បញ្ហានៃការគេងធ្ងន់ធ្ងរមានឥទ្ធិពលដូចគ្នាលើប្រព័ន្ធភាពស៊ាំដូចនឹងស្ត្រេសរាងកាយអញ្ចឹងដែរ ។នេះបើយោងតាមការស្រាវជ្រាវថ្មី។
អ្នកស្រាវជ្រាវនៅក្នុងប្រទេសហូឡង់ និងប្រទេសអង់គ្លេសបានរកឃើញថា គេងមិនគ្រប់គ្រាន់បណ្តាលអោយផលិតកោសិកាគ្រាប់ឈាមស ក្រានុយឡូស៊ីត(Granulocytes) ជាពិសេសនៅពេលយប់។

កាទ្រីន អាក់ឃឺរម៉ាន់ (Katrin Ackermann) ជាអ្នកស្រាវជ្រាវថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Eramus MC ក្នុងប្រទេសហូឡង់បាននិយាយថា “កោសិកាគ្រាប់ឈាមសនេះមានប្រតិកម្មភ្លាមៗទៅនឹងស្ត្រេសនៃរាងកាយនៃការគេងមិនគ្រប់គ្រាន់ និងឆ្លុះបញ្ចាំងផ្ទាល់ទៅនឹងការឆ្លើយតបនឹងការស្ត្រេសនៃខ្លួន”។
អ្នកស្រាវជ្រាវបានមើលចំនួនកោសិកាគ្រាប់ឈាមសលើបុរសវ័យក្មេងដែលមានសុខភាពល្អ១៥នាក់ដែលបានធ្វើតាមយ៉ាងម៉ត់ចត់នៃកាលវិភាគនៃការគេងអោយបាន៨ម៉ោងជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់មកបានប្រៀបជាមួយនឹងចំនួនរបស់កោសិកាគ្រាប់ឈាមសអំឡុងពេលគេងមិនគ្រប់គ្រាន់២៩ម៉ោង។
អ្នកស្រាវជ្រាវបានរកឃើញថា កោសិកាគ្រាប់ឈាមសបានបង្ហាញពីការបាត់បង់ភាពស៊ីសង្វាក់គ្នារវាងថ្ងៃ និងយប់ និងបានកើនឡើងកោសិកាគ្រាប់ឈាមសអំឡុងពេលគេងមិនគ្រប់គ្រាន់។
ការស្រាវជ្រាវពីមុនបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺដែលរួមមានជំងឺធាត់, ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ ការស្រាវជ្រាវពីមុនក៏បានបង្ហាញដែរថា ការគេងមិនគ្រប់គ្រាន់យូរពេកក៏ជាកត្តាហានិភ័យចំពោះការប៉ះពាល់នឹងប្រព័ន្ធភាពស៊ាំ។
អ្នកស្រាវជ្រាវបានសរុបថា ការស្រាវជ្រាវទៅថ្ងៃក្រោយគួរតែពិនិត្យយ៉ាងច្បាស់ថាតើការគេងមិនគ្រប់គ្រាន់ផ្តល់អោយការវិវត្តទៅជាជំងឺយ៉ាងដូចម្តេច។
អាក់ឃឺរម៉ាន់បាននិយាយថា ការស្រាវជ្រាវទៅថ្ងៃក្រោយនឹងបង្ហាញពីចលនការនៃម៉ូលេគុលពីក្រោយការឆ្លើយតបនឹងស្ត្រេសភ្លាមៗ និងពន្យល់ពីមុខងាររបស់វាចំពោះការវិវត្តនៃជំងឺដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគេងមិនគ្រប់គ្រាន់យូរមកហើយនោះ។