សួតរបស់យើងមានចំណុះត្រឹមតែ៦លីត្រទេ តែយើងអាចដកដង្ហើមយកខ្យល់បានដល់ទៅ៩,០០០ លីត្រក្នុង១ថ្ងៃៗ ដើម្បីទាញយកអុកស៊ីហ្សែនមកសម្អាតឈាម។ ក៏ប៉ុន្តែមានមនុស្សជាច្រើននាក់ដែលប្រើសួតរបស់ខ្លួនតែមួយចំណែកប៉ុណ្ណោះ គឺដកដង្ហើមរាងសើៗ មិនអាចឱ្យអុកស៊ីហ្សែនជ្រាបចូលទៅដល់គ្រប់សរីរាង្គ បាននោះទេ។
កាលណាអ្នកមិនបានប្រើសួតរបស់អ្នកឱ្យបានពេញលេញទេ វាអាចនឹងនៅមានសេសសល់កាកសំណល់ផ្សេងៗនៅក្នុងសួត បង្កទៅជាជំងឺផ្សេងៗ ដូចជាឈឺក្បាល និងពិបាកដកដង្ហើម ជាដើម។
ដូច្នេះ តើត្រូវផ្លាស់ប្តូរយ៉ាងដូចម្តេចទៅវិញ?
គឺអ្នកត្រូវដកដង្ហើមឱ្យបានវែងៗ ឱ្យគ្រប់២៣,០០០ដងក្នុង១ថ្ងៃៗ ដើម្បីឱ្យអុកស៊ីហ្សែនជ្រាបចូលទៅពាសពេញរាងកាយ។
ការដកដង្ហើមខ្លីៗលេចចេញមកពីរបៀបរស់នៅមិនល្អ គ្មានសកម្មភាព ធ្វើឱ្យសាច់ដុំទៅជារឹងគម្រាំង។ ការដកដង្ហើមវែងៗជួយសម្អាតសួត ធ្វើឱ្យរាងកាយមានសុខភាពល្អ។ ថ្វីបើសួតមិនមែនជាសាច់ដុំក៏ដោយ តែត្រូវដកដង្ហើមវែងៗឱ្យសួតរីកអស់លទ្ធភាព។ វាក៏ធ្វើឱ្យសន្ទះរន្ធតូចៗក្នុងសួតរីកធំ ងាយនឹងទទួលយកអុកស៊ីហ្សែន ផងដែរ។
ការដកដង្ហើមវែងៗចេញពីក្នុងពោះមកជួយធ្វើឱ្យសាច់ដុំមានដំណើរការល្អ និងធ្វើឱ្យមានជំហរត្រង់ខ្លួនបាន។ ម្យ៉ាងទៀត សួតក៏អាចចូលរួមនៅក្នុងប្រព័ន្ធអ័រម៉ូន ជួយឱ្យលុបបំបាត់សម្ពាធឈាមខ្ពស់បាន ផងដែរ។
តើដកដង្ហើមវែងៗដូចម្តេចទៅ?
ដើម្បីត្រួតពិនិត្យថាអ្នកបានអនុវត្តត្រឹមត្រូវ សូមដាក់ដៃមួយលើពោះ និងដៃមួយទៀតលើទ្រូង។
ទៅនៅកន្លែងណាដែលស្ងប់ស្ងាត់ បើអាចបានទៅនៅក្នុងធម្មជាតិ។
- អង្គុយចុះ បិទភ្នែក រួចដកដង្ហើមឱ្យវែងតាមរន្ធច្រមុះ។ ត្រូវឱ្យខ្យល់ចូលពេញពោះសិន សឹមឱ្យខ្យល់ចូលទៅក្នុងសួត។
- រាប់ដល់៥ រួចដកដង្ហើមចេញមកវិញយឺតៗ។
- បន្ទាប់មកដកដង្ហើមចូលមកវិញ ឱ្យពេញពោះនិងសួត។ រក្សាខ្យល់ទុកពី៣ទៅ៥វិនាទី រួចដកដង្ហើមចេញដោយរាប់ដល់៥។
- បញ្ចេញខ្យល់ឱ្យអស់។
- ចាប់ផ្តើមពីដំបូងមកវិញ។
- អនុវត្តលំហាត់នេះឱ្យបាន១០ដង។
ត្រូវអនុវត្តលំហាត់នេះរាល់ៗថ្ងៃ ដើម្បីសុខភាពរបស់សួតក៏ដូចជាសុខភាពរបស់រាងកាយទាំងមូល។ អ្នកនឹងសង្កេតឃើញថាវានឹងធ្វើឱ្យអ្នកមានថាមពលនិងស្រស់ស្រាយ។