អ្នកនឹងមិនមានស្នាមជាំលុះត្រាតែអ្នករុំរាងកាយរបស់អ្នកនឹងក្រណាត់ដ៏ក្រាស់។ ទោះជាអ្នកមិនអាចគេចផុតពីការមានស្នាមជាំក៏ដោយ ប៉ុន្តែអ្នកអាចកាត់បន្ថយស្នាមជាំ និងធ្វើឱ្យស្នាមជាំបាត់ទៅលឿនបាន ដោយអនុវត្តតាមវិធីដូចខាងក្រោម៖

ដុំទឹកកក៖ ពេលត្រូវរបួសភ្លាមៗ ត្រូវខ្ចប់ដុំទឹកកកក្នុងក្រណាត់ស្តើងហើយយកទៅស្អំកន្លែងដែលត្រូវរបួសនោះ រយៈពេល ១៥នាទី។ ប្រសិនបើអ្នកសង្ស័យថាកន្លែងដែលត្រូវរបួសនឹងឡើងជាំខ្លាំង អ្នកត្រូវបន្តស្អំទឹកកកទៀតរៀងរាល់ ១ ទៅ ២ម៉ោងម្តង ក្នុងរយៈពេល ២៤ម៉ោង ក្រោយពេលត្រូវរបួស។ ពេលដកដុំទឹកកកចេញ អ្នកត្រូវទុកឱ្យវាបាត់ភាពត្រជាក់ដោយខ្លួនឯង មិនត្រូវយករបស់ក្តៅមកប្រើដើម្បីបន្ថយជាតិត្រជាក់នោះទេ។ ភាពត្រជាក់នឹងបង្រួមសរសៃឈាម ដែលមានន័យថាឈាមនឹងហូរទៅក្នុងជាលិកាដែលបង្ករឱ្យមានស្នាមជាំតិច។ វាក៏អាចជួយបន្ថយភាពហើមនិងធ្វើឱ្យកន្លែងស្អំស្ពឹកផងដែរ ដូច្នេះវានឹងមិនសូវឈឺខ្លាំងដូចកន្លែងជាំដែលមិនបានស្អំទឹកកកនោះទេ។
បន្ទាប់មកប្រើកម្តៅ៖ ២៤ម៉ោង ក្រោយមក អ្នកត្រូវប្រើកម្តៅដើម្បីពង្រីកសរសៃឈាម និងធ្វើឱ្យចរន្តឈាមរត់បានស្រួលវិញ។
រក្សាកន្លែងជាំឱ្យនៅខ្ពស់៖ ស្នាមជាំគឺអាស្រ័យទៅលើឈាម។ វាដូចជាទឹកដែរ គឺហូរចុះក្រោម។ ដូច្នេះបើសិនជាកន្លែងដែលជាំនោះនៅទាប វានឹងជាំខ្លាំងព្រោះឈាមបានរត់ទៅប្រមូលផ្តុំនៅទីនោះ។
បន្ថែមវីតាមីន C ក្នុងរបបអាហារ៖ តាមការសិក្សាមួយបានឱ្យដឹងថា អ្នកដែលបរិភោគអាហារខ្វះវីតាមីន C ងាយនឹងមានស្នាមជាំ ព្រោះវីតាមីន C ជួយបង្កើតជាលិកាការពារជុំវិញសរសៃឈាម។ មុខ, ដៃ, និងជើងរបស់អ្នក មានជាលិការការពារនោះតិចជាងភ្លៅរបស់អ្នក ដូច្នេះស្នាមជាំនៅកន្លែងទាំងនោះនឹងខ្មៅជាងស្នាមជាំនៅលើភ្លៅ។ ប្រសិនបើអ្នកងាយនឹងមានស្នាមជាំ អ្នកគួរទទួលទានវីតាមីន C ៣ ដង ក្នុង ១ថ្ងៃ ដោយទទួលទានម្តង ៥០០ មីលីក្រាម។
ប្រយ័ត្នចំពោះថ្នាំមួយចំនួន៖ អ្នកដែលទទួលទានថ្នាំអាស្ពីរីនដើម្បីប្រឆាំងនឹងជំងឺបេះដូង និង អ្នកដែលទទួលទានថ្នាំបញ្ចុះសម្ពាធឈាម ងាយនឹងមានស្នាមជាំដោយសារការប៉ះបន្តិចបន្តួច។ ថ្នាំមួយចំនួនទៀតដូចជា ថ្នាំលាបពេលរលាក, ថ្នាំបំបាត់ទុក្ខព្រួយ, ឬថ្នាំព្យាបាលជំងឺហឺត អាចបង្ករឱ្យស្នាមជាំកាន់តែធំ។ អ្នកទទួលទានគ្រឿងស្រវឹងនិងប្រើប្រាស់គ្រឿងញៀន ក៏ងាយនឹងមានស្នាមជាំដែរ។
ករណីត្រូវរកគ្រូពេទ្យ៖ ពេលខ្លះស្នាមជាំគឺជាសញ្ញានៃជំងឺ ដូច្នេះប្រសិនបើអ្នកងាយនឹងមានស្នាមជាំដោយមិនដឹងមូលហេតុ អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យ។ វិបត្តិចរន្តឈាមក៏អាចបង្ករឱ្យមានស្នាមជាំដែរ។ ជំងឺអេដស៍អាចបង្ករឱ្យមានស្នាមដូចជាំដែរ ប៉ុន្តែវាមិនបាត់ទៅវិញនោះទេ។