​ជំងឺគ្រុនឈាម​បង្កឡើង​ដោយ​វីរុស​បួន​ប្រភេទ​ដែល​ចម្លង​ដោយ​មូស​ដែល​មាន​ជំងឺ​ខាំ​។ ជំងឺគ្រុនឈាម​ប្រភេទ Dengue Hemorrhage គឺជា​ទម្រ​ង​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​ជំងឺគ្រុនឈាម​។ រោគសញ្ញា​ដំបូង​គេ​របស់​ជំងឺ​នេះ​កើតមាន​ពី ៣ ទៅ​១៥​ថ្ងៃ​ក្រោយ​ពី​មូស​មាន​ជំងឺ​បាន​ខាំ​រួច ដែល​មាន​ដូចជា ក្តៅខ្លួន​ខ្លាំង និង​ឈឺក្បាល​ខ្លាំង​ជាមួយ​នឹង​ការឈឺចាប់​ខ្លាំង​នៅក្រោម​ភ្នែក​ពេល​ព្យាយាម​ធ្វើ​ចលនា​ភ្នែក​។ រោគសញ្ញា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​មាន​ដូចជា ឈឺ​សន្លាក់​, ឈឺ​សាច់ដុំ​និង​ឈឺ​ឆ្អឹង​, កន្ទួល និង​ហូរ​ឈាម​តិចៗ​ទៀត​។ អ្នកជំងឺ​ជាច្រើន​តែ​ត្អូញត្អែរ​អំពី​ការ​ឈឺចង្កេះ​ដែរ​។ ចំពោះ​កូនកណ្តុរ​នៅ​ក និង​គ្រលាន​ប្រហែល​ជា​ឡើង​ហើម​។ ក្មេង​តូចៗ និង​អ្នកជំងឺ​ទើប​តែ​កើត​ជំងឺ​នេះ​ដំបូង​ច្រើន​តែ​មាន​រោគសញ្ញា​ស្រាល​ជាង​មនុស្ស​ធំ​។

​ចំពោះ​ទម្រង់​ជំងឺគ្រុនឈាម​ប្រភេទ Dengue Hemorrhage វិញ​ចាប់ផ្តើម​ជាមួយ​នឹង​រោគ​សញ្ញា​ធម្មតាៗ​របស់​ជំងឺគ្រុនឈាម​ដូច​ខាងលើ​ដែរ​។ ការ​ក្តៅខ្លួន​កើតមាន​រហូត​ដល់ ២ ទៅ​៧​ថ្ងៃ​។ ក្រោយ​ពី​ក្តៅខ្លួន​ចាប់ផ្តើម​ស្រាកស្រាន្ត​ហើយ វា​នឹង​មាន​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ការ​ហូរឈាម​ចេញពី​សរសៃ​កា​ពី​ឡា​រី​។ សញ្ញា​ទាំងនោះ​មានដូចជា ឈឺពោះ​ខ្លាំង​, ក្អួត​ជាប់​រហូត និង​ពិបាក​ដកដង្ហើម​។ ការ​ហូរ​ឈាម​មាន​លក្ខណៈ​ដូច​ជា ងាយ​នឹង​ជាំ​ស្បែក​, ឈាម​ច្រមុះ​, ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​, ហូរ​ឈាម​ក្រោម​ស្បែក និង​ហូរឈាម​ក្នុង​ពោះ​។ ជំងឺ​នេះ​ប្រហែល​ជា​វិវឌ្ឈន៍​ទៅ​ជា​ខ្សោយ​ប្រព័ន្ធ​របត់​ឈាម​, ស្យុក និង​ស្លាប់​បាន​។

​ចូរ​រកមើល​សញ្ញា​ប្រកាសអាសន្ន​នៅពេល​សីតុណ្ហភាព​ថយ​ចុះ​ពី ៣ ទៅ​៧​ថ្ងៃ​ក្រោយ​ពី​ចាប់ផ្តើម​មាន​រោគសញ្ញា​។ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ព្យាបាល​ភ្លាម​បើសិនជា​មាន​រោគសញ្ញា​ប្រកាស​អាសន្ន​ដូច​ខាងក្រោម​នេះ​៖
1.​ ​ឈឺពោះ​ធ្ងន់ធ្ងរ ឬ​ក្អួត​ជាប់​រហូត​
2.​ ​មាន​កន្ទួល​ក្រហមៗ​នៅលើ​ស្បែក​
3.​ ​ហូរ​ឈាម​ច្រមុះ ឬ​អញ្ចាញធ្មេញ​
4.​ ​ក្អួត​ឈាម​
5.​ ​លាមក​ខ្មៅ​
6.​ ​សន្លឹម ឬ​កាច​
7.​ ​ស្លេកស្លាំង​, ត្រជាក់​ខ្លួន ឬ​បែកញើស​សើម​ស្អិត​
8.​ ​ពិបាក​ដកដង្ហើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង