ការហឹងត្រចៀកគឺជាការដាក់សម្ពាធទៅលើក្រដាសត្រចៀក និងជាលិការត្រចៀកកណ្តាលរបស់អ្នក នៅពេលដែលមានសម្ពាធខ្យល់ក្នុងផ្នែកកណ្តាលរបស់ត្រចៀក និងសម្ពាធក្នុងបរិយាកាសខាងក្រៅមិនមានតុល្យភាពនឹងគ្នា ។ អ្នកប្រហែលជាធ្លាប់មានបញ្ហាហឹងត្រចៀកនៅពេលដែលយន្តហោះចាប់ផ្តើមហោះ ឬនៅពេលយន្តហោះចុះចត ។ ការដែលមានការផ្លាសប្តូរលឿនដូច្នេះដោយសារតែកំពស់ ឬកន្លែងដែលខ្ពស់ជាងដីធ្វើអោយសម្ពាធខ្យល់ផ្លាស់ប្តូរ និងអាចកើតទៅជាការហឹងត្រចៀក ។
ជាធម្មតាយើងអាចធ្វើការបំបាត់នូវការហឹតត្រចៀកនេះបានតាមរយៈ ការស្ងាប លេបទឹកមាត់ ឬទំពារស្ករកៅស៊ូ ។ ទោះជាយ៉ាងនេះក្តី ករណីហឹងត្រចៀកដែលធ្ងន់ធ្ងរ ត្រូវតែជួបជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាល ។
រោគសញ្ញាលេចឡើងពេលហ៊ឹងត្រចៀក
ការហឹងត្រចៀកអាចកើតតែម្ខាង ឬទាំងសងខាង ហើយមានរោគសញ្ញាដូចជា៖
- គ្មានផាសុខភាព ឬឈឺក្នុងត្រចៀកក្នុងកំរិមធ្យម
- មានអារម្មណ៍ថាណែនៗ ឬមានអ្វីមួយញុកក្នុងត្រចៀក
- លឺខ្សាវៗ ឬបាត់បង់ការលឺសូរពីកំរិតតិចតួចទៅកំរិតមធ្យម
ប្រសិនបើការហឹងត្រចៀកដែលធ្ងន់ធ្ងរមានរយៈពេលច្រើនជាងពីរបីម៉ោងអ្នកអាចមានរោគសញ្ញាដូចជា៖
- ឈឺខ្លាំង
- មានសម្ពាធក្នុងត្រចៀកដូចនឹងការមុជទឹក
- បាត់បង់នូវការលឺសូរពីកំរិតមធ្យមទៅខ្លាំង
- លឺសូរសំលេងងឺងៗក្នុងត្រចៀក (Tinnitus)
- មានអារម្មណ៍ដូចវិលមុខ (Vertigo)
- ក្អួត ក្រោយពីវិលមុខហើយ
- ហូរឈាមតាមត្រចៀក
ពេលដែលត្រូវជួបជាមួយគ្រូពេទ្យ
ជាធម្មតាអ្នកតែងតែធ្វើអ្វីមួយក្នុងការដោះស្រាយនឹងបញ្ហាហឹងត្រចៀករបស់អ្នករួមមកហើយ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាគ្មានផាសុខភាព ណែនៗ ឬលឺសូរខ្សាវៗក្នុងត្រចៀកលើពី ពីរបីម៉ោង ឬធ្លាប់មានរោគសញ្ញាដែលធ្ងន់ធ្ងរពីមុនមក អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យ ។
មូលហេតុនៃការហ៊ឹងត្រចៀក
