នៅពេលអ្នកមានផ្ទៃពោះ អ្នកអាចនឹងដឹងថាសុដន់អ្នកពីមុន និងឥឡូវ គឺមិនដូចគ្នាឡើយ។ នៅពេលមានផ្ទៃពោះ សុដន់អាចនឹងមានទំហំធំ ដូចអ្វីដែលអ្នកប៉ង កាលពីនៅវ័យក្រមុំហើយ។ ប៉ុន្តែ ក្រៅពីនេះវាអាចនឹងមានការប្រែប្រួលច្រើនបន្ថែមទៀត។
សុដន់ដែលធំជាងមុន តឹងជាងមុនគឺជាសញ្ញាដំបូងគេ នៃការមានផ្ទៃពោះ។ រឿងនេះច្រើនតែចាប់ផ្តើមកើតឡើង ក្នុងត្រីមាសទីមួយនៃការមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ សុដន់អ្នកចាប់ផ្តើមមានការប្រមូលផ្តុំជាតិខ្លាញ់ជាច្រើន និងក្រពេញទឹកដោះលូតលាស់កាន់តែធំ។ រឿងនេះទំនងជាល្អណាស់ ដែលសុដន់អ្នកកាន់តែធំជាងមុន ហើយក៏ជាអ្វីដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បានដែរ។ យ៉ាងណាមិញ អ្នកប្រហែលជាមិនអាចរីករាយ នឹងសុដន់ដែលធំនេះបានច្រើនឡើយ ព្រោះតែសុដន់អ្នកកំពុងតែមានការឈឺចាប់ខ្លាំង។

ចំពោះការឈឺចាប់ និងភាពតឹងរបស់សុដន់នេះ កើតឡើងដោយសារតែ លំហូរឈាមនៅក្នុងសុដន់កើនឡើយ។ សញ្ញានៃការមានផ្ទៃពោះនេះ ក៏នឹងចាប់ផ្តើមក្នុងត្រីមាសដំបូងដែរ។ ដល់ពេលមានផ្ទៃពោះយូរបន្តិច វាអាចនឹងមានការហៀរទឹកចេញពីសុដន់អ្នកដែរ ជាពិសេស នៅត្រីមាសចុងក្រោយតែម្តង។ ដូច្នេះ វាជាសញ្ញាច្បាស់មួយបញ្ជាក់ថា សុដន់អ្នកកំពុងតែត្រៀមខ្លួនរួចជាស្រេច ក្នុងការបំបៅដោះកូន ហើយក្នុងសុដន់ ក៏មានទឹកដោះពេញផងដែរ៕