សព្វថ្ងៃ​នេះ​ជំងឺ​ទឹកនោមប្រៃ​ពុំ​សូវ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​នៅឡើយ​ទេ ព្រោះ​ជា​ពួកគេ​ច្រើន​តែ​និយាយ​អំពី​ជំងឺ​ទឹកនោម​ផ្អែម​។ ប៉ុន្តែ​វា​ក៏​ជា​ជំងឺ​មួយ​ផ្តល់​នូវ​គ្រោះថ្នាក់​ដ៏​ខ្លាំងក្លា​ដល់​សុខភាព និង​បំផ្លាញ់​សិរីរាង្គ​ជា​ច្រើន​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំងឺ​នេះ​អាច​កើត​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង​។​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ថា​ទឹកនោម​ធម្មតា​គឺ​ប្រៃ ប៉ុន្តែ​ពាក្យ​ថា​ជំងឺ​ទឹកនោមប្រៃ​នេះ​គឺ​ចង់​សម្តៅ​ទៅលើ​ជាតិ​ប្រៃ​ដោយ​សារជាតិ​ប្រូតេអ៊ីន​ក្នុង​ឈាម​ចេញ​ទៅ​តាម​ទឹកនោម​ច្រើន រហូត​ដល់​ច្រើនជាង ៣,៥​ក្រាម​ក្នុង​មួយថ្ងៃ​។ ហើយ​ជំងឺ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​ពេល​អ្នកជំងឺ​មកជួប​គ្រូពេទ្យ​ដោយមាន អា​ការៈហើម និង​មាន​បញ្ហា​ទៅលើ​តម្រងនោម​។​

​រោគសញ្ញា​
·         ហើម ជាពិសេស​នៅ​ជុំវិញ​ភ្នែក កែងជើង និង​ប្រអប់ជើង​
·         ទឹកនោម​មាន​ពពុះ​ច្រើន នេះ​ដោយសារ​តែ​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម​ច្រើនពេក​
·         ឡើង​ទម្ងន់​ដោយសារ​តែ​ហើម​។

​មូលហេតុ​
​ជំងឺ​ទឹកនោមប្រៃ​ច្រើន​តែ​បណ្តាលមកពី​ការខូចខាត​នូវ​ចង្កោម​សរសៃឈាម​តូច​ក្នុង​តម្រងនោម​ទាំងពីរ​របស់​អ្នក (Glomeruli)​។​
​ចង្កោម​សរសៃឈាម Glomeruli ប្រៀប​ដូចជា​កញ្ច្រែង​ច្រោះ​ឈាម​របស់​អ្នក​ក្នុង​តម្រងនោម  ហើយ​វា​ក៏​ជា​សិរី​រាង្គ​សម្រាប់​បែងចែក​ថា​សារធាតុ​ណា​ត្រូវ​នៅក្នុង​ខ្លួន និង​មិន​ត្រូវ​នៅក្នុង​ខ្លួន​។ ចង្កោម​សរសៃឈាម Glomeruli ដែល​មាន​សុខភាព​ល្អ​គឺ​មិន​អាច​អោយ​ប្រូតេអ៊ីន​ចេញពី​ក្នុង​ឈាម​ទៅតាម​ទឹកនោម​បានទេ​។ នៅពេល​ចង្កោម​សរសៃឈាម Glomeruli ខូចខាត វា​នឹង​ធ្វើអោយ​ប្រូតេអ៊ីន​ក្នុង​ឈាម​លេច​ចូលទៅ​ក្នុង​ទឹកនោម​បាន និង​បង្កើត​ជា​ជំងឺ​ទឹកនោមប្រៃ​។​

​មូលហេតុ​ដែល​អាច​កើតមាន​
​មាន​ជំងឺ​ជាច្រើន​អាច​បណ្តាលអោយ​ខូច​សរសៃឈាម Glomerular ក្នុង​តម្រង​នោម និង​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមប្រៃ​បាន​មានដូចជា​៖