ការហឹងត្រចៀកកើតឡើងនៅពេលដែលមានអតុល្យភាពរវាងសម្ពាធខ្យល់ក្នុងត្រចៀកផ្នែកកណ្តាល និងសម្ពាធខ្យល់ក្នុងមជ្ឍដ្ឋានខាងក្រៅ ។ ចំណែកសម្ពាធខ្យល់នៅក្នុងមជ្ឍដ្ឋានខាងក្រៅនេះដែរ មាននាទីការពារក្រដាសត្រចៀក (Tympanic Membrane) ពីរំញ័រផ្សេងៗ ។ សម្ពាធខ្យល់ដែលទៀងទាត់ គឺធ្វើការក្នុងផ្លូវមួយដែលតូចហៅថា Eustachian Tube ។ វាគឺជាបំពង់បិទជិតមួយដែលម្ខាងតភ្ជាប់ពីត្រចៀកផ្នែកកណ្តាល ហើយម្ខាងទៀតមានច្រកចេញតូចមួយដែលស្ថិតនៅផ្នែកខាងក្រោយរបស់ប្រហោងច្រមុះ និងផ្នែកខាងលើបង្អស់របស់បំពង់ក (Nasopharynx) ។
នៅពេលដែលខ្យល់ក្នុងត្រចៀកឡើង ឬចុះ ធ្វើអោយសម្ពាធខ្យល់ក្នុងមជ្ឍដ្ឋានខាងក្រៅមានការផ្លាស់ប្តូរយ៉ាងលឿន ហើយបំពង់ Eustachian Tube មិនអាចសម្របខ្លួនបានលឿននោះទេ ។ នៅពេលដែល
លេបទឹកមាត់ ឬស្ងាប ធ្វើអោយសាច់ដុំដែលបញ្ជាលើបំពង់ Eustachian Tube បើក និងធ្វើអោយត្រចៀកផ្នែកកណ្តាល អាចធ្វើការបានមកវិញធម្មតាដោយសារមានខ្យល់ចូលគ្រប់គ្រាន់ និងអាចបំបាត់អាការៈហឹងត្រចៀកបាន ។
មូលហេតុដែលហឹងត្រចៀកតិចតួច
វាអាចបណ្តាលមកពី៖
- ធ្វើការមុជក្នុងទឹកដែលជ្រៅៗ
- ការដែលវាយ ឬទះនៅនឹងត្រចៀក
- ការផ្ទុះអ្វីមួយខ្លាំងនៅជិតខ្លួន
អ្នកប្រហែលជាធ្លាប់មានករណីតិចតួចមួយទាក់ទងនឹងហឹងត្រចៀក ខណៈពេលដែលជិះជណ្តើរយន្ត ក្នុងអាគារដែលខ្ពស់ៗ ឬការធ្វើដំណើរឡើងលើភ្នំ ។
កត្តាប្រឈមមុខ
មានស្ថានភាពបញ្ហាជាច្រើនដែលធ្វើអោយស្ទះបំពង់ Eustachian Tube ឬធ្វើអោយមុខងាររបស់វាមានការរាំងស្ទះ គឺសុទ្ធតែធ្វើអោយប្រឈមមុខនកាន់តែខ្ពស់នឹងការហឹងត្រចៀក ។ កត្តាប្រឈមមុខដែលសំបូរជាងគេមានដូចជា៖
- បំពង់ Eustachian Tube តូចពេកពិសេសក្នុងវ័យជាទារក
- ផ្តាសាយ
- មានជំងឺនៅក្នុងប្រហោងឆ្អឹង
- អាឡឺហ្សីច្រមុះ (Allergic Rhinitis)
- ជំងឺលើត្រចៀកផ្នែកកណ្តាល (Otitis Media)
- ដេកនៅពេលយន្តហោះឡើង ឬចុះ
ការឧស្សាហ៍ ឬមានការហឹងត្រចៀកដែលធ្ងន់ធ្ងរអាចធ្វើអោយខូចជាលិការរបស់ត្រចៀកខាងក្នុង ឬបំពង់ Eustachian Tube ដែលជាហេតុធ្វើអោយឱកាសមានបញ្ហាត្រចៀកកាន់តែខ្លាំងទៅៗ ។
ផលវិបាកដែលបណ្តាលមកពីការហ៊ឹងត្រចៀក
ការហ៊ឹងត្រចៀកជាធម្មតាមិនបង្កជាបញ្ហាអ្វីធំដុំនោះទេ ហើយវាបាត់ទៅវិញដោយខ្លួនឯងដែរ ។ ចំពោះផលវិបាកដែលយូរអង្វែង អាចកើតមាននៅពេលដែលស្ថានភាពបញ្ហានោះកាន់តែយូរទៅៗ ឬធ្ងន់ទៅៗ ឬមានការខូចខាត់ទៅដល់រចនាសម្ព័ន្ធរបស់ត្រចៀកផ្នែកកណ្តាល និងខាងក្នុង ។
ផលវិបាកដែលមិនសូវមាន
- ស្តាប់លែងលឺរហូត
- ហឹងត្រចៀកជាប់រាំរៃ (Chronic Tinnitus)
ការត្រៀមខ្លួនក្នុងការជួបជាមួយគ្រូពេទ្យ
ប្រសិនបើអ្នកធ្លាប់មានបញ្ហាឈឺត្រជាក់ធ្ងន់ធ្ងរ ឬមានរោគសញ្ញាណាមួយដែលទាក់ទងនឹងការហឹងត្រចៀក ហើយគ្មានមធ្យបាយដើម្បីបំបាត់បាន អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យប្រចាំគ្រួសារ ឬអ្នកដែលមានវិជ្ជពេទ្យជាមុនសិន ។ ទោះបីជាយ៉ាងនេះក្តី អ្នកប្រហែលជាត្រូវបញ្ជូនទៅអ្នកឯកទេសខាង ត្រចៀក ច្រមុះ និងបំពង់ក (ENT ឬ Otolaryngologist) ។ វាមានប្រយោជន៍ណាស់ក្នុងការត្រៀមខ្លួនទុកជាមុនក្នុងពេលទៅជួបជាមួយគ្រូពេទ្យ ។
អ្វីដែលអ្នកអាចធ្វើបាន
- សរសេរពីរោគសញ្ញាដែលអ្នកធ្លាប់មាន រួមទាំងរោគសញ្ញាដែលមិនពាក់ព័ន្ធនឹងត្រចៀកផងដែរ
- ធ្វើតារាងឈ្មោះថ្នាំដែលបានប្រើកន្លងមក រួមទាំងវីតាមីន ឬថ្នាំជំនួយទាំងអស់ដែលបានប្រើ
- សរសេរនូវសំនួរសំរាប់សួរទៅគ្រូពេទ្យ
ការរៀបចំតារាងសំនួររួចជាស្រេច វានឹងជួយអ្នកដើម្បីធ្វើការជាមួយគ្រូពេទ្យបានយ៉ាងល្អ ។ ប្រសិនបើអ្នកកំពុងមានរោគសញ្ញានៃការហឹងត្រចៀក អ្នកប្រហែលជាចង់សួរគ្រូពេទ្យនូវសំនួរដូចខាងក្រោម៖
- តើរោគសញ្ញានេះទាក់ទងនឹងការធ្វើដំណើររតាមយន្តហោះមែនដែររឺទេ?
- តើមានការព្យាបាលអ្វីដែលល្អបំផុត?
- តើខ្ញុំនឹងមានផលវិបាកទៅថ្ងៃក្រោយយូរដែររឺទេ?
- តើខ្ញុំនឹងត្រូវធ្វើការតាមដានផលវិបាកដែលមាននេះតាមរបៀបណាដែរ?
- តើខ្ញុំអាចធ្វើការការពារបញ្ហានេះកុំអោយកើតមានម្តងទៀតបានតាមរបៀបណាដែរ?
- តើខ្ញុំគួរតែលុបចោលនូវការធ្វើដំណើរទាំងអស់ដែររឺទេ?
