ចំណងអាពាហ៍ពិពាហ៍ គឺជាទំនាក់ទំនងដ៏សាំញុំាមួយ ដែលក្នុងពេលជាមួយគ្នានោះ វាក៏មាននូវ ភាព ដែលគួរអោយចាប់អារម្មណ៍ផងដែរ។ អ្នកត្រូវតែដឹងថា ភាពស្មោះត្រង់ និង ការទុកចិត្តគ្នាទៅវិញទៅមក គឺជា សសរពីរដ៏សំខាន់ ដែលអាចរក្សានូវចំណងនេះអោយបានរឹងមាំបាន។
តែទោះជាយ៉ាងណា ក៏ដោយ ប្រសិនបើអ្នកហាក់មានអារម្មណ៍ថា ស្វាមីរបស់អ្នក កំពុងតែមិនមានភាពស្មោះត្រង់ចំពោះអ្នក បើទោះជាវាគ្រាន់តែ ជាការលាក់បាំងមួយ ដែលស្វាមីអ្នកមិនចង់អោយអ្នកមានការព្រួយបារម្ភ នោះវា មាននូវ វិធីជាក់លាក់មួយ ដែលអ្នកអាចដោះស្រាយបានចំពោះបញ្ហានេះ ។ ខាងក្រោមនេះ គឺជាចំណុច ដែលអ្នកអាចអនុវត្តបាន ដើម្បីធ្វើអោយពួកគាត់មានភាពស្មោះត្រង់នឹងអ្នកវិញ ៖

១. បង្កើតនូវទំនុកចិត្ត
ប្រសិនបើស្វាមីអ្នក ជឿជាក់អ្នកពេញមួយជីវិតរបស់គាត់ នោះគាត់ក៏នឹង ស្មោះត្រង់នឹងអ្នក ជារៀង ដរាបដែរ។ គាត់នឹងចែករំលែករាល់រឿងរ៉ាវជីវិត និង បញ្ហាទាំងអស់របស់គាត់ ជាមួយនឹងអ្នក។ ដូច្នេះ ប្រសិនបើអ្នកចង់អោយ គាត់ស្មោះត្រង់នឹងអ្នក នោះអ្នកត្រូវតែបង្កើតនូវ សេចក្តីទុកចិត្តរវាងអ្នក និង គាត់ ។ ត្រូវបង្ហាញថា អ្នកជឿទុកចិត្តគាត់ មានភាពអត់ធន់ និង តែងតែផ្តល់ឱកាសអោយគាត់ជានិច្ច។ ការ បង្កើតសេចក្តីទុកចិត្តបាន គឺមិនមែនអាចធ្វើបាន តែក្នុងរយៈពេលមួយថ្ងៃនោះទេ។ អ្នកគ្រាន់តែ ព្យាយាម ធ្វើវាអោយបានអស់ពីចិត្ត នោះរាល់សេចក្តីប្រាថ្នារបស់អ្នកនឹង ក្លាយជាការពិត។
២. ព្យាយាមស្តាប់ ដោយមិនត្រូវធ្វើការវិនិច្ឆ័យ
នៅពេលណា ដែលគាត់ចង់និយាយពីបញ្ហាអ្វីរបស់គាត់ទៅកាន់អ្នក នោះអ្នកគ្រាន់តែចាំស្តាប់ និង គាំទ្រគាត់ទៅគឺបានហើយ។ អ្នកមិនត្រូវសម្តែងនូវ អាការៈចង់វែកញែក និង បញ្ចេញយោបល់ចំពោះអ្វី ដែលគាត់បានធ្វើ និង បង្គាប់អោយគាត់ធ្វើអ្វីតាមអ្នកភ្លាមៗនោះទេ។ គឺថា អ្នកគ្រាន់តែ ធ្វើជាអ្នកស្តាប់ ដ៏ល្អម្នាក់ សម្រាប់គាត់គឺគ្រប់គ្រាន់ហើយ។ វិធីនេះ គឺនឹងអាចធ្វើអោយគាត់គិតថា បើទោះជាមានរឿងអ្វី កើតឡើងចំពោះគាត់ ក៏គាត់នូវតែមានភរិយាដ៏ល្អម្នាក់ជួយ ស្តាប់ និង គាំទ្រលើកទឹកចិត្តគាត់។ ជា លទ្ធផលនោះគឺថា គាត់នឹងបន្តស្មោះត្រង់ចំពោះអ្នកជានិច្ច ។
៣.អ្នកមិនត្រូវប្រាប់គាត់ពីអ្វីដែលគាត់ត្រូវបានធ្វើនោះទេ
នៅពេលណា ដែលស្វាមីអ្នក កំពុងតែរៀបរាប់ពីរឿងអ្វីមួយទៅកាន់អ្នក នោះអ្នកមិនត្រូវកាត់សង្វាក់ ដោយការប្រាប់នូវ អ្វីដែលគាត់ត្រូវបានធ្វើ និង ថាតើនរណាម្នាក់ផ្សេងទៀតនោះ គួរមានការឆ្លើយតប បែបណាចំពោះគាត់នោះទេ។ ប្រសិនបើគាត់មិនបាន សាកសួរអ្នកអពីដំណោះស្រាយ នោះហេតុអ្វីបាន ជាអ្នកចាំបាច់ ត្រូវផ្តល់វាអោយគាត់។ បើទោះជាអ្នកគិតថា ការយល់ឃើញរបស់អ្នក គឺត្រឹមត្រូវ ហើយ ប្រសិនបើអ្នក នៅតែព្យាយាម លើកឡើងនូវពាក្យ បងគួរតែ… រាល់ពេល នោះគាត់នឹងចាប់ផ្តើម ខ្លាចរអារ នឹងការ ចែករំលែកនូវបញ្ហារបស់គាត់ ជាមួយនឹងអ្នក។ កត្តានេះ គឺអាចធ្វើអោយគាត់ លែងមានភាព ស្មោះត្រង់ចំពោះអ្នកបាន ។
៤. សម្តែងនូវអារម្មណ៍អកម្ម
វិធីជាធម្មតា គឺតែងតែបានជោគជ័យ។ ប្រសិនបើវិធីផ្សេងទៀតដូចដែលបានរៀបរាប់ មកពីខាងលើ មិនមានប្រសិទ្ធភាពទេ នោះគឺថា ដល់ពេលដែលអ្នកត្រូវសម្តែងនូវឧបាយកលមួយ ដ៏ល្អ ដោយអ្នកត្រូវ ធ្វើអោយអារម្មណ៍អោយស្ងប់ ប្រសិនបើអ្នកពិតជាចង់ដឹងនូវការពិតពីគាត់ ។ អ្នកមិនត្រូវបញ្ចេញកំហឹង ឬ ភាពមន្ទិលសង្ស័យចំពោះគាត់នោះទេ។
៥. យំ ជាវិធីដ៏ចាស់មួយ តែអាចយកជាការបាន
នៅចុងបញ្ចប់ប្រសិនបើ រាល់វិធីអ្វីផ្សេងទៀតមិនបានសម្រេច នោះអ្នកអាចប្រើនូវអាវុធមួយ ដែល គួរអោយទុកចិត្តបានបំផុតនោះគឺ យំ ។ តែទោះជាយ៉ាងណា អ្នកមិនត្រូវទ្រហ៊ោយំ ខ្លាំងពេកនោះទេ។ អ្នកគ្រាន់តែ បង្កើតទឹកភ្នែករលីងរលោង ដោយព្យាយាមដាក់មនោសញ្ចេតនាអោយបានជ្រាលជ្រៅ និងនិយាយថា ហេតុអ្វីបងធ្វើអោយខ្ញុំឈឺចាប់បែបនេះ ?ខ្ញុំតែងតែគិតថា បងស្រលាញ់ខ្ញុំ! វិធីនេះ គឺពិតជា មានប្រសិទ្ធភាព តែអ្នកមិនត្រូវប្រើវាញឹកញាប់ពេកនោះទេ ៕