អ្នកធ្លាប់ប្រាថ្នាចង់ឲ្យទំនាក់ទំនងគូស្នេហ៍ផ្អែមល្ហែមដូចការណាត់ជួបលើកដំបូងដែរទេ? ធ្លាប់ចង់បានការយកចិត្តទុកដាក់ និងយល់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់ដូចគ្រាដំបូងៗដែរទេ? តោះ អនុវត្តតាមគន្លឹះខាងក្រោមនេះដើម្បីធ្វើឲ្យស្នេហារបស់អ្នកផ្អែមល្ហែមដូចកាលពីមុន៖

១. បង្កើតភាសាសម្ងាត់ផ្ទាល់ខ្លួន
ពាក្យពេចន៍ហៅគ្នាថា «បង» និង «អូន» ហាក់ដូចជាសាមញ្ញបន្តិចបច្ចុប្បន្ននេះ! សាកល្បងប្រើពាក្យផ្សេង ឬឈ្នោះដូចជា «ប៉ិ សំណព្វចិត្ត អូនសម្លាញ់/បងសម្លាញ់» ឬក៏ប្រើកូដផ្ទាល់ខ្លួនដូចជា «143» ជំនួសពាក្យ «បងស្រលាញ់អូន»។ សាកល្បងប្រើពាក្យផ្ទាល់ខ្លួនមើល!
២. ឱបគាត់ពីក្រោយខ្នង
ស្វែងរកឈុតឆាកឱបពីក្រោយនៅក្នុងខ្សែភាពយន្តមនោសញ្ចេតនាផ្អែមល្ហែមខ្លាំង ហើយសាកល្បងធ្វើដាក់គូស្នេហ៍របស់អ្នក ធានាថាគាត់នឹងមិនចង់ឃ្លាតពីអ្នកសូម្បីតែមួយជំហាន។
៣. មើលថែគាត់ច្រើនជាងអ្នកដទៃ
ពេលវេលាតែងបង្ហាញឲ្យឃើញពីភាពស្មោះស្ម័គ្រ។ ធ្វើជាគិលានុបដ្ឋាយិកាផ្ទាល់ខ្លួន ពេលគាត់ឈឺ ជូនគាត់ទៅជួបគ្រូពេទ្យ និងរៀបចំថ្នាំឲ្យគាត់លេប។ គាត់នឹងដឹងច្បាស់ថា មានមនុស្សមា្នក់នឹងស្មោះស្ម័គ្ររួមរស់ជាមួយគាត់ជារៀងរហូត។ ឲ្យគាត់ដឹងពីទឹកចិត្តដែលចេញពីបេះដូងអ្នក នោះគាត់នឹងដឹងកាន់តែច្បាស់ថា គ្មានកន្លែងណាសុវត្ថិភាព និងកក់ក្ដៅជាងពេលគាត់នៅជាមួយអ្នកនោះទេ។
៤. ធ្វើយ៉ាងណាឲ្យគាត់មានអារម្មណ៍ល្អ នៅពេលមានអ្នកនៅក្បែរ
វាជារឿងមួយអស្ចារ្យដែលមិនអាចបំភ្លេចបាន នៅពេលដែលអ្នកអាចកៀកកើយ ស្និទ្ធស្នាលគ្នាទៅវិញទៅមក។ ថើបគាត់ និយាយពាក្យ រាត្រីសួស្តី ទៅកាន់គាត់មុនចូលគេង និងភ្ញាក់ពីគេងភ្លាម មើលគាត់មុនគេបង្អស់។ រៀងរាល់ព្រឹកព្រលឹម អ្នកប្រាកដជាមានអារម្មណ៍ចង់ឱបគាត់ ហើយគាត់ក៏នឹងមានអារម្មណ៍ចង់ឱបអ្នកដូចគ្នា។ អ្នកនឹងរីករាយពេលមួយថ្ងៃ!
៥. ធ្វើឲ្យស្នេហាស្រស់ស្រាយដោយស្នាមថើបផ្អែមល្ហែមនាពេលព្រឹក
បង្ហាញក្ដីស្រលាញ់នៅពេលព្រឹក គឺជាកូនសោដ៏សំខាន់សម្រាប់ភាពយូរអង្វែង! ប្រាប់គាត់ថាអ្នកស្រលាញ់គាត់ជាមួយស្នាមថើបស្និទ្ធស្នាល នៅពេលគាត់ក្រោកពីគេង។ ដូច្នេះ ការថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកគឺជារឿងចាំបាច់ ដើម្បីធ្វើឲ្យប្រាកដថាអ្នកមានក្លិនមាត់ពេលព្រឹកល្អសម្រាប់ស្នាមថើបរបស់អ្នក និងតែងតែទទួលបានក្ដីស្រលាញ់ពីគាត់៕