានសុខភាពល្អ។
៧, ពង្រឹងដល់សុខភាពបេះដូង-សរសៃឈាម
ការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរួមភេទជាប់ពាក់ព័ន្ធនឹងជំងឺដាច់សរសៃឈាមខួរក្បាល។គេបានតាមដានបុរសចំនួន ៩១៤នាក់រយៈពេល ២០ឆ្នាំ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការរួមភេទពីរដង ឬច្រើនដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលទៅលើបុរសទាំងនោះបានពាក់កណ្តាល នេះបើយើងប្រៀបធៀបជាមួយអ្នកដែលរួមភេទតិចជាងម្តងក្នុងមួយខែ។
៨, កាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត
ភាពមិនប្រក្រតីទាក់ទងនឹងក្រពេញប្រូស្តាតត្រូវបានគេស្គាល់ថាបង្កឡើងដោយកាកសំណល់មិនល្អនៅក្នុងទឹករំអិលពីក្រពេញនេះ។ ការរួមភេទជាទៀងទាត់អាចជួយបញ្ចេញចោលនូវកាកសំណល់ដ៏មានគ្រោះថ្នាក់ទាំងនេះបាន ហើយក៏ជួយការពារក្រពេញប្រូស្តាតពីជំងឺមហារីកដែរ។ យោងទៅតាមអ្នកស្រាវជ្រាវបានអោយដឹងថា ការបាញ់ទឹកកាមច្រើនដងជាពិសេស ក្នុងចំណោមបុរសអាយុខ្ទង់២០ឆ្នាំប្រហែល ជាកាត់បន្ថយ ការប្រឈម នឹងជំងឺ មហារីកក្រពេញប្រូស្តាតបាននៅថ្ងៃក្រោយ។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការដែលឧស្សាហ៍បាញ់ទឹកកាម បាន២១ដងឡើងទៅក្នុងមួយខែ ត្រូវបានចាត់ទុកថាបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតលើមនុស្សចាស់ នេះបើយើងប្រៀធៀបទៅលើមនុស្សដែលបាញ់ទឹកកាមតិចជាង ៤ទៅ៧ដងក្នុងមួយខែ។
៩, ជួយក្នុងការសម្រកទម្ងន់ និងអោយរាងកាយមានភាពសមសួន
ខណៈពេលដែលអ្នកមិនចង់ហាត់ប្រាណដោយលើកដុំដែក ដើម្បីសម្រកទំនង់នោះ ការរួមភេទជាទៀងទាត់អាចជួយអ្នកបាន។ ការរួមភេទបាន ៣០នាទី អាចដុតកាឡូរីបានចាប់ពី ៨៥ឡើងទៅក្នុងខ្លួនរបស់យើង។ ស្តាប់ទៅវាប្រហែលជាមិនមានអ្វីច្រើនណាស់ណានោះទេ ប៉ុន្តែការរួមភេទ ៤២ដងដោយម្តងៗចំនួន ៣០នាទីវិញ វានឹងអាចដុត៣៥៧០កាឡូរី ដែលវាច្រើនគ្រប់គ្រាន់ក្នុងការសម្រកទម្ងន់បាន ០,៤៥គីឡូក្រាមដែរ។ ការរួមភេទក៏ជួយបង្កើនអោយមានការផលិតអ័រម៉ូនតេសស្តូស្ទើរ៉ូន ដែលវាមានតួរនាទីធ្វើអោយឆ្អឹង និងសាច់ដុំរឹងមាំ។
១០, ជួយបង្កើតអ័រម៉ូនតេសស្តូស្ទើរ៉ូន និងអេសស្ត្រូជេន
ការរួមភេទជាទៀងទាត់ជួយបង្កើនទាំងអ័រម៉ូនតេស្តូស្តេរ៉ូនផង និងអេសស្ត្រូជេនផង នៅលើមនុស្សទាំងពីរភេទ។ តេសស្តូស្ទើរ៉ូនគឺជាអ្នកបង្កើតអោយមានចំណង់ផ្លូវភេទលើបុរស ហើយក៏វាកាន់តែខ្លាំងណាស់ដែរចំពោះស្ត្រី។ ក្រៅពីបង្កើតចំណង់ផ្លូវភេទរបស់អ្នកហើយនោះ តេសស្តូស្តេរ៉ូនជួយបង្កើនកម្លាំងដល់ឆ្អឹង និងសាច់ដុំ។ វាក៏ជួយធ្វើអោយបេះដូងមានសុខភាពល្អ និងជំរុញអោយកូឡេស្តេរ៉ុលដែលល្អឡើងខ្ពស់ដែរ។ ចំពោះស្ត្រី ការរួមភេទធ្វើអោយកម្រិតនៃអ័រម៉ូនអេសស្ត្រូជេនឡើងកាន់តែខ្ពស់ ដែលវាអាចការពារប្រឆាំងនឹងជំងឺបេះដូងបាន។ អេស្ត្រូជេនធ្វើអោយស្ត្រីចង់ស្ទាប ចង់ប៉ះ និងចង់មានអារម្មណ៍រ៉ូមែនទិច ហើយចំណែកឯតេសស្តូស្ទើរ៉ូនវិញគឺជាអ្នកបង្កើតអោយមានសម្រើបផ្លូវភេទ។ អេសស្ត្រូជេនក៏មានតួរនាទីដ៏ធំមួយលើការបង្កើតក្លិនលើរាងកាយរបស់មនុស្សស្រី។
ការរួមភេទដ៏ល្អ និងប្រកបដោយសុខភាពជាមួយមនុស្សដែលអ្នកស្រលាញ់គឺផ្តល់នូវអត្ថប្រយោជន៍។ ការបរបោសអង្អែល ការអោប និងការបីត្រកងជួយបង្កើតអារម្មណ៍ដល់ក្តីស្រលាញ់ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់។ រាល់ការបង្ហាញនូវសេចក្តីស្រលាញ់ និងអារម្មណ៍នៃភាពស្និទ្ធស្នាលទាំងអស់ជួយធ្វើអោយរបួសនានាឆាប់បានជាសះស្បើយ។ ដូច្នេះការរួមភេទជាមួយនឹងការស្ទាបនិងការបរបោសអង្អែលដោយសេចក្តីស្នេហាធ្វើអោយបានអត្ថប្រយោជន៍ជាសុខភាព។