តម្រងនោមគឺជាសរីរាង្គដ៏សំខាន់មួយព្រោះវាអាចច្រោះអ្វីៗគ្រប់យ៉ាងដែលមិនមែនជារបស់ក្នុងចរន្តឈាម។ សីរាង្គទាំងនេះក៏មាននាទីសម្រួលដល់សម្ពាធឈាម និងផ្តល់ភាពធម្មតាឡើងវិញដល់កម្រិតជាតិអាស៊ីតក្នុងរាងកាយដែរ។
ដោយសារតែតម្រងនោមត្រូវការធ្វើការងារ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដូច្នេះវាអាចនឹងប្រឈមបញ្ហាច្រើនណាស់។ វិធីតែមួយដើម្បីរក្សាតម្រងនោមឲ្យស្ថិតក្នុងសភាពល្អរហូតនោះគឺការញ៉ាំអាហារដែលមានជីវជាតិសំខាន់ៗសម្រាប់ទ្រទ្រង់ដល់សុខភាពរបស់វា។ ខាងក្រោមនេះគឺជាកំពូលអាហារដែលត្រូវបានគេចាត់ទុកថាល្អចំពោះសុខភាពតម្រងនោម៖

ម្ទេសប្លោកក្រហម
ដោយសារតែម្ទេសប្លោកក្រហមសម្បូរអង់ទីអុកស៊ីដង់ ដូច្នេះវាពិតជាល្អណាស់ចំពោះតម្រងនោម។ សារធាតុ Lycopene ដែលត្រូវបានគេស្គាល់ថាមានលក្ខណៈប្រឆាំងនឹងមហារីកនោះ ក៏ជួយកាត់បន្ថយការប្រឈមនឹងមហារីកតម្រងនោមដែរ។
ស្ពៃក្តោប និងបន្លែផ្សេងៗទៀត
ស្ពៃក្តោបអាចជួយដល់សុខភាពតម្រងនោមបាន។ វាមិនខុសគ្នាឡើងថា ប្រភេទបន្លែទាំងឡាយផ្ទុកទៅដោយសារធាតុ Phytochemical ដែលទៅបញ្ឈប់សកម្មភាពបំផ្លាញរបស់រ៉ាឌីកាល់សេរីដែលអាចបង្កជាមហារីកបាន។ ស្ពៃក្តោបក៏មានជាតិសរសៃច្រើនដែលល្អបំផុតចំពោះពោះវៀនដែរ។
ក្រៅពីស្ពៃក្តោប យកល្អក៏គួរតែបញ្ចូលផ្កាខាត់ណា ប្រូខូលី និងស្ពៃប៉កចយទៅក្នុងរបបអាហារផង ព្រោះវាសុទ្ធតែមានជាតិស្ពាន់ធ័រដែលជួយលាងសម្អាតរាងកាយដោយការច្រោះជាតិពុលចេញពីក្នុងខ្លួន។ បើសិនជារាងកាយមានជាតិពុលតិច ជំងឺមហារីកតម្រងនោម និងមហារីកផ្សេងៗទៀតមិនសូវជាកើតមានឡើយ។
ខ្ទឹមស និងខ្ទឹមបារាំង
ប្រភេទគ្រឿងផ្សំទាំងនេះពិតជាល្អណាស់ចំពោះតម្រងនោម។ ទាំងខ្ទឹមស និងខ្ទឹមបារាំងត្រូវបានគេស្គាល់ថាជួយបំបាត់ការរលាក ដែលជាជំងឺមួយទាក់ទងយ៉ាងខ្លាំងនឹងបញ្ហាសុខភាពជាច្រើន ជាពិសេសមហារីកតែម្តង។ ខ្ទឹមសជួយបញ្ចុះកូឡេស្តេរ៉ុល និងរំលាយកំណកឈាម។ ខ្ទឹមបារាំងវិញជួយបង្ការជំងឺបេះដូង និងជំនួយដល់ការរំលាយជាតិកាបូអ៊ីដ្រាត និងខ្លាញ់។
ផ្លែបឺរី
គ្រប់គ្នាធ្លាប់ដឹងហើយថា ប្រភពអង់ទីអុកស៊ីដង់ដ៏ច្រើនបំផុតនោះគឺនៅក្នុងផ្លែបឺរីនេះឯង។ គ្រាន់តែញ៉ាំផ្លែស្ត្របឺរី បឺរីពណ៌ខៀវ និងរ៉ាសបឺរធម្មតាៗក៏ជួយដល់សុខភាពតម្រងនោមទៅហើយ។ ផ្លែបឺរីក៏ជាប្រភពនៃវីតាមីន C ដ៏ល្អមួយដែរក្នុងជួយឲ្យស្បែកកាន់តែក្មេងវ័យ និងមានប្រព័ន្ធភាពស៊ាំរឹងមាំ។
ត្រីសម្បូរខ្លាញ់
ប្រូតេអ៊ីនមិនគ្រាន់តែសំខាន់ចំពោះសាច់ដុំដ៏រឹងមាំទេ តែក៏ល្អចំពោះសុខភាពតម្រងនោមដែឬ។ ប្រភពដ៏ល្អបំផុតរបស់ប្រូតេអ៊ីននោះគឺប្រូតេអ៊ីនដែលគ្មាន ឬមានតិចតួចបំផុតនៃជាតិខ្លាញ់ Saturated Fat ដូចជាត្រីសម្បូរខ្លាញ់តែម្តងដូចជា ត្រីសាឌីន ធូណាជាដើម ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី។ ខ្លាញ់ដ៏ល្អចំពោះសុខភាពទាំងនេះមិនត្រឹមតែមានប្រយោជន៍ចំពោះប្រព័ន្ធបេះដូងសរសៃឈាមទែ តែក៏ល្អចំពោះតម្រងនោមដែរព្រោះវាមានសមាសធាតុប្រឆាំងនឹងការរលាក៕