ដោយយោង​តាម មូលលិធិ​សិក្សា​ស្រាវជ្រាវ​ស្តីពី​ជំងឺមហារីក នៅលើ​ពិភពលោក និង វិទ្យ​សា្ថន​ស្រាវជ្រាវ ពី​ជំងឺ​មហារីក របស់​ប្រជាជន​អាមេរិក បាន​និយាយថា អាហារ​អាចមាន​ឥទ្ធិពល ក្នុង​ការប្រយុទ្ធប្រឆាំង បាន​ទៅ​នឹង ជំងឺមហារីក​ផ្សេងៗ​គ្នា​ជា​ច្រើន រួមមាន​ដូចជា​៖ ជំងឺមហារីក​បំពង់​អាហារ​, ក្រពះ​, ទ្វារ​លាមក , ពោះវៀន​ធំ​, ថ្លើម​, លំពែង​, អូ​វែ និង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ជាដើម​។

អ្នកជំនាញ​បាន​និយាយ​ទៀត ផងដែរ​ថា ជន​ដែល​ទទួល​រងគ្រោះ​ពី​ជំងឺ​មហារីក គួរតែ​ផ្តោត​ជា​ចំបង​ទៅលើ អាហារ​ដែល​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព ដែល​សម្បូរ​ទៅដោយ ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង កាឡូរី​ខ្ពស់ ដែល​ពួក​វា អាច​ជួយ​ផ្តល់ ថាមពល​អោយ​អ្នក​បាន ។

ក្នុងអំឡុងពេល​នៃ​ការព្យាបាល​ជំងឺ​មហារីក ដែល​រួម​មាន​នូវ ទម្រង់ការ​ផ្សេងៗ គ្នា​មាន​ដូចជា​៖​ការព្យាបាល ដោយ​ប្រើ​កាំរស្មី​, ការព្យាបាល​ដោយ​ប្រើ​ជាតិគីមី និង ការវះកាត់ វា​ក៏​ជាការ ចាំបាច់​ផងដែរ សម្រាប់​អ្នក​ជំងឺមហារីក ក្នុង​ការរក្សា​អោយបាន​នូវ ថាមពល និង ប្រព័ន្ធ​ភាព​សាំ​ដែលមាន សុខភាព​ល្អ ដើម្បី​ធ្វើ​ការប្រយុទ្ធប្រឆាំង​បាន ទៅ​នឹង​ជំងឺ​នេះ ។ ឱកាស​នៃ​ភាពជោគជ័យ អាច​នឹង​កើនឡើង ប្រសិនបើ​ប្រភេទ​នៃ​ពពួក​អាហារ ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក ខាងក្រោម​នេះ ត្រូវបាន​រួម​បញ្ចូល ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ៖

១. ពពួក​អាហារ​ដែល​មាន​ជាតិ​ស​សៃ​

​អាហារ​ជាតិ​ស​សៃ អាចជួយ ក្នុង​ការសម្អាត​នូវ​ពពួក​ជំងឺ​មួយចំនួន ដែល​បណ្តាលអោយមាន កាក​សំណល់ និង យក​ចេញ​នូវ​ជាតិពុល​ផ្សេងៗ ពី​ក្នុង ក្រពះ​ពោះវៀន​។ វា​ក៏​បាន​ជួយ​ជម្រុញ​ផងដែរ ដល់​ការ​សម្រក ទម្ងន់ ដោយ​វា​ជួយ​ធ្វើអោយ អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត បានយូរ​។ ការ​ធាត់​ជ្រុល ឬ កើន​ទម្ងន់​ខ្លាំង គឺ​នឹង អាចដាក់​សម្ពាធ​អោយ អ្នក​ប្រឈម​នឹង​ជំងឺ​មហារីក​បាន ក្នុង​កម្រិត​ខ្ពស់ ។​

២. ផ្លែ​បឺរ​

​ផ្លែឈើ​ប្រភេទ​នេះ គឺ​សម្បូរ​ទៅ​ដោយ​សារជាតិ glutathione ដែលជា សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម អុកស៊ីត​ដ៏​មាន​ឥទ្ធិពល ដែល​វា​អាច​ប្រឆាំង​បាន​នឹង រ៉ាឌីកាល់​សេរី នៅក្នុង​រាងកាយ តាមរយៈ​ការ ទប់ស្កាត់​នូវ ការ​បឺត​ស្រូប​របស់​ពោះវៀន​នូវ​សារជាតិ​ខ្លាញ់​ជាក់លាក់​ណាមួយ ។ ហើយ​ពួក​វា ក៏​អាច​ផ្គ​ត់ ផ្គ​ង់ ផងដែរ​នូវ សារជាតិ​ប៉ូ​តា​ស្យូម ( ច្រើន​ជាង​ផ្លែ​ចេក​) ព្រមទាំង​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ពពួក​សារជាតិ beta- carotene ។​

៣.​បន្លែ​ស្រស់ៗ​

​ពពួក​បន្លែ​ដូចជា ផ្កា​ខាត់ណា​ខៀវ​, ផ្កា​ខាត់​ណាស​, សណ្តែក​បណ្តុះ គឺ​មាន​ផ្ទុក​នូវ សមាសធាតុ​ប្រឆាំង នឹង​ប្រតិកម្ម​អុកស៊ីត​ទប់ស្កាត់​ជំងឺមហារីក ។ តាម​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ផ្កា​ខាត់ណា​ខៀវ​, ស្ពៃ​ក្តោប និង ផ្កា​ខាត់​ណាស មាន​សមាសធាតុ​គីមី​ម្យ៉ាង ដែល​ត្រូវបាន​គេ​ហៅថា indole-3- carbinol ដែល អាច​ប្រឆាំង​បាន​ទៅ​នឹង ជំងឺមហារីក​សុដន់ ដោយ​ការបំលែង អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន ដែល​ជម្រុញ​អោយមាន ជំងឺមហារីក អោយទៅជា​អ្នកការពារ​ផ្សេងៗ បាន​កាន់តែ​ច្រើន ។​

​ផ្កា​ខាត់ណា​ខៀវ និង ជាពិសេស​សណ្តែកបណ្តុះ មាន​សារជាតិ​គីមី​ពពួក​រុក្ខជាតិ ដែល​ត្រូវបាន​គេ​ហៅថា sulforaphane ជា​ផលិតផល​របស់ glucoraphanin ដែល​គេ​ជឿថា វា​ជា​ជំនួយ​ក្នុង​ការ ការពារ​បាន​នូវ ប្រភេទ​នៃ ជំងឺមហារីក​មួយចំនួន  មានដូចជា ជំងឺមហារីក​ពោះវៀន និង ទ្វារ​លាមក​។ នា​ពេល​ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ បាន​ប៉ាន់ប្រមាណ​ថា ប្រហែលជា ៣០ ទៅ ៤០​ភាគរយ នៃ​ជំងឺមហារីក​ទាំងអស់ អាច​ចៀសផុត​បាន ប្រសិនបើ​មនុស្ស​យើង អាច​ធ្វើការ​ទទួលទាន បន្លែ​, ផ្លែឈើ និង ដំណាំ​អាហារ​ដែល បាន​ដាំ​ដោយ​ខ្លួនឯង ខណៈពេលដែល ពួលគេ​អាច​កាត់បន្ថយ​បាន​នូវ​ការ​ទទួលទាន​ជាតិ​ខ្លាញ់ និង កាឡូរី​ខ្ពស់​។​

