វីតាមីន B12 គឺជាវីតាមីន B ដ៏សំខាន់មួយ ដែលគេស្គាល់ឈ្មោះវាម្យ៉ាងទៀតថា Cobalamin ហើយមានសារៈសំខាន់ ក្នុងការថែរក្សាថាមពលក្នុងខ្លួន សុខភាពសាច់ដុំ សរសៃឈាម សរសៃប្រសាទ និងខួរក្បាល។ ខាងក្រោមនេះ គឺជាអាការៈមួយចំនួន ដែលកំពុងតែប្រាប់អ្នក រាងកាយមិនមានវីតាមីន B12 ក្នុងខ្លួនគ្រប់គ្រាន់ឡើយ។
កង្វះគ្រាប់ឈាមតិចតួច
រោគសញ្ញានៃការកង្វះវីតាមីន B12 ដ៏ញឹកញាប់បំផុតនោះ គឺកង្វះគ្រាប់តឈាមតិចតួច នេះដោយសារតែវីតាមីនមួយនេះ មាននាទីក្នុងបង្កើនគ្រាប់ឈាម។ បើសិនជាអ្នកមិនមាន ជីវជាតិមួយនេះគ្រប់គ្រាន់ទេ កោសិកាគ្រាប់ឈាមក្រហមនឹងថយចុះ។
ញ័រទ្រូង និងពិបាកដកដង្ហើម
ដោយសារតែកង្វះគ្រាប់ឈាមតិចតួច ដោយសារតែញ៉ាំវីតាមីន B12 មិនគ្រប់គ្រាន់រាល់ថ្ងៃ អ្នកទំនងជាអាចងាយ នឹងមានបញ្ហាញ័រដើមទ្រូងណាស់។ ការពិបាកដកដង្ហើម ក៏ជាអាការៈមួយទៀត របស់ជំងឺកង្វះគ្រាប់ឈាមដែរ។ ការដោះស្រាយបញ្ហាកង្វះគ្រាប់ឈាមបាន នឹងជួយសម្រាលដល់ការញ័រដើមទ្រូង និងពិបាកដកដង្ហើមនេះបាន។
ផ្លូវចិត្តមិនល្អ
តើអ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជាឆាប់ខឹង ភាន់ច្រឡំ និងភ្លេចភ្លាំងញឹកញាប់ដែរទេ? រឿងនេះប្រហែលជាអ្នក ខ្វះការញ៉ាំវីតាមីន B12 ពីក្នុងរបបអាហារហើយ។ រឿងនេះច្រើនតែកើតឡើង ជាពិសេស លើមនុស្សចាស់អាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។
បាក់ទឹកចិត្ត
អ្នកជំនាញនិយាយថា កង្វះវីតាមីន B12 ប្រហែលជានាំឲ្យបាក់ទឹកចិត្តដែរ។ ដោយសារតែវីតាមីន B មានសារៈសំខាន់ សម្រាប់ការផលិតសារធាតុគីមីក្នុងខួរក្បាល ដូច្នេះ កាលណាចំនួនរបស់វា ទៅជាអតុល្យភាពនោះ សារធាតុគីមីរបស់ខួរក្បាល អាចបង្កជាការបាក់ទឹកចិត្តបាន។ អ្នកជំងឺភ្លេចភ្លាំង និងខ្លាចច្រើន ក៏អាចបណ្តាលមក ពីកង្វះវីតាមីន B12 ដែរ។
មានអារម្មណ៍ថាឈឺឈៀបៗ
អ្នកប្រហែលជាត្រូវញ៉ាំអាហារណា ដែលសម្បូរវីតាមីន B12 ច្រើនបន្តិច បើសិនជាអ្នកឧស្សាហ៍ មានអាការៈឈឺឈៀបៗនៅចុងដៃ និងជើង។ អ្នកខ្លះ ក៏មានអាការៈស្ពឹកៗ ឬក្រហាយៗដែរ។ វីតាមីន B12 សំខាន់ណាស់ ក្នុងការបំពេញមុខងារ សរសៃប្រសាទកាន់តែល្អ។ កង្វះវីតាមីនមួយនេះ អាចបង្កជាជំងឺសរសៃប្រសាទ ចុងដៃចុងជើងបាន៕