ការខ្សោះជាតិទឹក គឺជាធម្មតាត្រូវបានគេ ចាត់ទុកថាជាស្ថានភាពមួយដែល កើតមានដោយសារតែ ការបាត់បង់ ជាតិទឹក នៅក្នុងជាលិកានៃរាងកាយ។





មូលហេតុនៃការបាត់បង់ជាតិទឹក
· ការកាត់បន្ថយនូវការ ទទួលសារធាតុរាវ ចូលក្នុងខ្លួន។
· ការបែកញើសច្រើនជ្រុល។
· ជំងឺរាគ និង ការក្អួត។
ប្រភេទ និង រោគសញ្ញានៃការបាត់បង់ជាតិទឹក
រោគសញ្ញាដែលចំបងជាងគេ នៃការបាត់បង់ជាតិទឹកនេះគឺ ការកើនឡើងនៃការស្រេកទឹក។ វាអាស្រ័យទៅលើ រោគសញ្ញាផ្សេងៗដទៃទៀត មនុស្សម្នាក់អាចមាន ការបាត់បង់ជាតិទឹកក្នុង កម្រិតស្រាល, មធ្យម និង ធ្ងន់ធ្ងរ។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតស្រាល។ រោគសញ្ញា នៃការបាត់បង់ជាតិទឹកក្នុងដំណាក់កាលនេះមាន៖ មាន ការកើនឡើងនៃការស្រេកទឹក, មាត់ស្ងួត, នៅដឹងខ្លួន ឬ មានភាពអន្ទះអន្ទែង និង មានបរិមាណទឹកនោមបញ្ចេញ ចោល ក្នុងកម្រិតធម្មតា។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតមធ្យម។ រោគសញ្ញានៃការបាត់បង់ជាតិទឹក ក្នុងដំណាក់កាលនេះមាន៖ មានការ កើនឡើងនៃការស្រេកទឹក, មាត់ស្ងួត, មានសភាពងងុយគេង ឬ ឆាប់ខឹង មាន ឬ ក៏មិនមានការកាត់បន្ថយ នូវ បរិមាណនៃការបញ្ចេញចោលរបស់ទឹកនោម។ ចង្វាក់ជីពចរអាចដើរញាប់ និង មានការដកដង្ហើមវែងៗ ។
ការបាត់បង់ជាតិទឹក ក្នុងកម្រិតធ្ងន់ធ្ងរ។ រោគសញ្ញានៃការបាត់បង់ជាតិទឹក ក្នុងដំណាក់កាលនេះមាន៖ មាត់ស្ងួត និង មានបែកញើសស្អិតត្រជាក់ចុងដៃចុងជើង, អស់កំលាំង, រមួលក្រពើ និង មានការកាត់បន្ថយនូវបរិមាណនៃទឹកនោម ដែលត្រូវបញ្ចេញចោល។ ចង្វាក់ជីពចរដើរញាប់ ហើយការដកដង្ហើម មានសភាពខ្សោយ, ជ្រៅ និង ញាប់។
ការព្យាបាល
· ធ្វើការផ្តល់ ជាតិទឹកអូរ៉ាលីត ដើម្បីបង្គ្រប់ជាតិទឹកដល់អ្នកជំងឺ ( Oral Rehydration Salt, ORS) ។
· Electrol
· Peditral
· Sunitral
· Walyte
អ្នកអាចរកទិញឱសថប្រភេទទាំងនេះ នៅតាមឱសថស្ថាននានា។ ចូរប្រាកដថា មុនពេលអ្នកប្រើប្រាស់ពួកវា អ្នកបានអាន និង ធ្វើតាមវេជ្ជបញ្ជានៅលើផ្លាកសញ្ញា របស់វាដោយប្រុងប្រយ័ត្ន ។
អនុសាសន៍របស់អង្គការ សុខភាពពិភពលោក (WHO)
អង្គការសុខភាពពិភពលោក បានណែនាំនូវការប្រើប្រាស់ នូវកំហាប់ដូចខាងក្រោម៖
· ដាំទឹកឆ្អិន អោយបាន ១០០០មីលីលីត្រ។
· សូដ្យូមក្លរីត ( Sudium Chloride ) ៣, ៥ក្រាម។
· ប៉ូតាស្យូមក្លរីត( Potassium) ១,៥ក្រាម។
· សូដ្យូមប៊ីកាបូណាត (Sodium bicarbonate) ២,៥ក្រាម។
· ក្លុយកូស (Glucose) ២០ក្រាម។
ប្រសិនបើអ្នកមិនអាចរកទិញ ពួកវាបាននៅតាមទីផ្សារនោះទេ នោះអ្នកអាចសាកល្បងនូវជម្រើសផ្សេង។
· ទឹកឆ្អិន១កែវ+ អំបិលមួយច្បិច +ស្ករ១ស្លាបព្រាកាហ្វេ
· ទឹកបបរ១កែវ + អំបិលមួយច្បិច
ចំពោះកុមារ៖ ធ្វើការផ្តល់ល្បាយនេះ អោយបានមួយស្លាបព្រាកាហ្វេ ក្នុងរយៈពេល១នាទី និង អោយបាន ២០០ ទៅ ៣០០មីលីលីត្រ ក្នុងរយៈពេលមួយម៉ោង ។
ចំពោះមនុស្សពេញវ័យ៖ ធ្វើការផ្តល់អោយបាន ៧៥០ ទៅ ១០០០មីលីលីត្រ ក្នុងរយៈពេលមួយម៉ោង ។
រក្សាការបញ្ចូលជាតិទឹក អោយបានទៀងទាត់ រហូតដល់រោគសញ្ញា នៃការខ្សោះជាតិទឹកបាត់ទៅវិញ ហើយ ឃើញថាកូន របស់អ្នក នោមបានច្រើនជាងមុន។ ចូរកុំមានការព្រួយបារម្ភថា អ្នកនឹងផ្តល់ជាតិទឹកអោយកូនអ្នក ច្រើនលើសលុបនោះ ព្រោះថា វានឹងត្រូវបានបញ្ចេញមកវិញ តាមរយៈទឹកនោម។ អ្នកមិនត្រូវភ្លេចនោះទេ តាការបន្ថែមនូវ ស្ករ និង ជាតិគ្លុយកូសទៅក្នុងល្បាយ គឺធ្វើអោយការបឺតស្រូបនូវជាតិទឹក និង អំបិល ដោយពោះវៀនតូច បានប្រសើរឡើង ។
សារៈប្រយោជន៍នៃទឹក និង ជាតិអេឡិចត្រូលីត្រ
វាជាការពិតដែលថា ភាគច្រើននៃទំងន់ខ្លួនទាំងអស់របស់កុមារ គឺត្រូវបានបង្កើតឡើងដោយសារជាតិទឹក បើយើង ធ្វើការប្រៀបធៀបជាមួយ នឹងមនុស្សពេញវ័យ។ តុល្យភាពនៃជាតិទឺក ក្នុងខ្លួន ត្រូវបានរក្សាដោយ ការបញ្ចូល និង ការបញ្ចេញ។ ការបញ្ចូលជាតិទឹក ក្នុងខ្លួនមានន័យថា ជាការផឹកចូលនូវទឹក ឬភេសជ្ជះ និង អហារ ដែលអ្នកបានញុំា។ ផ្ទុយទៅវិញ ការបញ្ចេញជាតិទឹក គឺសំដៅទៅលើ ការបញ្ចេញចោលតាមរយៈទឹកនោម, លាមក និង ការបែកញើស ។
ជាធម្មតា ចំពោះមនុស្សពេញវ័យម្នាក់ អាចបញ្ចេញចោលនូវទឹកនោមជាប្រចាំថ្ងៃបាន ប្រហែលជា ១៥០០មីលី លីត្រ។ ហើយការបាត់បង់ជាតិទឹក តាមរយៈការបែកញើស គឺប្រហែលជា ១០០០មីលីលីត្រ និង ការបាត់បង់តាម ការបន្ទោរបង់មាន ប្រហែលជា ១០០មីលីលីត្រ។ ប្រសិនបើយើងធ្វើការប្រៀបធៀប ការបាត់បង់ជាតិទឹក នឹងមាន ច្រើននៅក្នុងរដូវក្តៅ ជាងនៅក្នុងបរិយាកាសក្តៅ ហើយសើម។
អេឡិចត្រូលីត្រ គឺជាពពួកអ៊ីយ៉ុង ដែលមានវត្តមាន នៅក្នុងសារធាតុរាវ នៃរាងកាយ។ ពួកវាគឺជាធាតុផ្សំយ៉ាង សំខាន់នៃរាងកាយរបស់មនុស្ស ហើយពួកវាទាំងនោះ មានតួនាទីយ៉ាងសំខាន់ ចំពោះរាល់ដំណើរការនៃរាងកាយ របស់យើង ។ ជាតិអេឡិចត្រូលីត្រសំខាន់ៗ ដែលជាទូទៅតែងបាត់បង់ នៅក្នុងពេលបាត់បង់ជាតិទឹកមាន ៖ សូដ្យូម, ប៉ូតាស្យូម, ក្លរីត និង ប៊ីកាបូណាត ។