ជំងឺផ្តាសាយ ដែលជាការបង្ករោគដោយវីរុសអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុតិចតួច ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការប្រើថ្នាំព្យាបាលដោយខ្លួនឯងវិញអាចជារឿងមួយមានគ្រោះថ្នាក់បានបើសិនជាអ្នកកើតជំងឺផ្តាសាយមែន។ យ៉ាងណាមិញ អ្នកគួរតែសម្គាល់ឲ្យបានដឹងអំពីរោគសញ្ញារបស់ជំងឺផ្តាសាយ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទាន់ពេលបំផុត។ ខាងក្រោមនេះគឺជារោគសញ្ញាដែលតែងតែកើតមាននៅពេលមានជំងឺផ្តាសាយ។

ក្តៅខ្លួន
សញ្ញារបស់ជំងឺផ្តាសាយដែលកើតមានញឹកញាប់បំផុតនោះគឺការក្តៅខ្លួនតិចតួច។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យទោះបីជាកម្តៅឡើងត្រឹម ៣៨អង្សាក៏ដោយ។
ឈឺបំពង់ក
ការដែលមានអារម្មណ៍រមាស់ៗនៅក្នុងបំពង់ក រួមជាមួយនឹងការមិនស្រួលក្នុងក ឬឈឺចាប់ទៀតនោះ វាអាចបញ្ជាក់ថាជាជំងឺផ្តាសាយហើយ។
កណ្តាស់
បើសិនជាអ្នកកំពុងតែកណ្តាស់ញឹកញាប់រយៈពេលពីរបីថ្ងៃទៅហើយនោះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យព្រោះវាអាចជាជំងឺផ្តាសាយ ហើយក៏មិនមែនជាប្រតិកម្មអាឡែហ្ស៊ីអីដែរ។
រលាកច្រមុះ
ការរលាកនៃភ្នាសរំអិលក្នុងច្រមុះ ឬហៅថារលាកច្រមុះនោះអាចនាំឲ្យតឹងច្រមុះ ឬហូរទឹករំអិលក្នុងច្រមុះបាន។ មិនខ្វល់វាបណ្តាលមកពីហេតុអ្វីទេ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យទៅ។
ឈឺក្បាល
ការឈឺក្បាលអាចបណ្តាលមកពីហេតុផលច្រើនណាស់ ចាប់ពីស្ត្រេស រហូតដល់រលាកប្រហោងឆ្អឹងក្នុងមុខឯណោះ។ យ៉ាងណាមិញ ការឈឺក្បាលដែលកើតឡើងពេលមានអាការៈក្តៅខ្លួន ឬឈរាងកាយទៀតនោះ អាចជាជំងឺផ្តាសាយហើយ។
ឈឺខ្លួន
វាគឺជារឿងមួយដែលកើតមានញឹកញាប់ណាស់ក្នុងការឈឺខ្នង ឬឈឺខ្លួនម្តងម្កាល ប៉ុន្តែបើសិនជាអ្នកឈឺខ្លួន និងសាច់ដុំច្រើនថ្ងៃនោះ វាអាចគិតថាជាជំងឺផ្តាសាយហើយ។
ខ្សោយអស់កម្លាំង
ករណីខ្លះ ជំងឺផ្តាសាយអាចចេញជារោគសញ្ញាខ្សោយអស់កម្លាំងពីខ្លួនតែម្តង។ ប៉ុន្តែបើសិនជាវាកើតឡើងម្តងហើយម្តងទៀតនោះ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីរកឲ្យឃើញអំពីមូលហេតុជាក់លាក់របស់វាហើយ៕