អ្នកស្រាវជ្រាវបានរកឃើញថា ប្រភេទនៃការព្យាបាលចំពោះជំងឺនៃការគេងដែលត្រូវបានគេស្គាល់ថាជាជំងឺគេងមិនដកដង្ហើមនោះ បានបន្ថយសម្ពាធឈាមចំពោះបុរសដែលមានជំងឺលើសឈាម។
ការស្រាវជ្រាវថ្មីនេះបានរាប់បញ្ចូលបុរសចំនួន២២១នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនៃការគេងមិនដកដង្ហើម ហើយក៏មានជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។

បុរសទាំងនោះត្រូវបានគេចេញវេជ្ជបញ្ជាអោយធ្វើការព្យាបាលដោយម៉ាស៊ីនផ្តល់សម្ពាធខ្យល់វិជ្ជមានបន្ត(CPAP) ដើម្បីព្យាបាលការគេងមិនដកដង្ហើមរបស់ពួកគេ។ ម៉ាស៊ីននោះប្រើប្រាស់សម្ពាធខ្យល់កម្រិតស្រាលដើម្បីផ្តល់ផ្លូវខ្យល់អោយបើកខណៈពេលដែលអ្នកជំងឺគេង។
ការថយចុះសម្ពាធឈាមត្រូវបានគេឃើញចំពោះបុរស៣ ទៅ៦ខែបន្ទាប់ពីចាប់ផ្តើមការព្យាបាលដោយ CPAP ហើយក៏ឃើញមានការថយចុះផងដែរ នៅពេលដែលធ្វើតេស្តនោះម្តងទៀត៩ ទៅ១២ខែក្រោយពីការចាប់ផ្តើមការព្យាបាលផងដែរ។
លទ្ធផលបានបង្ហាញថា ចំពោះបុរសដែលមានជំងឺនៃការគេងមិនដកដង្ហើម និងជំងឺលើសឈាម, ការព្យាបាលដោយ CPAP មិនត្រឹមតែជាមធ្យោបាយល្អដើម្បីព្យាបាលជំងឺនៃការគេងនោះប៉ុណ្ណោះទេ ប៉ុន្តែការជាមធ្យោបាយល្អដល់អ្នកដែលមានជំងឺលើសឈាមផងដែរ។
ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុង Journal of Clinical Sleep Medicine។
វេជ្ជបណ្ឌិត បារ៉ាទី ប្រាសាត (Bharati Prasad) បាននិយាយថា គ្រប់ប្រភេទនៃអ្នកជំងឺអាចទទួលបានប្រយោជន៍ពីការព្យាបាលនេះ សូម្បីតែអ្នកដែលមានបញ្ហារ៉ាំរ៉ៃដទៃទៀតក៏ដោយ។ វាជារឿងសំខាន់ដើម្បីធ្វើការស្រាវជ្រាវរាល់ប្រភេទផ្សេងៗគ្នានៃអ្នកជំងឺដែលមានការគេងមិនដកដង្ហើមនោះ៕