មនុស្ស​ស្រី​តែង​ខ្វាយខ្វល់ និង​គិត​ច្រើន​មិន​ថា​តែ​រឿង​សិក្សា ឬ​ធ្វើការ​នោះ​ទេ ចំណែកឯ​ក្នុង​រឿង​ស្នេហា​នាង​ក៏​បារម្ភ​ច្រើន​ដែរ ព្រោះតែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ បារម្ភ ខ្វាយខ្វល់ ស្រលាញ់ នេះ​ហើយ​ជា​ហេតុ​មួយ​ដែល​នាំ​ឲ្យ​នាង​កើត​មាន​អារម្មណ៍​ប្រចណ្ឌ​ច្រើន ប៉ុន្តែ​អ្វី​ដែល​នៅ​ពីក្រោយ​ចិត្ត​នាង? ហើយ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ជា​ច្រើន​ប្រចណ្ឌ​ជាង​មនុស្ស​ប្រុស​នោះ?

១. មនុស្ស​ស្រី​មាន​អារម្មណ៍​មនោសញ្ចេតនា ច្រើន​ជាង​មនុស្ស​ប្រុស
មនុស្ស​ស្រី​បើ​ស្រលាញ់​មនុស្ស​ម្នាក់​ហើយ​គឺ​ស្រលាញ់​អស់ពី​ចិត្ត និង​បេះដូង​តែ​ម្ដង ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​នាង​ទុកចិត្ត អាណិត និង​ស្រលាញ់​នោះ​។ នាង​មាន​អារម្មណ៍​មនោសញ្ចេតនា​ច្រើន​ជាង​មនុស្ស​ប្រុស ទោះបី​មិត្ត​នារី​ៗ​ខ្លះ​រឹងប៉ឹង ឆ្លាត ពូកែ​ក៏​ដោយ តែ​ចំពោះ​រឿង​ស្នេហា​គឺជា​ចំណុចខ្សោយ​របស់​នាង​។ ទាំង​អស់នេះ​ហើយ​បានជា​នាង​តែង​ខឹង ប្រចណ្ឌ​ច្រើន​មក​លើ​មនុស្ស​ម្នាក់​ដែល​នាង​ស្រលាញ់​។

២. ភាគី​ខាង​បុរស​ឧស្សាហ៍​ដៀង​ភ្នែក​មើល​អ្នក​ផ្សេង

ជា​ការ​ពិត ចរិត​មនុស្ស​ប្រុស​ភាគច្រើន​គឺ​តែ​បែប​នេះឯង​ហើយ​ក៏​ញយ​ដង​ដែរ​មិនមែន​តែ​ម្តង​ៗ​ទេ ឲ្យ​តែ​ឃើញ​មនុស្ស​ស្រី​ស្អាត​សិច​ស៊ី​ដើរ​កាត់​គឺ​សម្លឹង​មើល​ទោះ​នៅ​ក្បែរ​ឬ​ខ្លាច​សង្សារ​ក៏​ឆ្លៀត​ដៀង​ភ្នែក​បន្តិច​ដែរ​។ យ៉ាងនេះ​ហើយ​ដែល​មិត្ត​នារី​ៗ ច្រើន​មិនសូវ​ទុកចិត្ត​…​ហើយ​បើ​ឃើញ​គាត់​(​មិត្ត​ប្រុស​) នៅ​ជាមួយ​នារី​ផ្សេង​ទៀត​នោះ គឺ​ដឹង​តែ​កប៉ាល់ភ្លើង​ចូលខ្លួន​ហើយ ដូចនេះ​ហើយ​បានជា​នាង​ឧស្សាហ៍​ប្រចណ្ឌ​មិត្ត​ប្រុស​ជា​សង្សារ ឬ​មនុស្ស​ដែល​នាង​ស្រលាញ់​។

៣. នាង​គិត​ថា​គេ​មាន​ភាព​ទាក់ទាញ​ជាង

មិន​ដូច​មនុស្ស​ប្រុស​ទេ មនុស្ស​ស្រី​ភាគច្រើន​តែ​មាន​អារម្មណ៍​អន់ចិត្ត​ច្រើន ជា​ឧទាហរណ៍​បើ​មនុស្ស​ស្រី​ណា​ម្នាក់​ឧស្សាហ៍​នៅ​ក្បែរ​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់​ឬ​លួច​ស្រលាញ់ ក្នុង​ក្រសែភ្នែក​របស់​នាង​គឺ​គិត​ថា​នាង​អន់​ជាងគេ ហើយ​គេ​នោះ​គឺ​មាន​ភាព​ទាក់ទាញ​ជាង​។ ហើយ​នេះ​ចំណុចខ្សោយ​មួយ​ដែល​នាង​មិន​អាច​មិន​ប្រចណ្ឌ​មិន​បាន​ចំពោះ​មិត្ត​ប្រុស​នាង​។

៤. គិត​ច្រើន

សម្រាប់​ប្រុស​ៗ​គឺ​មិនសូវ​ជា​គិត​ច្រើន​នោះ​ទេ​ពេល​មាន​ស្នេហា ខុស​ប្លែក​ពី​នារី​ៗ​បើ​មាន​ស្នេហា​ហើយ​គឺ​តែងតែ​គិត​ច្រើន​។ នាង​ចូល​ចិត្ត​បង្ហាញ​អ្វី​ដែល​មិត្ត​ប្រុស​ខ្លួន​ធ្វើ​ត្រូវ​ឬ​ខុស ដូចនេះ​ហើយ​អារម្មណ៍​ប្រចណ្ឌ​ក៏​ទៅ​តាម​នោះ​ដែរ​…​។

៥. ប្រកួតប្រជែង

មនុស្ស​ប្រុស​អាច​មិន​ខ្វល់​នឹង​សំលៀក​បំពាក់​បាន និង​មិនបាច់​តុបតែង​ស្អិតស្អាង​អ្វី​ច្រើន តែ​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​គឺ​និយម​ភាព​ស្អាតបាត ទាំង​សំលៀក​បំពាក់ និង​ការ​តុបតែង​ខ្លួន ដូចនេះ​សម្រស់​និង​រូបរាង​មិន​ចាញ់​គ្នា​ទេ ដូចនេះ​បានជា​មនុស្ស​ស្រី​តែង​បារម្ភ​ខ្លាច​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ងាយ​ទោរទន់​ទៅ​រក​នារី​ផ្សេង​។

៦. ស្រលាញ់​អ្វី​ដែល​ជា​របស់​ខ្លួន

នារី​ៗ​ចាប់តាំងពី​វ័យ​កុមារ​មក​គឺ​ស្រលាញ់ និង​យកចិត្តទុកដាក់​ថែទាំ​របស់របរ​ណាស់ ហើយ​ទំនោរ​បែប​នេះ​គឺ​រក្សា​រហូត​ដល់​នាង​ពេញវ័យ​។ ដូច​គ្នា​ទៅ​នឹង​ការ​ថែទាំ​របស់​ដែរ បើសិនជា​មនុស្ស​ប្រុស​ម្នាក់​នោះ​ជា​សង្សារ​នាង គឺ​នាង​ស្រលាញ់​និង​ថែរក្សា​ណាស់ ដូចនេះ​បានជា​ភាព​ប្រចណ្ឌ​តែង​កើត​មាន​…​ផ្ទុយ​ទៅ​វិញ​ក្នុង​ន័យ​រក្សា​របស់​មួយ បើ​របស់​មួយ​នោះ​មាន​គេ​ចង់បាន​សុំ​ពី​នាង ហើយ​របស់​នោះ​ធ្វើ​ឲ្យ​នាង​មិន​ចូល​ចិត្ត​គឺ​នាង​នឹង​ប្រគល់​ឲ្យ​គេ​តែ​ម្ដង​…​ដូចនេះ​ចំពោះ​រឿង​ស្នេហា​បើ​នាង​អស់ចិត្ត​ពី​បុរស​ម្នាក់​…​នាង​ក៏​ចិត្តដាច់​ដែរ​…៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង