តើអ្នកគួរញាំ វា ឬ ក៏អត់? មានការយល់ច្រលំជាច្រើន និង ការស្រាវជ្រាវមួយចំនួន បានធ្វើការសិក្សាថាតើ អ្នកគួរតែបរិភោគសាច់ត្រីអោយបានច្រើន ឬ យ៉ាងណា? ជាការពិត អ្វីៗក៏ដោយ តែងមាន គុណសម្បត្តិ និង គុណវិបត្តិរបស់វា។ តែទោះជាយ៉ាងណាក៏ដោយ វាអាចនឹងផ្តល់អោយយើងនូវផលរំខាន តិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងគុណសម្បត្តិដ៏ច្រើនរបស់វានោះ ។ សាច់ត្រី គឺជាអាហារដ៏ល្អសម្រាប់សុខភាពមនុស្ស ពីព្រោះថាវាមានផ្ទុកជាតិខ្លាញ់តិច និង ប្រូតេអ៊ីនខ្ពស់ ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ទាំង៩យ៉ាង ដែលយើងនឹងទទួលបាន ពីការបរិភោគសាច់ត្រី ៖
១. ការទទួលទានសាច់ត្រី អោយបាន២ដង ក្នុងមួយសប្តាហ៍ គឺល្អសម្រាប់រាងកាយមនុស្ស។ សាច់ត្រី មានផ្ទុកអាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលអាចជួយដល់សុខភាពខួរក្បាល និង ភ្នែក។
២. ការបរិភោគសាច់ត្រីជាប្រចាំ អាចកាត់បន្ថយការប្រឈមនឹងជំងឺ ដាច់សសៃឈាមក្នុងខួរក្បាល ឬ ជំងឺបេះដូង។ ទាំងបុរសនិង ស្ត្រីដែលស្ថិតក្នុងមជ្ឈឹមវ័យ គឺត្រូវធ្វើការបរិភោគសាច់ត្រី ដើម្បីចៀសវាង នូវការប្រឈមនឹងជំងឺបេះដូង។
៣. សាច់ត្រី មាននាទីក្នុងការលៃតម្រូវ នូវកំណកឈាម និង ការកកស្ទះនៅក្នុងសសៃឈាម ដូច្នេះ វាជួយដល់សុខភាពសសៃឈាមបេះដូងបានយ៉ាងល្អ។
៤. ការបរិភោគវាគឺ អាចជួយកាត់បន្ថយនូវភាពដែលអាចកើតមាននូវ ជំងឺហឺតចំពោះកុមារ។
៥. សាច់ត្រីអាចជួយ រក្សាកម្រិតជាតិស្ករនៅក្នុងឈាម អោយថេរ ចំពោះអ្នកជំងឺទឹកនោមផ្អែម។
៦. មិនត្រឹមតែប៉ុណ្ណោះ អាស៊ីតខ្លាញ់អូមេហ្គា ៣ គឺជា DHA ។ ត្រីមានផ្ទុកនូវអាស៊ីតខ្លាញ់ប្រភេទនេះ ដែលជួយដល់សុខភាព ស្ត្រីមានផ្ទៃពោះអោយរឹងមាំ និង ជួយបង្កើតទឹកដោះអោយបានច្រើនផងដែរ។ អាស៊ីតខ្លាញ់នេះ ក៏នឹងផ្តល់ផលល្អទៅដល់ការវិវត្តន៍ខួរក្បាលចំពោះកុមារតូចៗ បានដែរ។
៧. ការស្រាវជ្រាវ បានអះអាងថា មនុស្សដែលមិនសូវទទួលទានសាច់ត្រី គឺងាយប្រឈមនឹងជំងឺមហារីក។
៨.មិនថាចាស់ ឬ ក្មេងសុទ្ធតែទទួលបាននូវអត្ថប្រយោជន៍នៃការទទួលទានសាច់ត្រី ។
៩. អាស៊ីតខ្លាញ់អូមេហ្គា នៅក្នុងសាច់ត្រី អាចការពារខួរក្បាល ជាពិសេសនោះគឺសុខភាពផ្លូវចិត្តអោយរឹងមាំបាន។ គេសម្គាល់ឃើញថា មនុស្សដែលទទួលទានសាច់ត្រីជាប្រចាំ នឹងមិនសូវប្រឈមនឹងបញ្ហា ធ្លាក់ទឹកចិត្ត ហើយតែងតែមានភាពវិជ្ជមានច្រើនជាង អ្នកដែលមិនសូវទទួលទានសាច់ត្រី ៕