·         ជំងឺ​ប្រែប្រួល​តិចតួច​៖ នេះ​គឺជា​ស្ថានភាព​ដែល​បណ្តាល​អោយ​កុមារ​មាន​ជំងឺ​ទឹកនោមប្រៃ​ញឹកញាប់​ជាង​គេ​បំផុត ហើយ​វា​ច្រើន​បណ្តាល​មក​ពី​មុខងារ​តម្រងនោម​មិនធម្មតា ប៉ុន្តែ​បើ​យើង​ពី​និត្យ​ទៅលើ​ជាលិកា​តម្រងនោម​តាម​មីក្រូ​ទស្សន៍​ទៅ ឃើញថា​មាន​សភាព​ធម្មតា​ទេ​។ ចំណែកឯ​មុខងារ​មិន​ធម្មតា​របស់​វា​ដល់ពេល​នេះហើយ​មិនទាន់​មាន​នរណា​រកឃើញ​នៅឡើយ​ទេ​។​
·         ជំងឺ Focal Segmental Glomerulosclerosis៖ នេះ​គឺជា​ការ​កើត​ជា​សន្លាក់​នៅ​លើ​សរសៃឈាម Glomeruli ដែល​វា​បណ្តាល​មក​ជំងឺ​ផ្សេង​មួយទៀត ខូច​ហ្សែ​ន ឬ​រក​មូលហេតុ​មិន​ឃើញ​។​
·         ជំងឺ Membranous Nephropathy៖ លក្ខណៈ​ជំងឺ​តម្រងនោម​ប្រភេទ​នេះ​កើតឡើង​ដោយសារតែ​ភ្នាស​របស់​សរសៃឈាម Glomeruli ទៅ​ជា​ក្រាស់​ពេក​។ ចំពោះ​មូលហេតុ​របស់​វា​គេ​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ ប៉ុន្តែ​ពេលខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​ដែរ​ដូចជា ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជំងឺគ្រុនចាញ់ ជំងឺ​ស្បែក Lupus និង​ជំងឺមហារីក​។​
·         ជំងឺ​ទឹកនោម​ផ្អែម​តម្រង​នោម (Diabetic Kidney Disease)៖ ជំងឺ​ទឹកនោម​ផ្អែម​ក៏​អាច​ធ្វើអោយ​ខូច​តម្រងនោម​បានដែរ (Diabetic Nephropathy) ដែល​វា​ប៉ះពាល់​ទៅលើ​សរសៃឈាម Glomeruli​។​
·         ជំងឺ​ស្បែក Systemic Lupus Erythematosus៖ នេះ​គឺជា​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ដែល​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​ខូច​តម្រងនោម​ដ៏​ធ្ងន់ធ្ងរ​។​
·         ជំងឺ Amyloidosis៖ ជំងឺ​ប្រភេទ​នេះ​កើតឡើង​នៅពេល​សារធាតុ​ប្រូតេអ៊ីន Amyloid កកកុញ​គ្នាច្រើន​នៅក្នុង​សិរី​រាង្គ​ក្នុងខ្លួន​។ ការកើនឡើង​នៃ​សារធាតុ Amyloid ច្រើន​តែ​ប៉ះពាល់​ទៅលើ​តម្រងនោម និង​ខូច​នូវ​ប្រព័ន្ធ​ច្រោះ​ទឹកនោម​របស់​វា​។​
·         ឈាមកក​ក្នុង​សរសៃឈាម​វ៉ែន​តម្រងនោម​៖ កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​ត​ទៅ​តម្រង អាច​នឹង​បង្ក​អោយមាន​ជំងឺ​ទឹកនោមប្រៃ​បាន​។​
·         ខ្សោយបេះដូង​៖ ទម្រ​ង​នៃ​ជំងឺ​ខ្សោយតម្រងនោម​មួយចំនួន​ដូចជា រលាក​ស្រោម​បេះដូង​ប្រភេទ Constrictive Pericarditis និង​ជំងឺខ្សោយបេះដូង​ខាងស្តាំ​ធ្ងន់ធ្ងរ អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​ទឹកនោមប្រៃ​បាន​។​

​កត្តា​ប្រឈមមុខ​
​កត្តា​ដែល​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ខ្លាំង​មានដូចជា​៖
·         ជំងឺ​ដែល​អាច​អោយ​ខូច​តម្រងនោម​បាន​៖ ជំងឺ​ដែល​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមប្រៃ​បាន​មានដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ស្បែក Lupus ជំងឺ​Amyloidosis ជំងឺ​ប្រែប្រួល​តិចតួច និង​ជំងឺ​តម្រងនោម​ផ្សេងៗ​ទៀត​។​
·         ការប្រើប្រាស់​ថ្នាំ​៖ ថ្នាំ​ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​ទឹកនោមប្រៃ​បាន​មាន ថ្នាំ Nonsteroidal Anti-inflammatory Drugs និង​ថ្នាំ​សម្លាប់​មេរោគ​។​
·         ជំងឺឆ្លង​មួយចំនួន​ដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C និង​ជំងឺគ្រុនចាញ់​។​

