ការឈឺសាច់ដុំប្រហែលជាកើតឡើងក្រោយពេលធ្វើលំហាត់ប្រាណខ្លាំងពេក ឬមានរបួសនៅកន្លែងណាតិចតួច។ ភាពមានសម្ពាធលើសាច់ដុំ និងការឈឺសាច់ដុំបណ្តាលមកពីសាច់ដុំ ឬទាំងនៃអវៈយវៈនៅកន្លែងនោះធ្វើការហួសកម្រិត។ ការបង្ករោគ, ភាពមានជំងឺ ឬការប្រើប្រាស់ថ្នាំអាចបណ្តាលអោយឈឺសាច់ដុំពេញខ្លួនតែម្តងក៏មានដែរ។ ដូច្នេះគ្រូពេទ្យត្រូវធ្វើយ៉ាងណាវាយតម្លៃ និងព្យាបាលការឈឺសាច់ដុំពេញរាងកាយនេះ។

ចំពោះការថែទាំងសុខភាពដោយខ្លួនឯងក៏អាចបំបាត់ការឈឺសាច់ដុំ និងអោយរបួសឆាប់ជាដែឬ។ ការឈឺសាច់ដុំដែលកើតឡើងដោយសារការធ្វើសកម្មភាពរាងកាយ ឬប្រើកម្លាំងហួសកម្រិតច្រើនកើតឡើងនៅរយៈពេល ១២ទៅ៤៨ម៉ោងក្រោយ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយបំបាត់ការឈឺចាប់នេះបាន៖
បន្ថយការហើម និងឈឺចាប់
ចូរស្អំទឹកកកនៅលើសាច់ដុំណាដែលកំពុងតែឈឺដើម្បីបន្ថយការហើម និងឈឺចាប់។ ចូរប្រើថងស្អំទឹកកកស្អំក្នុងអំឡុងពេល ២៤ ទៅ ៧២ម៉ោងដំបូងក្រោយឈឺសាច់ដុំ។ ចូរស្អំទឹកត្រជាក់នៅកន្លែងដែលឈឺនោះប្រមាណ ៣ដងក្នុងមួយថ្ងៃរយៈពេល ២០នាទី។
• ថ្នាំបំបាត់ការឈឺចាប់ Ibuprofen អាចសម្រកហើម និងឈឺចាប់លើសាច់ដុំកំពុងតែឈឺនោះបាន។
• ការប្រើកន្សែងរុំអោយតឹង និងលើកអោយខ្ពស់ក៏អាចបន្ថយការហើមបានដែរ។ ការលើកអវៈយវៈនឹងជួយជម្រុញដល់របត់ឈាមរត់ ឬលំហូរឈាមទៅសាច់ដុំដែលកំពុងតែឈឺបាន។
ស្អំទឹកក្តៅ
ការស្អំទឹកក្តៅលើសាច់ដុំដែលកំពុងតែឈឺអាចជម្រុញអោយលំហូរឈាម និងជួយអោយសាច់ដុំនោះឆាប់ជា។ របត់ឈាមរត់ និងលំហូរឈាមអាចជួយអោយសាច់ដុំដែលរងសម្ពាធ ឬរហែកឆាប់ជាវិញបាន។ ការស្អំទឹកក្តៅ ឬត្រាំងក្នុងទឹកក្តៅក៏អាចពង្រឹងដល់របត់ឈាមរត់ទៅកន្លែងឈឺចាប់បានដែរ។
ចាប់ផ្តើមធ្វើការពន្យឺតសាច់ដុំតិចឡើងវិញ
ការពន្យឺតសាច់ដុំថ្នមៗអាចជួយពង្រឹងដល់កម្លាំងរបស់សាច់ដុំក្នុងពេលកំពុងតែជាបាន។ ចូរចៀសវាងការធ្វើសកម្មភាពបែបអ៊ែរ៉ូប៊ិកណាដែលខ្លាំងៗ ឬលើកទម្ងន់ខ្លាំងពេកខណៈពេលដែលកំពុងតែឈឺសាច់ដុំស្រាប់។ អ្នកជំនាញខាងព្យាបាលដោយចលនាអាចណែនាំពីវិធីហាត់ប្រាណបែបពន្យឺតសាច់ដុំដើម្បីបំបាត់ការឈឺសាច់ដុំបាន។
• ការដើរ, ការជិះកង់ ឬហែលទឹកសុទ្ធតែអាចជួយពង្រឹងសាច់ដុំ និងចៀវាងការមានរបួសម្តងទៀតបាន។ ការធ្វើសកម្មភាពបែបអ៊ែរ៉ូប៊ិកក្នុងកម្រិតតិចតួចក៏ផ្តល់ជាការហាត់ប្រាណខាងរាងកាយដែរ ហើយក៏មិនបង្កអោយមានរបួសដល់សាច់ដុំទៀត។
• ចូរបង្កើនសកម្មភាពបន្តិចម្តងៗដើម្បីស្តានូវមុខងារធម្មតារបស់សាច់ដុំដែលឈឺនោះវិញ។ ចូរផ្តល់ពេលវេលាដល់សាច់ដុំដើម្បីជាសះស្បើយ និងឈប់ធ្វើសកម្មភាពទាំងអស់បើសិនជាការឈឺចាប់នោះកើតឡើងម្តងទៀត។
ចំណាំ ៖
• ចូរម៉ាស្សានៅលើសាច់ដុំដែលកំពុងតែឈឺ ព្រោះវាអាចជួយបំបាត់ការឈឺចាប់ដែរ
• ព្យាយាមពន្យឺតសាច់ដុំក្រោយពីស្អំទឹកកក ឬទឹកក្តៅរួច
• សម្រាក និងព្យាយាមអង្គុយអោយមានផាសុខភាព ព្រមទាំងមិនដាក់សម្ពាធលើសាច់ដុំដែលឈឺទៀត។
• ងូតទឹកក្តៅអាចបំបាត់ការឈឺចាប់ដែរ
• បន្លែដែលកក់ក៏អាចប្រើជាដុំទឹកកកមកស្អំលើសាច់ដុំកំពុងឈឺបានដែរ៕