ម៉ាក់​ប៉ា​មាន​ដឹង​អត់ថា កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ កើតមក​មាន​ប្រាជ្ញា​វាងវៃ មាន​កត្តារួម​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​សុខភាព​ម្តាយ ការ​បំប៉នចំណី​អាហារ ការ​ថែទាំ​សុខភាព រួម​ទាំង​សកម្មភាព​ផ្សេង​ៗ​។ ខាងក្រោម​នេះ ជា​គន្លឹះ​ខ្លះ​ៗ សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ ត្រូវធ្វើ​ដើម្បី​ជួយ​ឲ្យ​កូន​កើតមក​សុខភាព​ល្អ ហើយ​ឆ្លាត​។

១. ញ៉ាំ​អាហារ​ចម្រុះ​មុខ
អាហារ​ចម្រុះ​មុខ​មាន ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែ​ឈើ ល្អ​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ត្រី សាច់ ស៊ុត ផ្តល់​នូវ​ពពួក​ប្រូតេអ៊ីន​ដែល​ជា​ប្រភព​នៃ​អា​មី​ណូ​អាស៊ី​ដ សម្រាប់​ចិញ្ចឹម​សរីរាង្គកាយ​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ ជា​ពិសេស​ជួយ​ដល់​កា​រវិ​វត្ត​ខួរក្បាល​របស់​ទារក និង​បង្កើន​គ្រាប់​ឈាមក្រហម ឯ​បន្លែ​ផ្លែ​ឈើ វា​ផ្តល់​នូវ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ សម្រួលការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់លាមក។

២. ញ៉ាំ​ថ្នាំ​វីតាមីន និង​ជាតិ​រ៉ែ
ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ មាន​វីតាមីន​ចម្រុះ​មុខ ជាតិ​រ៉ែ ជាតិ​ដែក និង​អាស៊ី​ដ​ហ្វូ​លិ​ក ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ បន្ថែម​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បង្កើន​គ្រាប់​ឈាមក្រហម​ក្នុង​ខ្លួន កាត់​បន្ថយ​ភាពស្លេកស្លាំង​ជាដើម​។

៣. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន
ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែលជា​មិនសូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំងពី​អាយុ ២៧​ស​ប្តា​ហ៍​មក​ម្ល៉េះ​។ ការ​ដែល​ម៉ាក់​ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំងពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល​។
បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿងនិទាន​ឲ្យ​កូន​ស្តាប់​តាំងពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធី​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​ឆ្លាត​ដែរ ទោះជា​កូន​យើង​មិនដឹង​ពី​អត្ថន័យ ឬ​ពាក្យពេចន៍​ដែល​យើង​អាន​ក៏​ដោយ​។

៤. ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់
តន្ត្រី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ បាត់​អស់​ទុក្ខ​កង្វល់ ក្រៅពី​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់​ប៉ា​គួរតែ​រក​ចម្រៀង​ណា​ពីរោះ​ៗ សប្បាយ​ៗ ចាក់​ឲ្យ​នៅ​ក្នុង​ពោះ​ស្តាប់ ទើប​កូន​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ឯ​ខួរក្បាល​ក៏​ភ្លឺ​ថ្លា​ទៅ​តាម​នោះ​ដែរ​។

៥. អង្អែល​ក្បាលពោះ​ម្តាយ
ការ​អង្អែល​ក្បាលពោះ​ម្តាយ​ថ្នម​ៗ ជា​សកម្មភាព​បង្កើន​ភាព​ស្និទ្ធស្នាល និង​ភាព​កក់ក្តៅ​ដល់​កូន​។ ម៉ាក់​ៗ​អាច​អង្អែល​ក្បាលពោះ​ខ្លួនឯង ឬ​ក៏​ប៉ា​ៗ​ឧស្សាហ៍​អង្អែល​ក្បាលពោះ​ម៉ាក់​ៗ​ក៏​បាន ដែល​ការ​ធ្វើ​បែប​នេះ ម៉ាក់​ក៏​កក់ក្តៅ កូន​ក៏​កក់ក្តៅ​។

៦. ធ្វើ​ចិត្ត​ឲ្យ​រីករាយ
ស្រី​ៗ​ពពោះ​ផ្លូវចិត្ត​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​តែ​អ័រម៉ូន​ផ្លាស់​ប្តូរ រាង​កាយ​ប្រែប្រួល ណាមួយ​ជួប​អាកា​រៈ​ចាញ់កូន​ទៀត អ៊ីចឹង​ហើយ​ងាយ​នឹង​ឆាប់​ខឹង​មួរ​ម៉ៅ អាច​ជះ​ឥទ្ធិពល​មិនល្អ​ដល់​កូន​ផ្ទៃ​។ តែ​ទោះ​យ៉ាងណា​យើង​អាច​ក្រែ​ប្រែ​ស្ថានការណ៍​ទាំងនោះ​បាន ដោយ​ម៉ាក់​ៗ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ឯ​ប៉ា​ៗ​វិញ​គួរតែ​ធ្វើ​រឿង​ល្អ​ៗ ឲ្យ​ប្រពន្ធ​សប្បាយចិត្ត ឬ​ក៏​ឧស្សាហ៍​នៅ​ប្រពន្ធ​ដើរ​លេង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង