ការស្រាវជ្រាវថ្មីបានបង្ហាញថា ការបន្ថយការញ៉ាំជាតិប្រៃ និងជម្រុញអោយមានការកើនឡើងនូវការញ៉ាំជាតិប៉ូតាស្យូមនឹងការពារមនុស្សជាច្រើនលាននាក់ពីការស្លាប់ដោយសារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលក្នុងពិភពលោកក្នុងមួយឆ្នាំៗ។ការស្រាវជ្រាវថ្មីនេះត្រូវបានចេញផ្សាយនៅក្នុងកាសែត BMJ។
ការស្រាវជ្រាវបានពិនិត្យលើមនុស្សពេញវ័យជាង៣.០០០នាក់ និងបានរកឃើញថា ការថយចុះការញ៉ាំជាតិប្រៃខ្ពស់បាននាំអោយមានការថយចុះសម្ពាធឈាម, នាំអោយមានការថយចុះហានិភ័យនៃការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង។ការស្រាវជ្រាវស្រដៀងគ្នាមួយក៏បានរកឃើញ ការញ៉ាំជាតិប្រៃតិចនាំអោយមានសម្ពាធឈាមចុះ និងបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងការស្លាប់ដោយសារជំងឺបេះដូងចំពោះមនុស្សពេញវ័យ។

មានការបង្ហាញថា ការថយចុះការញ៉ាំជាតិប្រៃបានបន្ថយសម្ពាធឈាមចំពោះកុមារផងដែរ។ការស្រាវជ្រាវទី៣បានវិភាគលើមនុស្សជាង១២៨.០០០នាក់ និងបានរកឃើញថា ការកើនឡើងការញ៉ាំជាតិប៉ូតាស្យូមបានបន្ថយសម្ពាធឈាមចំពោះមនុស្សពេញវ័យ និងបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅ២៤%។
អ្នកស្រាវជ្រាវបាននិយាយថា ការញ៉ាំជាតិប៉ូតាស្យូមខ្ពស់ក៏អាចផ្តល់ប្រយោជន៍ដល់កុមារ ប៉ុន្តែការស្រាវជ្រាវបន្ថែមគឺជារឿងចាំបាច់។ប៉ូតាស្យូមត្រូវបានរកឃើញថានៅក្នុងផ្លែឈើ និងបន្លែស្រស់។
អង្គការសុខភាពពិភពលោកបានកំណត់គោលដៅរួមមួយដើម្បីបន្ថយការញ៉ាំជាតិប្រៃពី៥ ទៅ៦ក្រាម (ប្រហែល១ស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ, អ្នកស្រាវជ្រាវ និងអ្នកឯកទេសដទៃទៀតបានណែនាំអោយបន្ថយការញ៉ាំប្រៃនេះដល់ទៅ៣ក្រាមក្នុងមួយថ្ងៃឯណោះ៕