៤.​ការ៉ុត​

​ការសិក្សា​ស្រាវជ្រាវ បាន​រកឃើញថា សារជាតិ falcarinol ដែល​បាន​រកឃើញ​នៅក្នុង​ការ៉ុត គឺ​អាច​កាត់ បន្ថយ​បាន​នូវ ជំងឺមហារីក​។ លើសពីនេះទៅទៀត សារជាតិ beta carotene ដែល​មាន​វត្តមាន នៅក្នុង​នោះ ក៏​ជួយ​ក្នុង​ការកាត់បន្ថយ​ផងដែរ នូវ​ការ​ប្រឈម​នឹង ជំងឺមហារីក​ប្រភេទ​ផ្សេងៗ​ជាច្រើន​ទៀត មានដូចជា​៖ ជំងឺមហារីក​សួត​, មាត់​,​បំពង់ក​,​ក្រពះ​, ពោះវៀន​,​ប្លោកនោម​, ក្រពេញប្រូ​ស្តាត និង ជំងឺមហារីក​សុដន់ ។ យោងតាម​ការសិក្សា​អង្កេត​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​នៅ​វិទ្យាស្ថាន នៃ​វិទ្យាសាស្ត្រ​កសិកម្ម​របស់ ប្រទេស Danish បានបង្ហាញ​ថា​កោសិកា​មហារីក​ដែល​នៅ​ដាច់​ដោយឡែក គឺ​អាច​មាន​ការរីកលូតលាស់ យ៉ាង​យឺត នៅពេល​ដែល​វា​បាន​ជួបនឹង សារជាតិ falcarinol ។​

៥. ម្ទេស​ប្លោក

​ពពួក​បន្លែ​ទាំងនេះ មាន​ផ្ទុក​សារ​ជាតិគីមី ដែល​ត្រូវបាន​គេ​ហៅថា capsaicin ដែល​អាច បន្សាប​នូវ​ស​មាស ធាតុ​បង្ក​ជំងឺមហារីក​ជាក់លាក់​ណា​មួយ និង អាច​ជួយ​បង្ការ​បាន​ផងដែរ​នូវ ជំងឺ​មហារីកក្រពះ ។​

៦. ពពួក​បន្លែ Allium

​ការសិក្សា​មួយ ដែល​បាន​ចុះផ្សាយ​នៅក្នុង ទស្សនា​វ​ដ្តី​សុខភាព​របស់ វិទ្យាស្ថាន​ជាតិ​សិក្សា​ពី​ជំងឺមហារីក នៅក្នុង​ឆ្នាំ ២០០២ បាន​និយាយថា ការ​ទទួលទាន​នូវ ពពួក​បន្លែ Allium ដែល​មាន​ដូចជា​៖ ខ្ទឹម​ស​, ខ្ទឹម​បារាំង​, ខ្ទឹម​ក្រហម និង ស្លឹក​ខ្ទឹម គឺ​អាច​បន្ថយ​អត្រា​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត បាន​ជា​ចំបង​។ គឺ​ដោយសារតែ​ពពួក​បន្លែ​ទាំងនេះ មាន​ផ្ទុក សមាសធាតុ allium (dialyl sultides) ដែល​ជួយ​ធ្វើអោយ ប្រព័ន្ធ​ភាព​សាំ​ល្អប្រសើរ និង ជម្រុញ​ដល់​ការ​សកម្មភាព​របស់ កោសិកា​ប្រព័ន្ធ ភាព​សាំ ដែល​ប្រឆាំង​នឹង ជំងឺមហារីក​បាន ។​

​ពពួក​សមាសធាតុ​ទាំងនេះ ជួយ​ក្នុង​ការទប់ស្កាត់​នូវ carcinogens ពី​ការ​ចូល​ទៅក្នុង កោសិកា ក្រៅ​ពី​មុខងារ​មួយទៀត ក្នុងការ​បន្ថយ​នូវ​ការរីកលូតលាស់​របស់ ដុំ​សាច់​។ ការសិក្សា​ស្រាវជ្រាវ​មួយទៀត នៅក្នុង​ប្រទេស​ចិន​បាន បង្ហាញ​ប្រសិទ្ធិភាព​បង្ការ​របស់​វា នៃ ពពួក​បន្លែ allium ដែល​ជួយ​ជម្រុញ​ប្រព័ន្ធ ភាព​សាំ​អោយ​ប្រឆាំងនឹង ជំងឺ​មហារីកក្រពះ និង ជំងឺមហារីក​បំពង់​អាហារ​។ ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​ធ្វើឡើង​ចំពោះ​ស្ត្រី​ចំនួន ៤១.០០០​នាក់ នៅក្នុង Iowa បាន​រកឃើញថា ការ​ញាំ​ខ្ទឹម​ស យ៉ាងហោចណាស់ ម្តង​ក្នុង​មួយ​សប្តាហ៍ គឺ​អាច​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន បាន​ដល់​ទៅ ៣៥​ភាគរយ ។​