- តើមានសេចក្តីណែនាំ ឬរបស់អ្វីមួយដែលខ្ញុំអាចយកទៅផ្ទះមើលបានទេ? តើមានគេហទំព័រ ណាមួយដែលអ្នកអាចណែនាំអោយខ្ញុំមើលបាន?
អ្នកមិនត្រូវស្ទាក់ស្ទើឡើងក្នុងការសួរសំនួរទៅគ្រូពេទ្យនូវសំនួរដែលអ្នកចង់សួរអោយសោះ ។
អ្វីដែលគ្រូពេទ្យអាចនឹងសួរអ្នកវិញ
គ្រូពេទ្យនឹងសួរអ្នកនូវសំនួរមួយចំនួនដូចជា៖
- តើនៅពេលណាដែលអ្នកចាប់ផ្តើមមានរោគសញ្ញាទាំងនេះ?
- តើរោគសញ្ញាទាំងនោះមានភាពធ្ងន់ធ្ងរដល់កំរិតណា?
- តើអ្នកមានអាឡែរហ្សីជាមួយអ្វីមួយដែររឺទេ?
- តើថ្មីៗនេះអ្នកមានជំងឺផ្តាសាយ ជំងឺក្នុងប្រហោងឆ្អឹង ឬជំងឺក្នុងត្រចៀកដែររឺទេ
- តើពីមុនអ្នកធ្លាប់ហឹងត្រចៀកដែររឺទេ?
- តើការហឹងត្រចៀកកាលពីពេលមុនមានលក្ខណៈយូរ ឬក៏ធ្ងន់?
អ្វីដែលអ្នកអាចធ្វើបានក្នុងពេលជួបជាមួយគ្រូពេទ្យ
ដើម្បីព្យាបាលការឈឺចាប់ អ្នកប្រហែលជាត្រូវប្រើថ្នាំ Nonsteroid Anti-Inflammatory Drug ដូចជា Ibuprofen (Advil, Motrin) ឬ Naproxen (Aleve) ឬ ថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol) ។
ការធ្វើតេស និងការដាក់រោគវិនិច្ឆ័យ
គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យដោយផ្អែកលើសំនួរដែលបានសួរ និងធ្វើការពិនិត្យទៅលើត្រចៀកដោយប្រើឧបករណ៍មួយដែលមានភ្លើងសំរាប់មើលត្រចៀក (Otoscope) ។ រោគសញ្ញានៃការហឹងត្រចៀក អាចស្ថិតលើក្រដាសត្រចៀកដែលអាចប៉ោងទៅក្រៅ ឬចូលក្នុងបន្តិច ។ គ្រូពេទ្យអាចនឹងឃើញមានការរហែក ឬមានដក់ឈាម ឬទឹកនៅក្នុងក្រដាសត្រចៀក ដែលជាសញ្ញាប្រាប់ថាធ្ងន់ ។ ប្រសិនបើអ្នកធ្លាប់មានសញ្ញាវិលមុខ មានន័យថារចនាសម្ព័ន្ធក្នុងត្រចៀកផ្នែកខាងក្នុងត្រូវបានខូចខាតហើយ ។ គ្រូពេទ្យអោយយោបល់អ្នកធ្វើតេសសំរាប់ស្តាប់សំលេង (Audiometry) ដើម្បីកំណត់ថាអ្នកអាចស្តាប់លឺសំលេងបានប៉ុន្មាន ហើយមានបញ្ហាក្នុងការស្តាប់សំលេងក្នុងត្រចៀកខាងក្នុងយ៉ាងណាដែរ ។
ការព្យាបាល
មានមនុស្សជាច្រើនអាចធ្វើការដោះស្រាយនូវបញ្ហាហឹងត្រចៀកបានដោយខ្លួនឯង ។ ប៉ុន្តែនៅពេល ដែលរោគសញ្ញាទាំងនោះនៅតែបន្តអ្នកប្រហែលជាត្រូវការជួយជាមួយគ្រូពេទ្យដើម្បីព្យាបាល និងធ្វើអោយសម្ពាធក្នុងត្រចៀកមានស្ថេរភាពមកវិញ និងបំបាត់រោគសញ្ញាផងដែរ ។
ការប្រើប្រាស់ថ្នាំ
គ្រូពេទ្យនឹងចេញវេជ្ជបញ្ជា ឬអោយអ្នកទិញថ្នាំដោយមិនបាច់មានវេជ្ជបញ្ជាដើម្បីធ្វើការគ្រប់គ្រង់បញ្ហារបស់អ្នក និងធ្វើយ៉ាងណាអោយបំពង់ Eustachian Tube វិញមករកធម្មតាវិញ ។ ថ្នាំដែលត្រូវប្រើមាន៖
- ថ្នាំបាញ់កុំអោយតឹងច្រមុះ
- ថ្នាំលេបកុំអោយតឹងច្រមុះ
- ថ្នាំលេបប្រឆាំងការអាឡែរហ្សី
ករណីដែលមិនស្រួលក្នុងខ្លួន អ្នកនឹងត្រូវប្រើថ្នាំ Nonsteroid Anti-Inflammatory Drug ដូចជា Ibuprofen (Advil, Motrin) ឬ Naproxen (Aleve) ឬ ថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol) ។
ការព្យាបាលដោយខ្លួនឯង
ជាមួយគ្នានឹងការព្យាបាលដោយប្រើថ្នាំ គ្រូពេទ្យនឹងធ្វើការណែនាំអ្នកអោយចេះនូវវិធីព្យាបាលដោយខ្លួនឯងដែលហៅថា Valsalva Maneuver ។ របៀបនៃការធ្វើគឺ បិទមាត់អោយជិតហើយផ្លុំខ្យល់តិចៗចេញទៅតាមច្រមុះ ។ ពេលខ្លះការប្រើថ្នាំក៏ធ្វើអោយមុខងាររបស់បំពង់ Eustachian Tube វិលមករកភាពដើមវិញដែរ ហើយការធ្វើ Valsalva Maneuver ក៏អាចអោយបំពង់មួយនេះបើកបានដែរ ។
ការវះកាត់
ការព្យបាលដោយការវះកាត់ទៅលើការហឹងត្រចៀកមានលក្ខណៈកំរណាស់ ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ គ្រូពពេទ្យនឹងធ្វើការវះបើកក្រដាសត្រចៀក (Myringotomy) ដើម្បីធ្វើអោយសម្ពាធខ្យល់ស្មើ គ្នាវិញ និងបង្ហូរទឹកចេញមក្រៅ ។
ការគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាការដាច់ក្រដាស់ត្រចៀក ឬរហែកភ្នាសរបស់ត្រចៀកផ្នែកខាងក្នុង ជាធម្មតាវានឹងជាវិញដោយខ្លួនឯងទេ ។ ទោះជាយ៉ាងនេះក្តី ការព្យាបាលដោយវះកាត់ដើម្បីជួសជុលបញ្ញាទាំងនោះគឺជាករណីដែលកម្រនឹងធ្វើណាស់ ។
ការបង្ការកុំអោយហឹងត្រចៀក
តាមជំហានខាងក្រោមនេះអាចជួយអោយអ្នកគេចផុតពីការហឹងត្រចៀកបាន៖
- ស្ងាប និងលេបទឹកមាត់ពេលធ្វើដំណើរឡើងខ្ពស់ ឬចុះទាប៖ ការស្ងាប និងការលេបទឹកមាត់ ធ្វើអោយសាច់ដុំអាចបញ្ជាអោយបំពង់ Eustachian Tube បើកបាន ។ អ្នកអាចធ្វើការបៀមស្ករគ្រាប់ រឺទំពារស្ករកៅស៊ូដើម្បីជួយក្នុងការលេបទឹកមាត់ ។
- ប្រើមធ្យោបាយ Valsalva Maneuver ក្នុងពេលធ្វើដំណើរឡើងខ្ពស់ ឬចុះទាប៖ ការផ្លុំខ្យល់តិចៗ ទៅតាមច្រមុះ ហើយបិទមាត់អោយជិត ដោយធ្វើអោយបានច្រើនដងពិសេសនៅពេលចុះទៅកន្លែងទាប ដើម្បីធ្វើអោយសម្ពាធក្នុងត្រចៀកនិងខាងក្រៅត្រចៀកស្មើគ្នា ។
- មិនត្រូវដេកនៅពេលយន្តហោះចាប់ផ្តើមហោះ និងចុះចតទេ៖ ប្រើសិនបើអ្នកភ្ញាក់នៅពេល យន្តហោះចាប់ផ្តើមហោះ និងចុះចត អ្នកអាចនឹងមានវិធីសាស្ត្រក្នុងការធ្វើអោយសម្ពាធក្នុងត្រចៀកមកល្អវិញ ។
- ត្រូវគិតឡើងវិញពីគំរោងនៃការធ្វើដំណើរ៖ បើអាចទៅរួច មិនត្រូវធ្វើដំណើរតាមយន្តហោះនៅពេលដែលអ្នកមានជំងឺផ្តាសាយ ជំងឺក្នុងប្រហោងឆ្អឹង តឹងច្រមុះ ឬជំងឺត្រចៀកនោះទេ ។ ប្រសិនបើអ្នកទើបតែធ្វើការវះកាត់ត្រចៀក ត្រូវពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកនូវមធ្យោយបាយណាមួយដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ ។
- ប្រើថ្នាំដែលមិនបាច់មានវេជ្ជបញ្ជាដូចជាថ្នាំបាញ់បំបាត់ការតឹងច្រមុះ៖ ប្រសិនបើអ្នកតឹងច្រមុះ ត្រូវតែប្រើថ្នាំបំបាត់ការតឹងច្រមុះអោយបាន ៣០នាទីសិន មុននឹងយន្តហោះចាប់ផ្តើមហោះ និងចុះចត ។ ទោះបីជាយ៉ាងណាក៏ដោយមិនត្រូវប្រើថ្នាំនេះអោយលើសចំនុះនោះទេ ដោយសារតែការបន្ធូរនូវអាការៈតឹងច្រមុះគឺប្រើពេលច្រើនថ្ងៃ ដូច្នេះវាអាចនឹងធ្វើអោយតឹងច្រមុះវិញ លើសដើម ។
- ធ្វើការប្រើប្រាស់ថ្នាំបំបាត់ការតឹងច្រមុះដោយលេបជាលក្ខណៈប្រុងប្រយ័ត្ន៖ ការប្រើថ្នាំលេបសំរាប់បំបាត់ការតឹងច្រមុះអាចមានប្រសិទ្ធភាពប្រសិនបើលេបមុនយន្តហោះចេញដំណើរ ៣០នាទីមុន ។
ទោះបីជាយ៉ាងនេះក្តី ប្រសិនបើអ្នកមានជំងឺបេះដូង បេះដូងដើរមិនប្រក្រតី ឬឡើងសម្ពាធឈាមខ្ពស់ ឬអ្នកធ្លាប់មានប្រតិកម្មថ្នាំ អ្នកគួរតែកុំប្រើថ្នាំនេះដោយលេបអី លុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ ។
