អង្គការ​សុខភាព​ពិភពលោក​លើក​ឡើង​ថា ការ​តាមដាន​ដឹង​ថា​ស្ត្រី​ពពោះ និង​កុមារ​តូច​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​គឺជា​រឿង​សំខាន់​។ បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ​អាយុ​ក្រោម ២​ឆ្នាំ​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក បញ្ហា​នេះ​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​កុមារ​នៅ​ពេល​ធំ​ឡើង ដូច​ជា​ជួប​បញ្ហា​រៀន​មិនសូវ​បាន​ល្អជា​ដើម​។

ដូច​គ្នា​ដែរ ការ​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ​ក៏​រង​ផល​ប៉ះពាល់​ដែរ បើសិនជា​ម្ដាយ​ពេល​ពពោះ​នៅ​ត្រីមាស​ទី​៣ ជួប​បញ្ហា​ខ្វះ​ជាតិ​ដែក​។ ការ​ពិនិត្យ​សុខភាព​ពេល​ពពោះ ដើម្បី​បានដឹង​ថា​ខ្លួន​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​ឬ​យ៉ាងណា គឺជា​រឿង​ចាំបាច់​ដើម្បី​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចៀស​ផុត​ពី​ផលវិបាក​នានា​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក​។

ទំនាក់ទំនង​រវាង​ជាតិ​ដែក និង​ខួរក្បាល​កុមារ
ការ​សិក្សា​នា​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ស្ត្រី​កំពុង​ពពោះ​ដែល​មាន​ជាតិ​ដែក​គ្រប់គ្រាន់ ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មានការ​លូតលាស់​ខួរក្បាល​បាន​ល្អ ហើយ​ក្មេង​ដែល​កើត​ពី​ម្ដាយ​មាន​បញ្ហា​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ពេល​កំពុង​ពពោះ​វិញ គឺ​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​។

ជាតិ​ដែក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សារសំខាន់​សម្រាប់​ដំណើរការ​កោសិកា និង​សរីរាង្គ​ផ្សេង​ទៀត និង​សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់​ខួរក្បាល ក្នុង​ដំណាក់កាល​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​សម្បក​ណឺរ៉ូន និង​ការ​ធ្វើ​មេតា​ប៉ូលិស​លើ​ថាមពល និង​តំណ​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​។ កង្វះ​ជាតិ​ដែក​លើ​កុមារ ពិសេស ១ ០០០​ថ្ងៃ​ដំបូង គិត​តាំងពី​ចាប់កំណើត​ក្នុង​ផ្ទៃ នឹង​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ផលវិបាក​រយៈពេល​វែង ដូច​ជា​ជួប​បញ្ហា​ធ្លាក់​ចុះ​បញ្ញា​ស្មារតី និង​បញ្ហា​អាកប្បកិរិយា ជាដើម​។ បញ្ហា​ទាំងនេះ​បើសិនជា​កើត​លើ​កុមារ នោះ​នឹង​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សិក្សា​រៀនសូត្រ ឬ​រៀនសូត្រ​មិន​បាន​ល្អ​ដូច​ក្មេង​ដទៃ​និង​ខ្សោយ​ការ​ផ្ចង់អារម្មណ៍​ជាដើម​។

បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក
សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ជា​ក្រុម​មនុស្ស​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក ព្រោះថា ក្នុង​ដំណាក់កាល​នេះ​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ត្រូវការ​ជាតិ​ដែក​ខ្ពស់​ដើម្បី​ទ្រទ្រង់​ដល់​ការ​លូតលាស់​។

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួល​បាន​ជាតិ​ដែក​តាម​រយៈ​របប​អាហារ និង​ថ្នាំ​គ្រាប់​ជាតិ​ដែក​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។ ការ​រក្សា​ជាតិ​ដែក​បាន​ត្រឹម​ត្រឹមត្រូវ​អំឡុង​ពេល​ពពោះ កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល​។

សម្រាប់​ទារក​ទើប​កើត ការ​បន្ត​ទទួល​បានការ​បំបៅ​ទឹកដោះ​ម្ដាយ​ជា​កត្តា​សំខាន់​បំផុត​មួយ​ក្នុង​ការ​បំពេញ​ជាតិ​ដែក​ដែល​កូន​ត្រូវការ​។ ក្រោយ​វ័យ​៦ ខែ​ទារក​នៅ​អាច​បន្ត​ទទួល​ការ​បំបៅ​ដោះ និង​ត្រូវ​បន្ថែម​របប​អាហារ​ក្រៅ ដែល​មាន​បន្លែ និង​ផ្លែ​ឈើ​ចម្រុះ ដើម្បី​ធានា​ថា​កូន​បាន​ទទួល​ជាតិ​ដែក និង​សារជាតិ​ចិញ្ចឹម​ផ្សេង​ទៀត​បាន​គ្រាប់​គ្រាន់​សម្រាប់​ការ​លូតលាស់​ទាំង​ផ្នែក​បញ្ញា​ស្មារតី និង​រាង​កាយ ។

អាហារ​ល្អ​ៗ​ដែល​សម្បូរ​ជាតិ​ដែក​សម្រាប់​តម្រូវការ​រាង​កាយ​របស់​កុមារ​មាន​ដូច​ជា​ត្រី សាច់ គ្រឿង​សមុទ្រ និង​បន្លែ​បៃតង​។ មួយវិញទៀត​ប៉ា​ម៉ាក់​គួរ​សង្កេត​មើល​ពី​សញ្ញា​សង្ស័យ​មួយ​ចំនួន​ដូច​ជា កូន​ខ្សោយ អស់កម្លាំង ស្លេកស្លាំង មាន​បញ្ហា​អាកប្បកិរិយា និង​មានការ​ឆ្លង​រោគ​ញឹកញាប់ ដែល​អ្វី​ទាំងនេះ​អាច​ថា​កូន​កំពុង​ជួប​បញ្ហា​ខ្វះ​ជាតិ​ដែក និង​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង