គ្រូពេទ្យភាគច្រើន តែងតែណែនាំស្ត្រីមានផ្ទៃពោះ មិនឲ្យប៉ះពាល់ថ្នាំមួយចំនួននោះទេ អំឡុងពេលមានផ្ទៃពោះ ជាពិសេស បីខែដំបូងនៃការពរពោះ ពីព្រោះ ថ្នាំភាគច្រើន អាចប៉ះពាល់ដល់ទារក និងសុខភាពម្តាយ ហើយពេលខ្លះ អាចធ្វើទារករលូត ឬស្លាប់ទៀតផង។
ថ្នាំដែលអ្នកគួរប្រុងប្រយ័ត្ន និងសាកសួរគ្រូពេទ្យជំនាញ មុននឹងប្រើប្រាស់ មានដូចជា ៖
- ថ្នាំលើសសម្ពាធឈាម
- ថ្នាំទឹកនោមផ្អែម
- ថ្នាំជំងឺបេះដូង
- ថ្នាំហឺត
- ថ្នាំជំងឺផ្តាសាយ។ល។
គ្រប់ថ្នាំទាំងអស់ គ្រូពេទ្យនឹងឆែកមើល ថាតើវាមានផលប៉ះពាល់ប៉ុណ្ណា ហើយគ្រូពេទ្យនឹងព្យាយាមប្តូរថ្នាំ ដែលមានផលរំខានតិចបំផុត ឬគ្មានតែម្តង ដើម្បីព្យាបាលអ្នក ពេលអ្នកឈឺម្តងៗ អំឡុងពេលពរពោះ។
ថ្នាំមួយចំនួន ទាមទារការប្រើប្រាស់យូរថ្ងៃ ដូច្នេះ គ្រូពេទ្យក៏ប្រហែលជាពិបាក ក្នុងការជ្រើសរើសដែរ ប៉ុន្តែ គាត់នឹងព្យាយាមរកថ្នាំ ដែលល្អបំផុតសម្រាប់អ្នក។
យ៉ាងណាមិញ អ្នកមិនគួរប្រើថ្នាំ ដែលនៅសល់ក្រោយពីព្យាបាលលើកមុននោះទេ ពីព្រោះ ថ្នាំខ្លះ អាចប្រើបាននៅត្រីមាសទីមួយ ប៉ុន្តែ មិនអាចប្រើបាន នៅត្រីមាសទីពីរ ឬទីបីឡើយ៕