៧. ផ្លែ​ប៉េងប៉ោះ​

​ផ្លែ​ប៉េង​ប៉​គឺមាន​ផ្ទុក​សារជាតិ Lycopene ដែល​ជា​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត និង ជា​អ្នក​ប្រឆាំង​នឹង ជំងឺមហារីក​បាន​យ៉ាង​ល្អ ។ ការសិក្សា​ស្រាវជ្រាវ ក្នុង​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា ការបង្កើន​នូវ​ការ​ទទួលទាន​សារជាតិ Lycopene គឺ​អាច​ជួយ​កាត់បន្ថយ នូវ​ការ​ប្រឈម​នឹង​ជំងឺ មហារីក​សុដន់​, ក្រពេញប្រូ​ស្តាត​, លំពែង និង ជំងឺមហារីក​ទ្វារ​លាមក ។
​ការសិក្សា​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀត នៅ​សកល​វិទ្យាល័យ Harvard បាន​រកឃើញថា បុរស​ដែល​បាន​បន្ថែម បន្លែ​ប៉េងប៉ោះ ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំថ្ងៃ​របស់​ពួកគេ អោយបាន ២​ដង ក្នុង​មួយ​សប្តាហ៍ គឺ​អាច​កាត់បន្ថយ​បាន នូវ​ការ​ប្រឈម​នឹង ការវិវត្តន៍​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត បាន​ដល់ ១​ភាគ​៣ បើ​ធ្វើ​ការប្រៀបធៀប​នឹង បុរស​ផ្សេងទៀត ដែល​មិន​បាន​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​នេះ ។​

៨. ផលិតផល​នៃ​ពពួក​សណ្តែកសៀង​

​ប្រភេទ​អាហារ​ទាំងនេះ គឺ​សម្បូរ​ទៅដោយ សារជាតិ​បំប៉ន ជាពិសេស គឺ​ប្រភេទ​ជាច្រើន​នៃ phytoestrogens និង non-steroidal estrogens ដែល​អាច​ជួយ​ការពារ បាន​ទាំង​ជំងឺមហារីក​សុដន់ និង ជំងឺមហារីក​ក្រពេញ ប្រូ​ស្តាត ដោយ​ការទប់ស្កាត់ និង ដាក់​សម្ពាធ​ទៅលើ បម្រែបម្រួល​របស់​មហា​រីក​។ ការសិក្សា​ស្រាវជ្រាវ មួយ​បាន​បង្ហាញថា ការ​ទទួលទាន​នូវ ប្រូតេអ៊ីន ដែល​មាន​នៅក្នុង​សណ្តែកសៀង អ្នក​ជំងឺមហារីក អាច​នឹង​ប្រឈម​នឹង អត្រា​ស្លាប់ រួមជាមួយ​នឹង​អត្រា​នៃ​ការ​កើត​មាន​ឡើង​វិញ ក្នុង​កម្រិត​ទាប​។​

៩. រ​មៀត​

​រមៀត​មាន​ផ្ទុក សារជាតិ curcumin ដែល​ជា​គ្រឿងផ្សំ​ដ៏​សំខាន់ នៅក្នុង​ម្ហូបអាហារ​របស់​ជនជាតិ​ឥណ្ឌា ។ ហើយ​សារជាតិ​នេះ គឺ​មាន​ឥទ្ធិពល​ជាពិសេស  ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំ​ង​មហារីក​បាន ។ ការសិក្សា ស្រាវជ្រាវ​ជាច្រើន បានបង្ហាញ​ថា វា​អាច​ដាក់​សម្ពាធ​ទៅដល់ ការ​បំបែក​ខ្លួន និង ការឈ្លានពាន​របស់ កោសិកា​មហារីក​។​

