មានកូនក្មេងមួយចំនួននៅពេលដែលទៅផ្សារតែងតែទារទិញនេះទារទិញនោះ ហើយប្រសិនជាអ្នកមិនទិញឱ្យ គេនឹងយំ តែបើអ្នកទិញឱ្យគេនឹងគិតថាឱ្យតែគេយំ អ្នកនឹងទិញឱ្យគេភ្លាម ដូចនេះគេនឹងធ្វើបែបនេះរហូត។
នៅពេលដែលកូនទារទិញរបស់របរផ្សេងៗ អ្នកអាចនិយាយប្រាប់គេថាចាំអ្នកទិញរបស់របររួចអស់ជាមុនសិន អ្នកនឹងទិញឱ្យគេ ដើម្បីឱ្យគេរៀនចេះអត់ធ្មត់ មិនត្រូវទារភ្លាមទិញឱ្យភ្លាមនោះទេ ហើយប្រសិនជាកូនព្រមទ្រាំដល់អ្នកដើរទិញឥវ៉ាន់អស់ អ្នកអាចទិញឱ្យគេ រួចអរគុណគេដែលបានចាំអ្នក ដើម្បីលើកទឹកចិត្តឱ្យគេមានភាពអត់អធ្មត់ ហើយអ្នកត្រូវតែរក្សាទង្វើនេះចំនួន២អាទិត្យ ដោយក្នុងរយៈពេល២អាទិត្យនេះ អ្នកត្រូវតែឱយគេចាំនៅពេលដែលគេចង់ទិញរបស់អ្វីមួយ។
ក្រោយពេល២អាទិត្យរួច ប្រសិនជាកូននៅតែទារទិញ អ្នកអាចសាកល្បងប្រាប់គេថា ៖ “ចាំថ្ងៃស្អែកម៉ាក់នឹងទិញឱ្យកូន ហើយនាំកូនទៅទិញរបស់ដែលកូនចង់បាន” នោះកូននឹងយល់ព្រម ព្រោះ២អាទិត្យមុនអ្នកតែងតែគោរពសន្យារបស់អ្នកទិញឱ្យគេជានិច្ច ដោយឆ្លងកាត់ទង្វើទាំងនេះ អាចឱ្យកូនរៀនចេះមានភាពអត់ធ្មត់ ដោយមិនឆេវឆាវព្រោះតែអ្នកមិនទិញឱ្យគេភ្លាម ហើយយំនោះទេ ហើយភាពអត់ធ្មត់នេះអាចជួយកូនគ្រប់បែបយ៉ាងនៅពេលដែលកូនធំឡើង នោះអនាគតកូននឹងមានភាពភ្លឺស្វាង មានគេគោរពស្រលាញ់គ្រប់គ្នា៕