ព្រោះតែជំនឿ “កូនប្រុសពៅការជាមួយកូនស្រីពៅរកស៊ីអត់ឡើង” បានធ្វើឱ្យគូស្នេហ៍វ័យក្មេងមួយគូ ប្រឈមនឹងឧបសគ្គ និងមិនដឹងត្រូវគិតយ៉ាងណា បើម្ខាងជាអ្នកមានគុណ និងម្ខាងទៀតជាមនុស្សដែលខ្លួនស្រលាញ់…តើពិតជាមានជំនឿនេះមែនឬ? តើអ្នកជឿជំនឿនេះអត់?
ក្រោយការបដិសេធន៍របស់ម្ដាយលើជំនឿខាងលើ នារីមកពីខេត្តត្បូងឃ្មុំសុំមិនបញ្ចេញឈ្មោះមួយរូប បានត្រឹមតែនៅស្ងៀម មិនហ៊ានប្រកែក ដើម្បីទុកឱ្យម្ដាយមើល និង ស្វែងយល់ពីបុរសដែលខ្លួនស្រលាញ់។

នារីសប្បុរសភ្នែកតឹងខ្មែរកាត់ចិនឱ្យដឹងថា រូបនាង និងបុរសនោះ បានស្រលាញ់គ្នាយូរហើយ ហើយគ្រោងនឹងឱ្យចាស់ទំដឹងឮ ប៉ុន្តែអបិយជំនឿ “កូនប្រុសពៅការជាមួយកូនស្រីពៅរកស៊ីអត់ឡើង” បានក្លាយជារបាំងរារាំងស្នេហារបស់អ្នកទាំងពីរ។
នាងបានប្រាប់អ្នកយកព័ត៌មាន Sabay ថា ៖ “ទោះខំប្រាប់គាត់ [ម្ដាយ] យ៉ាងណាក៏គាត់មិនព្រម ព្រោះអីខ្ញុំនឹងគាត់ជាកូនពៅ ម៉ាក់ប្រកាន់ដាច់ខាត បើតាមចិនគេថាអត់ល្អ រកស៊ីអត់មាន។ គាត់មានចំណេះដឹងខ្ពស់ មិនភ័យថាថ្ងៃមុខក្រទេ។ តើគួរជឿជំនឿនេះអត់បង? ម្យ៉ាងបង [មនុស្សដែលប្រភពស្រលាញ់] ជាអ្នកស្រែកូនខ្មែរសុទ្ធពេក ម៉ាក់មិនចូលចិត្ត។ យើងស្រលាញ់គ្នាណាស់ តែគួរធ្វើយ៉ាងម៉េចបើម៉ាកដាច់ខាត មិនយល់ព្រមអ៊ីចឹង”។
ប្រភពដដែលបញ្ជាក់ថា បើទោះជាយ៉ាងណា នាងមិនលែងដៃបុរសរូបនោះឡើយ ដោយលើកឡើងថា នាងមិនងាយរកមនុស្សល្អដែលស្រលាញ់ និងមិនគិតពីអតីតកាលរបស់នាង។
គ្រូហោរាចិនប្រចាំក្រុងភ្នំពេញ លោក កុក ឡុង មានប្រសាសន៍ថា មិនមានទេចំពោះជំនឿដែលថា «កូនប្រុសពៅរៀបការនឹងកូនស្រីពៅរកស៊ីអត់ឡើង»នេះហើយបើរៀបការជាមួយគ្នាក៏មិនមានអ្វីដែរកើតឡើងដែរ ប៉ុន្តែអ្វីសំខាន់ឪពុកម្ដាយត្រូវមើលលើម៉ោង ថ្ងៃ ខែ ឆ្នាំកំណើត និង ធាតុទាំង ៤ របស់កូនប្រុសកូនស្រី។
លោកគ្រូបន្ថែមថា៖ “ជូតនិងសេះ គោនិងពពែ ខ្លានិងវក ថោះនិងរកា រោងនិងច ម្សាញ់និងជ្រូក សុទ្ធតែឡាក់ឆុងហើយ ប៉ុន្តែពេលឡាក់ឆុងចឹងចិនគេមើលម៉ោង ថ្ងៃ ខែ ឆ្នាំ និងធាតុទាំងបួនទៀត។ ធាតុមាស ចម្រើនទឹក ទឹកចម្រើនឈើ ឈើចម្រើនភ្លើង ភ្លើងចម្រើនមាស។ ខ្មែរឈើហើយនឹងភ្លើងឆេះខ្ទេច ចិនល្អ ខ្មែរភ្លើងល្អចិនអាក្រក់។ តែក៏មិនប្រាកដដែរ អ្នកខ្លះល្អលេខមួយ តែរហេមរហាម អ្នកខ្លះឡាក់ឆុង ធ្វើមហាសេដ្ឋី ឯកឧត្ដម”។
លោកថ្លែងថា គេមិនអាចអត្តនោម័តិថារៀបការកើតឬមិនកើតនោះទេ គឺទាល់តែគុណគូរ វិភាគលើម៉ោង ថ្ងៃ ខែ ឆ្នាំកំណើត និង ធាតុទាំង ៤ ទើបអាចវាយតម្លៃដាក់ពិន្ទុបាន។ បើតាមក្បួនហោរាចិន បើអ្វីដែលបានរៀបរាប់លើល្អត្រឹម ៤០% គឺចាត់ទុកថាមិនល្អ៕