​ផលវិបាក​
·         កំណក​ឈាម​៖ សរសៃឈាម Glomeruli ដែល​អសមត្ថភាព​ក្នុងការ​ច្រោះ​ទឹកនោម​អាច​នឹង​ធ្វើអោយ​បាត់បង់​ប្រូតេអ៊ីន​ពី​ក្នុង​ឈាម​។ ប្រូតេអ៊ីន​ក្នុង​ឈាម​មាន​តួរ​នាទី​ជួយ​ការពារ​កុំអោយ​ឈាមកក​ក្នុង​សរសៃឈាម ដូច្នេះ​កាលណា​បាត់បង់​ប្រូតេអ៊ីន​កាន់តែច្រើន ការ​ប្រឈម​នឹង​កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​ក៏​កាន់តែ​ខ្លាំង​ដែរ​។​
·         ជាតិ​ខ្លាញ់ កូ​ឡេ​ស្ទើ​រ៉ូល និង Triglycerides កើនឡើង​៖ នៅពេល​កម្រិត​ប្រូតេអ៊ីន​ក្នុង​ឈាម​ត្រូវ​បាន​ថយចុះ ថ្លើម​ត្រូវ​ការបង្កើន​ប្រូតេអ៊ីន​ឡើងវិញ​អោយបាន​ច្រើន​។ ស្របពេល​ជាមួយ​គ្នា​នោះ ថ្លើម​ក៏​បាន​បញ្ចេញ​ជាតិ​ខ្លាញ់ កូ​ឡេ​ស្តេរ៉ូល និង Triglycerides មក​ជាមួយ​ដែរ​។​
·         កង្វះ​អាហារ​រូបត្ថ​ម្ភ​៖ ការបាត់បង់​ប្រូតេអ៊ីន​ច្រើនពេក​អាច​បណ្តាលអោយ​អ្នកជំងឺ​មាន​ស្ថានភាព​កង្វះ​អាហារ​រូបត្ថ​ម្ភបា​ន​។ ពេលនោះ វា​នឹង​ធ្វើអោយ​ស្រក​ទម្ងន់ ប៉ុន្តែ​មាន​សភាព​ហើម​ទៅវិញ​។​
·         សម្ពាធ​ឈាម​ឡើង​ខ្ពស់​៖ ការខូចខាត​សរសៃឈាម Glomeruli និង​ការ​សំណល់​ក្នុង​ឈាម​កើនឡើង​អាច​ធ្វើអោយ​សម្ពាធ​ឈាម​កើន​ឡើង​ដែរ​។​
·         ខ្សោយតម្រងនោម​ស្រួចស្រាវ​៖ ជំងឺ​ទឹកនោមប្រៃ​ប្រហែល​ជា​បណ្តាលអោយ​តម្រងនោម​របស់​អ្នក​ខូច​មុខងារ​បន្តិច​ម្តងៗ​។ ប្រសិនបើ​មុខងារ​តម្រងនោម​បាត់បង់​ច្រើនណាស់​ហើយ អ្នក​ប្រហែលជា​ត្រូវ​ព្យាបាល​ដោយ​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម​ថ្មី​។​
·         ឆ្លង​ជំងឺ​៖ អ្នកជំងឺ​ទឹកនោមប្រៃ​ច្រើន​តែ​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​ផ្សេងៗ​។​

​តេស្ត និង​រោគវិនិច្ឆ័យ​
​តេស្ត​ដើម្បី​យកមក​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទឹកនោមប្រៃ​មានដូចជា​៖
·         តេស្ត​ទឹកនោម​៖ ការពិនិត្យ​ទឹកនោម​អាច​រកឃើញ​នូវ​ភាព​មិន​ធម្មតា​ក្នុង​ទឹក​នកោ​ម​ដូចជា មាន​ចំនួន​ដ៏​ច្រើន​របស់​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ប្រៃ​។ អ្នក​ប្រហែល​ជា​តម្រូវអោយ​ពិនិត្យ​ទឹកនោម​រយៈពេល ២៤​ម៉ោង​ដើម្បី​កំណត់​អំពី​ចំនួន​របស់​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​។​
·         តេស្ត​ឈាម​៖ ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោមប្រៃ ការ​ធ្វើតេស្ត​ឈាម​ប្រហែល​អាច​បង្ហាញ​អំពី​កម្រិត​ដ៏​ទាប​នៃ​ប្រភេទ​ប្រូតេអ៊ីន Albumin (Hypoalbuminemia)​។ ការបាត់បង់​ជាតិ​ប្រូតេអ៊ីន​ច្រើនតែ​ធ្វើ​អោយ​ជាតិ​ខ្លាញ់កូ​ឡេ​ស្ទើ​រ៉ូល​និង Triglyceride ក្នុង​ឈាម​កើនឡើង​។ ចំនួន Creatinine និង ជាតិ​អ៊ុយ​រេ​ក្នុង​ឈាម​ក៏​ប្រហែលជា​ត្រូវ​ពិនិត្យ​មើល​ដែរ​ដើម្បី​អាច​វាយតម្លៃ​អំពី​មុខងារ​តម្រងនោម​អ្នក​បាន​។​
·         ច្រិប​សាច់​តម្រងនោម​មកពិ​និ​ត្យ​។