១០. ផ្លែ​ទំពាំងបាយជូរ​

​ទំពាំងបាយជូ​រ មាន​ផ្ទុក​សារជាតិ bioflavonoids ដែល​ជា​សមាសធាតុ ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ដែលមាន តួនាទី​ជា អ្នក​បង្ការ​ជំងឺមហារីក​។ ផ្លែ​ទំពាំងបាយជូរ ក៏​សម្បូរ​ផងដែរ នូវ​ប្រភព​នៃ resveratrol, ជា​ហ្វេ​ណុល​ធម្មជាតិ ដែល​អាច​ជួយ​ទប់ស្កាត់ នូវ​អង់ស៊ីម ដែល​ភ្ញោ​ច​ទៅដល់ ការលូតលាស់​របស់ កោសិកា​មហារីក ។​

១១. ផ្លែ​បឺរី​ក្រហម និង បឺរី​ខ្មៅ​

​ពពួក​ផ្លែឈើ​ទាំងនេះ គឺ​សម្បូរ​ទៅដោយ អាស៊ី​ត ellagic ដែលជា សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ដ៏​មាន​ឥទ្ធិពល និង ជួយ​ក្នុង​ការ បង្ការ​នូវ​ការរីកលូតលាស់​របស់ កោសិកា​មហារីក ។ ការសិក្សា​មួយ ដែល​បាន​ធ្វើឡើង នៅ​សកល​វិទ្យាល័យ​ក្នុង រដ្ឋ Ohio បានបង្ហាញ​ថា ពពួកសត្វ​ដែល​បាន ស៊ី​អាហារ​ដែល​មាន ពពួក​ផ្លែ បឺរី​ខ្មៅ គឺ​មាន​ឱកាស បន្ថយ​បាន​នូវ​ដុំ​សាច់ ក្នុង​បំពង់​អាហារ​បាន​ដល់ ៦០​ភាគរយ និង បាន​ដល់ ៨០​ភាគរយ ចំពោះ​ដុំ​សាច់​នៅក្នុង​ពោះវៀន​ធំ​។​


១២. តែ​បៃតង និង តែ​ខ្មៅ​

​ប្រភេទ​តែ​ទាំងនេះ គឺ​សម្បូរ​ទៅដោយ សារជាតិ polyphenols ( catechins) ដែល​ត្រូវបានគេទទួលស្គាល់​ថា វា​អាច ជួយ​បង្ការ​បាន​នូវ កោសិកា​មហារីក ពី​ការ​បំបែក​ខ្លួន​។ ការអង្កេត​ស្រាវជ្រាវ បានបង្ហាញ​ថា សារជាតិ polyphenols ទាំងនេះ ដែល​មាន​នៅក្នុង តែ​បែ​តង​, ស្រា​ក្រហម និង ប្រេង​អូ​លីវ អាច​ការពារ ប្រឆាំង​បាន​នឹង ប្រភេទ​ផ្សេងៗ​នៃ​ជំងឺមហារីក​។​

​ការ​បរិភោគ​អាហារ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព និង ការបន្ថែម​នូវ ប្រភេទ​អាហារ​ជួយ​ប្រឆាំងនឹង ជំងឺមហារីក​ទាំងនេះ គឺ​អាច​នឹង​ជួយ​ដល់​បុគ្គល​ម្នាក់ៗ ក្នុង​ដំណើរការ​នៃ​ការ​ជាសះស្បើយ​របស់​ពួកគេ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ យើង​ក៏​គប្បី​ត្រូវតែ ប្រកាន់​ភ្ជាប់​នូវ​ទម្លាប់​រស់នៅ ដែល​ល្អ​ចំពោះ​សុខភាព​ផងដែរ ដែល​វា​តម្រូវ​អោយ យើង​ចាក​ឆ្ងាយ​ពី​ការជក់បារី និង ផឹកស្រា​។ កត្តា​ទាំង​ពីរ​នេះ គឺជា​អ្នកបង្កើន​ឱកាស ដ៏​ប្រសើរ ក្នុងការ​ធ្វើ​អោយ​អ្នក​ប្រឈម​នឹង​ជំងឺមហារីក​បាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង