នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកចូលចិត្តញ៉ាំខ្ទឹមស។ តាមការសិក្សាថ្មីមួយបានឱ្យដឹងថា ការញ៉ាំខ្ទឹមសឆៅ ឬដំវា ហើយលាយជាមួយទឹកឃ្មុំ ប្រហែលជាមានប្រសិទ្ធភាពអស្ចារ្យក្នុងការប្រឆាំងនឹងជំងឺផ្តាសាយ ហើយវាប្រើពេលតិចទេគឺត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ។
ការសិក្សាដ៏តូចមួយដែលបានចុះផ្សាយដោយសារព័ត៌មាន Journal of Nutrition បានអះអាងថា ការញ៉ាំខ្ទឹមស និងខ្ទឹមដំ ៥ក្រាមអាចបង្កើនសមត្ថភាពរបស់រាងកាយក្នុងការផលិតកោសិកាគ្រាប់ឈាមស និងដំណើរការនៃការប្រឆាំងជំងឺមហារីកបាន ក្រោយពីញ៉ាំបាន ៣ម៉ោងរួច។

អ្នកស្រាវជ្រាវមិនបាននិយាយច្បាស់ទេថា ខ្ទឹមសនឹងចាប់ផ្តើមប្រឆាំងនឹងជំងឺផ្តាសាយលឿនយ៉ាងណានោះទេ។ ប៉ុន្តែតាមការស្រាវជ្រាវពីមុនបានបញ្ជាក់ថា នៅពេលប្រឆាំងនឹងជំងឺផ្តាសាយ ខ្ទឹមគឺមានរបស់ពិសេសមួយចំនួន។
ការសិក្សាកាលពីឆ្នាំ ២០១២ បានរកឃើញថា អ្នកដែលញ៉ាំថ្នាំបំប៉នជាប្រភេទខ្ទឹមសរាល់ថ្ងៃ ឃើញថាកោសិកាគ្រាប់ឈាមសរបស់ពួកគេមានសកម្មភាពខ្លាំងជាង និងមិនសូវមានរោគសញ្ញារបស់ជំងឺផ្តាសាយដូចអ្នកមិនប្រើដែរ។
លើសពីនេះទៅទៀត ការសិក្សាកាលពីឆ្នាំ ២០០១ បានរកឃើញថា អ្នកដែលប្រើថ្នាំបំប៉នប្រភេទខ្ទឹមសទំនងជាមិនសូវមានជំងឺផ្តាសាយទេ ហើយក៏ឆាប់ជាវិញដែរទោះបីជាមានជំងឺនេះហើយក៏ដោយ។
តើអ្វីទៅដែលធ្វើឱ្យខ្ទឹមសអាចប្រឆាំងនឹងជំងឺផ្តាសាយបានយ៉ាងល្អបែបនេះទៅ? អ្នកស្រាវជ្រាវនិយាយថា ជីវជាតិក្នុងខ្ទឹមសដូចជា ជាតិរ៉ែសេឡេញ៉ូម អង់ស៊ីម វីតាមីន C និងសារធាតុមានជាតិស្ពាន់ធ័រ ប្រហែលជាអ្នកដើរតួនាទីក្នុងរឿងនេះ។ ខ្ទឹមសដែលដំរួច នឹងបញ្ចេញអង់ស៊ីមមួយឈ្មោះថា Alliinase ដែលបង្កើតទៅជា Allicin ដែលវាមានមុខងារសម្លាប់បាក់តេរីតែម្តង៕