​ការព្យាបាល​
​ការព្យាបាល​ជំងឺ​ទឹកនោមប្រៃ​គឺ​ផ្តោត​សំខាន់​ទៅលើ​មូលហេតុ​របស់​វា​។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​ណែនាំ​អោយ​ប្រើ​ថ្នាំ​ដែល​អាច​គ្រប់គ្រង​រោគសញ្ញា ឬ​ព្យាបាល​ផលវិបាក​របស់​ជំងឺ​ទឹកនោម​ប្រៃ​។ ការប្រើប្រាស់​ថ្នាំ​មានដូចជា​៖
·         ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​៖ ថ្នាំ Angiotensin-converting Enzyme Inhibitors អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ចំនួន​ប្រូតេអ៊ីន​ដែល​បញ្ចេញ​ទៅតាម​ទឹកនោម​បាន​។ ថ្នាំ​ប្រភេទ​នេះ​មាន​ដូចជា Benazepril (Lotensin), Captopril (Capoten), និង Enalapril (Vasotec)​។ ហើយ​ថ្នាំ​មួយ​ប្រភេទ​ទៀត​ដែល​មាន​ឥទ្ធិពល​ដូចគ្នា​ដែរ​នោះ​គឺ Angiotensin II Receptor Blockers ដែល​មាន​ថ្នាំ​ដូចជា Losartan (Cozaar) និង Valsartan (Diovan)​។​
·         ថ្នាំ​បញ្ចុះ​ទឹកនោម​៖ ថ្នាំ​បញ្ចុះ​ទឹកនោម​អាចជួយ​គ្រប់គ្រង​ស្ថានភាព​នៃ​ការ​ហើម​បាន​។ ថ្នាំ​នេះ​មានដូចជា Furosemide (Lasix) ឬ Spironolactone (Aldactone)​។​
·         ថ្នាំ​បន្ថយ​ជាតិ​ខ្លាញ់កូ​ឡេ​ស្តេ​រ៉ុល​៖ ការបញ្ចុះ​ជាតិ​ខ្លាញ់កូ​ឡេ​ស្ទើ​រ៉ុល​អាច​ប្រើ​ជាមួយនឹង​ថ្នាំ Statin ហើយ​ថ្នាំ​នេះ​មាន​ដូចជា Atorvastatin (Lipitor), Fluvastatin (Lescol), Lovastatin (Altoprev, Mevacor), Pravastatin (Pravachol), Rosuvastatin (Crestor) និង Simvastatin (Zocor)​។​
·         ថ្នាំ​រំលាយ​កំណក​ឈាម​៖ ថ្នាំ​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​កកឈាម​ក្នុង​សរសៃឈាម​គឺ Heparin ឬ Warfarin (Coumadin)​។​
·         ថ្នាំ​ទប់​សកម្មភាព​របស់​ប្រព័ន្ធ​ភាពស៊ាំ​៖ ថ្នាំ​សម្រាប់​ទប់​សកម្មភាពរ​បស់​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា Corticosteroids ប្រហែលជា​អាច​កាត់បន្ថយ​ការ​រលាក​ដែល​ទាក់ទង​នឹង​ជំងឺ​តម្រងនោម​ដូច​ជា​ជំងឺ Membranous Nephropathy បាន​។​

​របៀប​រស់នៅ និង​ការព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​
​ការផ្លាស់ប្តូរ​របប​អាហារ​ប្រហែលជា​អាច​ជួយ​អ្នក​ក្នុង​ការបង្ការ​ជំងឺ​ទឹកនោមប្រៃ​បាន ហើយ​របប​អាហារ​ទាំងនោះ​មានដូចជា​៖
·         ជ្រើសរើស​អាហារ​ប្រភេទ​សណ្តែក​ព្រោះ​សម្បូរ​ប្រូតេអ៊ីន​
·         កាត់បន្ថយ​ការ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេរ៉ុល
·         កាត់បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ​ដើម្បី​អាច​បន្ថយ​ការ​ហើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង