អ្នកទំនងជាដឹងហើយថា អ្វីទៅដែលជួយជំរុញដល់ការឆាប់មានផ្ទៃពោះ មានដូចជា ការរួមភេទក្នុងពេលងាយមានផ្ទៃពោះ (Fertile Days) ញ៉ាំអាហារដែលត្រឹមត្រូវ សម្រកទម្ងន់ ឈប់ជក់បារី និងគ្រឿស្រវឹង និងហាត់ប្រាណ ប៉ុន្តែដល់ពេលធ្វើរឿងទាំងអស់នេះហើយ នៅតែទទួលបានលទ្ធផលអវិជ្ជមានទៀត។ នេះប្រហែលជាអ្នកមិនបានធ្វើរឿងដែលត្រឹមត្រូវដើម្បីមានផ្ទៃពោះហើយ។ តើរឿងទាំងអស់នោះមានអ្វីខ្លះទៅ?

កង្វះអនាម័យមាត់ធ្មេញ
សមត្ថភាពនៃការបន្តពូជរបស់អ្នកអាចនឹងរងឥទ្ធិពលខ្លាំងតាមរយៈការមានអនាម័យមាត់ធ្មេញ។ ការសិក្សាបានរកឃើញថា ស្ត្រីដែលស្វែងរកការព្យាបាលដើម្បីមានកូន ច្រើនតែមានបញ្ហាទាក់ទងនឹងការឈាមអញ្ចាញធ្មេញ និងការរលាកអញ្ចាញធ្មេញ។ ដូច្នេះបើសិនជាអ្នកកំពុងតែមានគម្រោងមានផ្ទៃពោះ ចូរប្រាកដថា អ្នកបានដុសសម្អាតធ្មេញ និងប្រើអំបោះរូសធ្មេញពីរដងក្នុងមួយថ្ងៃ និងទៅជួបពេទ្យធ្មេញជាទៀងទាត់ផង។
ការប្រើប្រាស់ទឹករំអិលបន្ថែមក្នុងពេលរួមភេទ
ការធ្វើបែបនេះប្រហែលជាអាចជួយដល់ការស៊ូកបញ្ចូលលិង្គកាន់តែងាយស្រួល ព្រមទាំងបន្ថែមគ្រឿងផ្សំដល់ជីវិតផ្លូវភេទអ្នកថែមទៀតផង។ យ៉ាងណាមិញ ទឹករំអិលមួយចំនួនក៏អាចសម្លាប់មេជីវិតឈ្មោលបានដែរ។ ដូច្នេះ បើសិនជាអ្នកមានបញ្ហាមិនអាចមានកូនបាន ហើយមានអារម្មណ៍ថាស្ងួតនៅតំបន់ខាងក្រោម ចូរជ្រើសរើសទឹករំអិលដែលមិនសម្លាប់មេជីវិតឈ្មោល និងពិគ្រោះជាមួយគ្រូពេទ្យផង។
កង្វះវីតាមីន Folic Acid
ស្ត្រីភាគច្រើនមិនបានសិក្សាដឹងអំពីរឿងនេះឡើយរហូតដល់ហួសពេល។ វីតាមីនមួយនេះមានសារៈសំខាន់ណាស់ក្នុងការជួយរាងកាយផលិតគ្រាប់ឈាមក្រហម និងការលូតលាស់របស់ទារក។ ការញ៉ាំថ្នាំបំប៉នប្រភេទ Folic Acid នេះខណៈពេលកំពុងតែព្យាយាមមានផ្ទៃពោះអាចជួយអ្នកបាន។
ពន្លឺសិប្បនិមិត្ត
តើអ្នកចូលចិត្តអានសៀវភៅអេឡិចត្រូនីច មើលទូរស័ព្ទឆ្លាតវៃ ឬប្រើប្រាស់ថាប្លេតនៅពេលគេងដែរទេ? នោះហើយគឺជាអ្វីដែលអ្នកត្រូវបន្ទោសក្នុងពេលមិនអាចមានកូនបាន។ តាមការស្រាវជ្រាវមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Fertility and Sterility បានឲ្យដឹងថា ការប៉ះពាល់ពន្លឺសិប្បនិមិត្តច្រើននៅពេលយប់អាចផ្តល់គ្រោះថ្នាក់ទាំងលទ្ធភាពមានកូន និងការលូតលាស់របស់ទារកក្នុងផ្ទៃបើសិនជាមានផ្ទៃពោះរួច។ ការប៉ះពាល់នឹងពន្លឺនេះច្រើន នឹងទប់ស្កាត់ការផលិតអ័រម៉ូន Melatonin ដែលជួយជំរុញដល់ភាពងងុយគេងផង និងមិនឲ្យមេជីវិតញីងាយងាប់ផង។
សុខភាពក្រពេញអូវ៉ែ
កាលណាអាយុកាន់តែច្រើន ចំនួនមេជីវិតញីក្នុងក្រពេញអូវ៉ែនឹងចាប់ផ្តើមថយចុះ។ បើសិនជាអ្នកមានបញ្ហាសុខភាពដូចជា ដុំប៉ូលីព ឬដុំសាច់ក្នុងស្បូន វាក៏អាចធ្វើឲ្យពិបាកមានផ្ទៃពោះដែរ។ ក្រៅពីនេះ ចំពោះករណីក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ ឬកង្វះអ័រម៉ូននេះវិញ ការជ្រុះអូវ៉ុលក៏រងការប៉ះពាល់ដែរ។
ការប្រើប្រាស់ថ្នាំ
ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំរំងាប់អារម្មណ៍ កាលណាប្រើប្រាស់វាជាទៀងទាត់ ធ្វើឲ្យបញ្ចេញអ័រម៉ូន Prolactin ដែលប៉ះពាល់ដល់ការជ្រុះអូវ៉ុល។ ដូច្នេះបើសិនជាអ្នកកំពុងតែរៀបគម្រោងមានកូនមែន ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យច្បាស់ថា ថ្នាំដែលអ្នកកំពុងតែប្រើនោះ មិនប៉ះពាល់ដល់លទ្ធភាពនៃការមានកូនរបស់អ្នកទេ។
ញ៉ាំអាហារមិនផ្តល់សុខភាព
ជីវជាតិដែលអ្នកត្រូវការបំផុតដើម្បីបង្កើនសមត្ថភាពនៃការមានកូនមានដូចជា ស័ង្គសី ហ្វូលិកអាស៊ីត វីតាមីន B6 និង D ជាមួយគ្នានឹងជាតិខ្លាញ់ល្អៗ Monounsaturated Fats ព្រមទាំងម៉ៃក្រូ និងម៉ាក្រូជីវជាតិផ្សេងៗទៀត។ ប៉ុន្តែ ការញ៉ាំភីហ្សា ឬបឺហ្គ័រ ទំនងជារឿងមួយមិនល្អឡើយ ព្រោះវាអាចរំខានដល់មុខងារអ័រម៉ូនបន្តពូជបាន។
ញ៉ាំកូឡេស្តេរ៉ុលច្រើនពេក
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Endocrinology and Metabolism បានបញ្ជាក់ថា ស្ត្រីដែលញ៉ាំអាហារមានកូឡេស្តេរ៉ុលខ្ពស់ ច្រើនតែពិបាកមានផ្ទៃពោះណាស់។ ជាមួយគ្នានេះដែរ បើសិនជាដៃគូទាំងសងខាងមានបញ្ហានេះដូចគ្នា ត្រូវតែមានការព្យាបាលត្រឹមត្រូវសិនទើបអាចជួយដល់ការមានផ្ទៃពោះពួកគេបាន៕