ជា​ទូទៅ ក្រោយ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ យើង​គ្រប់​គ្នា​តែ​មាន​អារម្មណ៍​ថា​ធី​ង​ធោ​ង អស់កម្លាំង ឬ​មាន​អារម្មណ៍​មិន​ស្រស់ស្រាយ​ក្រោយ​ក្រោកពីដំណេក​។ ដូចនេះ វា​ជា​ចំនេះដឹង​មួយ​ដ៏​ល្អ​ប្រសិនបើ​អ្នក​បាន​យល់​ដឹង​ពី​ប្រភេទ​អាហារ​ដែល​អាច​ជួយ​ផ្តល់​ថាមពល និង​បន្សាប​ជាតិ​ស្រវឹង​ក្រោយ​ពេល​អ្នក​បាន​ទទួលទាន​ភេសជ្ជ​:​ដែល​មាន​ជាតិ​អាល់កុល​។
អាហារ និង​ភេសជ្ជៈ​ទាំងនោះ​មាន​ជា​ដូច​ជា​៖

អាហារ​:
១. ស៊ុត​:​សារធាតុ​តូ​រី​ន​ដែល​មាននៅ​ក្នុង​ស៊ុត នឹង​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​ឡើង​វិញ​។
២. ចេក និង​អាហារ​ព​ណ៍​បែ​តង​: ចេក​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជា​សារធាតុ​មួយ​ប្រភេទ​អាច​ជួយ​បន្សាប​ជាតិ​ស្រវឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ហើយ​បន្លែ​ព​ណ៍​បែ​តង ក៍​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​នេះ​ដែរ​។
៣. ស៊ុប​មាន់​: ជាតិ​ទ​សូ​ដ្យូ​ម និង​ទឹក​ដែល​មាននៅ​ក្នុង​ស៊ុប​មាន់​អាច​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ និង​កាត់​បន្ថយ​ជាតិ​ស្រវឹង​។
៤. នំ​ផ្អែម​: នៅ​ពេល​ស្រវឹង​មិន​ទាន់​ស្វាង អាហារ​ដែល​មាន​ជាតិ​ស្ករ​ដូច​ជា នំ​បុ័ង​ផ្អែម នំ​ដំណាប់ ឬ​នំ​ពង​ទា​ដែល​មាន​រសជាតិ​ផ្អែម គឺជា​របស់​ដែល​អ្នក​មិន​គួរ​មើល​រំលង​។ ក្រៅពី​ជួយ​បង្កើន​ថាមពល​ក្នុង​រាង​កាយ​ហើយ វា​ក៏​អាច​ជួយ​ឲ្យ​ឈាម​អ្នកដំណើរ​ការ​បាន​ស្រួល​ឡើង​វិញ​ផង​ដែរ​។

ភេសជ្ជៈ
១. ទឹក​: ជាតិ​អាល់កុល​តែង​ធ្វើ​ឲ្យ​អ្នក​ចង់​បត់ជើងតូច​ញឹកញាប់ និង​ធ្វើ​ឲ្យ​រាង​កាយ​បាត់បង់​ជាតិ​ទឹក​។ ហេតុនេះ​រឿង​ដ៏​ចាំបាច់​បំផុត គឺ​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​បន្ទាប់​ពី​ពិសារ​គ្រឿង​ស្រវឹង ឬ​យល់​ល្អ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​មុន​ពេល​ពិសារ​គ្រឿង​ស្រវឹង​ក៏​ជា​ការ​ល្អ​ផង​ដែរ​។
២. ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​ទឹកដូង​: វា​មាន​សមត្ថភាព​ជួយ​បន្សាប​ជាតិ​ស្រវឹង និង​ផ្តល់​ជាតិ​គ្លុយកូស​ទៅ​ក្នុង​ឈាម ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​កម្លាំង​។
៣. តែ​ខ្ញី ឬ​តែ​ជី​អង្កាម​: ការ​សិក្សា​បាន​បង្ហាញ​ថា ភេសជ្ជៈ​ពីរ​ប្រភេទ​នេះ​ផ្តល់​ប្រយោជន៍​កាត់​បន្ថយ​អាកា​រៈ​វិលមុខ​ចង់​ក្អួតចង្អោរ និង​ចុក​ច្អ​ល់​ក្នុង​ពោះ​ផង​ដែរ​។ មិន​ត្រឹមតែ​សម្រាប់​អ្នក​ចង់​បន្សាប​ជា​ស្រវឹង តែ​វា​ក៏​មាន​ប្រសិទ្ធភាព​សម្រាប់​ស្ត្រី​ដែល​ចាញ់​អំឡុង​ពេល​មាន​ផ្ទៃពោះ​។
៤. ទឹក​ផ្លែ​ឈើ​: ឧទាហរណ៍ ទឹក​ផ្លែ​ប៉ោម ឬ​ទឹក​ទំ​ពាង​បាយ​ជូ​។ សារធាតុ​ស្ករ​ដែល​មាន​ក្នុង​ផ្លែ​ឈើ​ទាំងនោះ អាច​ជួយ​ជំរុញ​ថាមពល​ក្នុង​រាង​កាយ​របស់​អ្នក​។ ម្យ៉ាងទៀត ទឹក​ផ្លែ​ឈើ​គឺ​សំបូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​ទឹក​ដែល​អាច​ជួយ​បំពេញ​ភាព​ខ្វះខាត​នៅ​ក្នុង​រាង​កាយ ជា​ពិសេស​គឺ​សារធាតុ​ទឹក​ដែល​បាន​បាត់បង់​។
៥. ភេសជ្ជៈ​ដែល​មាន​ជាតិ​ជូរ​: វា​ជា​ការ​ពិត​ណាស់​ដែល​របស់​ដែល​មាន​ផ​ជាតិ​ជូរ​ពិតជា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្វាង​ពី​អាកា​រៈ​ស្រវឹង​។ អ្នក​អាច​សាកល្បង​ទទួលទាន​ទឹកក្រូច ឬ​ទឹកក្រូច​ឆ្មា​ជាដើម​។ ហើយ​វា​កាន់តែ​ពិសេស​ទៅ​ទៀត​បើ​អ្នក​បាន​បន្ថែម​អំបិល​ចូល​ទៅ​ក្នុង​នោះ​បន្តិច ព្រោះ​សារធាតុ​អេ​ឡិច​ត្រ​លី​ត និង​សូ​ដ្យូ​ម​ដែល​មាន​ក្នុង​ភេសជ្ជៈ​នេះ​នឹង​ជួយ​បង្កើន​ជាតិ​ទឹក និង​ថាមពល​ក្នុង​ខ្លួន​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង