បើអ្នកមិនទាន់ដែលហាត់ប្រាណទេ ចូរចាប់ផ្តើមពីពេលនេះទៅដើម្បីសុខភាពនិងរាងកាយមាំមួន។ចូរសម្លឹងមើលប្រយោជន៍លំហាត់ប្រាណដូចខាងក្រោមនេះ។
- រាងកាយដែលសកម្ម (ការហាត់ប្រាណ) អាចជួយពង្រឹង, បង្កើនសុខុមាលភាពខាងផ្លូវកាយ (physical wellbeing), សុខុមាលភាពខាងផ្លូវចិត្ត (mental wellbeing) និង ផ្លាស់ប្តូររូបរាងកាយរបស់អ្នកមានសោភ័ណភាពគួរអោយគយគន់ទៀតផង ។ ការហាត់ប្រាណអោយបានត្រឹមត្រូវ និង ទៀងទាត់អាចជួយការពារហេតុភេទអាក្រក់ ឬ ជំងឺមួយចំនួនដែលចង់មកយារយីលើរាងកាយរបស់អ្នក ។ តាមដែលយើងបានដឹងពីបទពិសោធន៍របស់ប្រជាជនជាច្រើន, ការហាត់ប្រាណបានទៀងទាត់អាចលើកកំពស់ស្មារតី , ជួយអោយអ្នកអាចគ្រប់គ្រង ឬ ដោះស្រាយជាមួយអារម្មណ៍អវិជ្ជមាន, មួរម៉ៅ, ខឹងក្រេវក្រោធ ព្រមទាំងជួយអោយអ្នកមានសុខុមាលភាពផ្លូវចិត្តល្អ (mental wellbeing) ។
- បទពិសោធន៍របស់ខ្ញុំផ្ទាល់គឺ, ការជិះកង់ហាត់ប្រាណកំសាន្តលេងត្រឹមតែ ៣០ នាទីអាចជួយបំបាត់ភាពអផ្សុក និង ភាពស្រងូតស្រងាត់បានយ៉ាងល្អ ។ នេះប្រហែលជាមកពីលំហាត់ប្រាណបានហូរចាក់ជ្រាបពេញក្នុងរាងកាយរបស់ខ្ញុំ រួមជាមួយនឹងអ័រម៉ូនដែលកាត់បន្ថយកំរិតភាពតានតឹង និង អារម្មណ៍ថាស្ត្រេស ឬ អស់កំលាំង ។ អ្វីៗរឹតតែប្រសើរឡើងថែមទៀតនៅពេលដែលខ្ញុំបានសាកល្បងការហាត់ប្រាណមួយបែបទៀត គឺការហាត់ឡើងលេងលើភ្នំតូចៗ ។ ឥឡូវនេះ, វាគ្មានចម្ងល់អ្វីទាំងអស់ គឺខ្ញុំបានញៀនទៅនឹងសកម្មភាពទាំងនេះទៅហើយ ហើយខ្ញុំមិនអាចខានហាត់ប្រាណបាននោះទេ ពីព្រោះវាបានធ្វើអោយខ្ញុំមានអារម្មណ៍សប្បាយចិត្ត, មានអារម្មណ៍ល្អ និង ហាក់ដូចជាស្រាល ហើយស្រួលក្នុងខ្លួនជាងធម្មតា ។ ការហាត់ប្រាណបែបនេះអាចព្យាលបាល ឬ ជួយបំបាត់អាការៈរោគខុសគ្នាៗទៅតាមស្ថានភាពរបស់មនុស្ស ដូចជាអាចបំបាត់ ភាពអផ្សុក, ភាពតានតឹង, ស្ត្រេស, ការថប់អារម្មណ៍, ធ្លាក់ទឹកចិត្ត, ភាពខ្វះទំនុកចិត្តលើខ្លួនឯង ហើយវាគ្មានផលប៉ះពាល់អាក្រក់អ្វីទាំងអស់មកលើរាងកាយរបស់យើង (ដែលខុសគ្នាស្រលះទៅនឹងការព្យាបាលបញ្ហាខាងលើនេះដោយប្រើប្រាស់ថ្នាំពេទ្យ) ។

ការមើលឃើញចំពោះខ្លួនឯង
- តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា មនុស្សនឹងមានអារម្មណ៍ប្រសើរឡើង ឬ គិតវិជ្ជមានចំពោះខ្លួនឯង នៅពេលដែលពួកគេចាប់ផ្តើមចាប់យកការហាត់ប្រាណបែបណាមួយក៏ដោយ ។ ការផ្លាស់ប្តូររូបរាងកាយ ដូចជាស្រក់ទំងន់បន្តិច, រាងស្វែលស្អាតបន្តិច, សាច់ដុំកាន់តែមាំមួន អាចធ្វើអោយពេញចិត្តទៅរូបរាងកាយរបស់ខ្លួនឯងច្រើនជាងមុនពេលទទួលការហាត់ប្រាណ (ជួយជំរុញអោយមានសុខុមាលភាពផ្នែកផ្លូវចិត្ត) ។
- ការហាត់ប្រាណជួយអោយអ្នកអាចដឹងថាតើអ្នកអាចមានសមត្ថភាពធ្វើអ្វីបានខ្លះ, មានអារម្មណ៍ថាខ្លួនឯងបានសំរេចកិច្ចការអ្វីមួយបានចប់សព្វគ្រប់ ។ ការរៀនចេះដឹងនូវជំនាញថ្មីៗ, ការឈានទៅដល់គោលដៅដែលខ្លួនចង់សំរេច, ទោះបីជាការងារនោះតូចតាចក្តី ក៏អាចធ្វើអោយយើងមានទំនុកចិត្តលើខ្លួនឯង, គោរពខ្លួនឯង, អោយតំលៃខ្លួនឯង និង ជំរុញទឹកចិត្តអោយចាប់ផ្តើមធ្វើការងារធំៗផ្សេងៗបន្តបន្ទាប់គ្នាថែមទៀត ។
ឆាកជីវិតក្នុងសង្គមជាតិ
ចូលរួមក្នុងការងារក្រុមសង្គមមនុស្ស, ការចូលក្នុងក្លឹបជួបជុំគ្នាដើម្បីហាត់ប្រាណ បានបង្កើនឳកាសអោយមនុស្សអាចជជែកលេង, បង្កើនមិត្តភាព និង ភាពស្និទ្ឋស្នាល ព្រមទាំងប្រាសចាកក្នុងការយកពេលវេលាដ៏មានតំលៃទៅលេងល្បែង ឬ ប្រើប្រាស់គ្រឿងញៀនជាដើម ។ ប្រសិនបើអ្នកមិនចង់ជួបមនុស្សច្រើន ឬ ចង់ធ្វើអ្វីតែឯង, អ្នកក៏នៅមានជំរើសជាច្រើនផ្សេងៗទៀតក្នុងការហាត់ប្រាណ ដូចជា កីឡាហែលទឹក, ដើរ, រត់ត្រឹកៗជាដើម ។
ផលប្រយោជន៍ចំពោះសុខភាព
មនុស្សដែលមានសកម្មភាពរាងកាយ ឬ ការហាត់ប្រាណបានសមរម្យ និង ទៀងទាត់អាចកាត់បន្ថយអត្រាប្រឈមមុខទៅនឹងជំងឺសរសៃឈាមបេះដូងបានទៅដល់ជាង ៥០ ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានធ្វើអ្វីទាល់តែសោះក្នុងមួយថ្ងៃ ។ ការហាត់ប្រាណធ្វើអោយសុខភាពរបស់មនុស្សប្រសើរឡើង ព្រមទាំងអាចការពារពួកគេពីការប្រឈមមុខទៅនឹងគ្រោះថ្នាក់ជាច្រើនដូចជា សំពាធឈាមលើស, ការធាត់ដុះក្បាលពោះ (លើសទំងន់ខ្លាំង) និង កំរិតកូលេសស្តេរ៉ុលខ្ពស់ ។ ល ។
ការហាត់ប្រាណជួយធ្វើអោយសុខភាពរបស់ឆ្អឹង, សន្លាក់ និង សាច់ដុំបានរឹងមាំ ព្រមទាំងពន្យាពេល ឬ កាត់បន្ថយការកើតជំងឺពុកឆ្អឹង (osteoporosis) និង ជំងឺរលាកសន្លាក់ (arthritis) ។ មិនតែប៉ុណ្ណោះ, ការហាត់ប្រាណអាចជួយពង្រឹង និង ថែរក្សាកំលាំង និង ភាពបត់បែនរបស់សាច់ដុំអោយមានភាពរស់រវើក, មិនជាប់គាំង, មិនងាយនឹងទទួលរងរបួស ឬ ការឈឺចាប់ ព្រមទាំងអាចអោយអ្នកសប្បាយចិត្តនឹងរស់នៅក្នុងសុខភាពល្អបរិបូរនៅពេលអាយុកាន់តែចាស់ជរាទៅ ។
ការហាត់ប្រាណអាចជួយគ្រប់គ្រងស្ថានភាពជំងឺដែលអ្នកកំពុងមានក្នុងខ្លួនដូចជា ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម និង កាត់បន្ថយការប្រឈមមុខទៅនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀន ។
ធ្វើខ្លួនអោយសកម្ម
ការសិក្សាចុងក្រោយទៅលើអ្នកដែលមានអាយុច្រើនជាងគេនៅលើពិភពលោក គឺលោក អូគីណាវ៉ានស៍ (Okinawans) ដែលកំពុងរស់នៅលើកោះចន្លោះប្រទេសជប៉ុន និង តៃវ៉ាន់ បានបង្ហាញថា ផលប្រយោជន៍នៃសកម្មភាពរបស់រាងកាយអាចបានមកពីត្រឹមតែការងារសាមញ្ញៗ, ងាយៗ ដូចជា ការដើរ, ការដាំដំណាំ, មើលថែសួនច្បារ, ហែលទឹក, ដើរទៅរង់ចាំឡានក្រុង, ការលេងកីឡាបាល់ទាត់ ហ្កោល ប៉ុណ្ណោះ ។ នេះមានន័យថាអ្នកអាចទទួលយកការហាត់ប្រាណ ឬ សកម្មភាពណាងាយៗដែលអ្នកអាចធ្វើវាបានជាការកំសាន្តរបស់អ្នក, មិនមែនជាកាតព្វកិច្ចដែលអ្នកត្រូវតែធ្វើ ឬ ត្រូវតែទៅក្លឹបដើម្បីចំណាយពេលអោយបានយ៉ាងតិច ៣០ ដើម្បីហាត់ប្រាណអោយចប់សព្វគ្រប់នោះទេ ។