ប្រសិនបើអ្នកជាបុរសអាយុលើសពី ៥០ឆ្នាំ អ្នកប្រហែល ជាធ្លាប់មានផលវិបាកនៃការប្រើថ្នាំដ៏ធ្ងន់ធ្ងរហើយ បន្ទាប់ពីប្រើថ្នាំបំបាត់ការតឹងច្រមុះរួចមក ដែលក្នុងនោះមានថ្នាំដូចជា Pseudoephendrine (Actifed, Sudafed) ដែលធ្វើអោយស្ទះទឹកនោម ពិសេសចំពោះអ្នកដែលមានក្រពេញប្រូស្តាទរីកធំ ។ ករណីចំពោះស្ត្រីមានផ្ទៃពោះ ត្រូវ ពិភាក្សាជាមួយគ្រូពេទ្យសិនមុននឹងប្រើថ្នាំលេបសំរាប់បំបាត់ការតឹងច្រមុះ ។
- ប្រើថ្នាំប្រឆាំងនឹងការអាឡឺហ្សី៖ ប្រសិនបើអ្នកមានអាឡឺហ្សី ត្រូវលេបថ្នាំអោយបាន 1 ម៉ោងមុនយន្តហោះចេញតំនើរ ។
- ប្រើប្រដាប់ការពារត្រចៀក៖ ប្រដាប់ការពារត្រចៀកនេះដែរ វាធ្វើអោយសម្ពាធខ្យល់ក្នុងត្រចៀកកុំអោយប្រែប្រួលលឿនពេក ក្នុងពេលយន្តហោះឡើង ឬចុះ ។ អ្នកអាចទិញរបស់នេះ នៅតាមហាងលកឱសថ អាងតាមអាកាសយានដ្ឋាន ឬតាមគ្លីនិចជំងឺត្រចៀក ។
- ផឹកទឹកអោយបានច្រើនដើម្បីកុំអោយខ្សោះជាទឹក៖ ការមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់អាចជួយបង្កាកុំអោយរលាកផ្លូវក្នុងច្រមុះ និងបំពង់ក ហើយអាចជួយអោយបំពង់ Eustachian Tube ធ្វើការបានល្អផងដែរ ។
- មិនត្រូវផឹងស្រា ឬការហ្វេ៖ ភេសជ្ជៈជាស្រា ឬការហ្វេ អាចធ្វើអោយអ្នកខ្សោះជាតិទឹកបាន ដោយសារតែវាទៅធ្វើអោយសរសៃឈាមរួមតូច និងប្រឈមមុខខ្លាំងនឺងការដាច់សរសៃឈាម Capillaries បាន ។
ប្រសិនបើអ្នកអាចនឹងមានការហឹងត្រចៀកធ្ងន់ធ្ងរ ហើយត្រូវធ្វើតំនើរដោយយន្តហោះទៀត គ្រូពេទ្យអាចនឹងធ្វើការវះកាត់ក្រដាសត្រចៀករបស់អ្នកដើម្បីបង្ហូរទឹកចេញ ហើយធ្វើការសប់ខ្យល់ចូលក្នុងត្រចៀកផ្នែកកណ្តាល និងធ្វើអោយសម្ពាធរវាងត្រចៀកខាងក្រៅ និងត្រចៀកខាងក្នុងស្មើគ្នា ។
ការជួយកូនក្មេងកុំអោយហឹងត្រចៀក
ដំណោះស្រាយអាចជួយអោយក្មេងតូចៗកុំអោយហឹងត្រចៀកបាន៖
- ធ្វើអោយវាខំលេបទឹកមាត់៖ ត្រូវអោយទារកខំប្រឹងបៅ ឬផឹកទឹកក្នុងពេលឡើងទួល ឬចុះចំណោទ ។ ចំណែកក្បាលដោះទទេរក៏អាចអោយក្មេងលេបទឹកមាត់បានដែរ ។ ក្មេងដែលមាន អាយុលើសពី ៤ឆ្នាំអាចទំពារស្ករកៅស៊ូ រឺផឹងទឹកតាមទុយោបាន ។
- កុំប្រើថ្នាំបំបាត់ការតឹងច្រមុះ៖ ថ្នាំបំបាត់ការតឹងច្រមុះមិនត្រូវបានអនុញ្ញាតអោយប្រើចំពោះកូនក្មេងនោះទេ ។