ថ្នាំ​គ្រាប់​ពន្យា​កំណើត​គឺជា​គ្រាប់​ថ្នាំ​ប្រភេទ​អ័រម៉ូន​ដ៏​តូច​មួយ​ដែល​អាច​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​បាន​ដើម្បី​ពន្យា​កំណើត​។ ថ្នាំ​នេះ​ភាគច្រើន​នៅ​ស្រុក​ខ្មែរ​យើង​មាន​អ័រម៉ូន​ពីរ​ប្រភេទ​នោះ​គឺ Oestrogen និង Progesterone ដែល​ជួយ​បង្ការ​ការ​មាន​ផ្ទៃពោះ​បាន​។ សំណួរ​ដែល​សួរ​ថា​តើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ធ្វើការ​ក្នុង​ខ្លួន​មនុស្ស​ដូច​ម្តេចទៅ នេះ​គឺជា​សំណួរ​របស់​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​តែ​ស្វែងរក​ការ​ពន្យា​កំនើត​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធ​។ ថ្នាំ​ទាំងនេះ​ត្រូវ​បាន​ណែនាំ​អោយ​ប្រើ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ពេលវេលា​ដូច​ៗ​គ្នា​។ បើសិនជា​ប្រើ​តាម​កាលវិភាគ​ត្រឹមត្រូវ​ដែល​ណែនាំ​ដោយ​គ្រូពេទ្យ នោះ​វា​នឹង​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត​។

ថ្នាំ​គ្រាប់​ពន្យា​កំណើត​ដែល​មាន​អ័រម៉ូន​ពីរ
ថ្នាំ​ប្រភេទ​នេះ​ផ្សំ​ឡើង​ដោយ​អ័រម៉ូន​ពីរ​ប្រភេទ ទាំង​Oestrogen និង Progesterone​។ អ័រម៉ូន​ទាំង​ពីរ​នេះ​ទៅ​ទប់ស្កាត់​ក្រពេញ Pituitary Gland កុំអោយ​បង្កើត និង​បញ្ចេញ​មេជី​វិត​ញី​ពី​ក្នុង​ក្រពេញ​អូ​វ៉ែ​របស់​ស្ត្រី​បាន​។ Progesterone មាន​តួនាទី​ផ្ទាល់ខ្លួន​របស់​វា​ក្នុង​ការ​បង្ការ​មេជី​វិត​ឈ្មោល​កុំអោយ​ធ្វើ​ដំណើរ​ទៅ​រក​មេជី​វិត​ញី​បាន ព្រមទាំង​ផ្លាស់​ប្តូរ​ភ្នាស​កម្រាល​ខាងក្នុង​របស់​ស្បូន​។ ការ​ផ្លាស់​ប្តូរ​បែប​នេះ​វា​កាន់តែ​ពិបាក​ដល់​មេជី​វិត​ញី​ក្នុង​ការ​ទុំ​ជាប់​នៅ​ក្នុង​ស្បូន​។ ថ្នាំ​ពន្យា​កំណើត​ប្រភេទ​នេះ​ត្រូវ​បាន​ណែនាំ​ថា​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​ពន្យា​កំណើត​ដែល​មាន​អ័រម៉ូន​តែ​មួយ​ប្រភេទ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើសិនជា​អ្នក​មិន​អាច​ប្រើ​អ័រម៉ូន Oestrogen បាន​ទេ អ្នក​គួរតែ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ដែល​មាន​អ័រម៉ូន​តែ​មួយ ឬ​ថ្នាំ​ពន្យា​កំណើត​ប្រភេទ Progesterone ជំនួស​វិញ​។ ថ្នាំ​ទាំងនេះ​អាច​ប្រើ​រយៈពេល ២១​ថ្ងៃ ឬ ២៨​ថ្ងៃ​។ បើសិនជា​អ្នក​ប្រើ​បន្ទះ​ថ្នាំ​តែ ២១​ថ្ងៃ អ្នក​អាច​ឈប់​ប្រើ​រយៈពេល ៧​ថ្ងៃក្រោយ​បាន ហើយ​ចាំ​ប្រើ​បន្ទះ​ថ្មី​ទៀត​។ ចំពោះ​បន្ទះ​ថ្នាំ ២៨​ថ្ងៃ​មាន​ថ្នាំ​គ្រាប់​ដែល​មាន​អ័រម៉ូន​តែ ២១​គ្រាប់​ទេ ហើយ ៧​គ្រាប់​ទៀត​គឺជា​ថ្នាំ​ផ្លេ​ស្បូ​ប៉ុណ្ណោះ​។

ថ្នាំ​គ្រាប់​ពន្យា​កំណើត​ដែល​មាន​អ័រម៉ូន​តែ​មួយ​ប្រភេទ​នោះ​គឺ Progesterone
ថ្នាំ​ពន្យា​កំណើត​ប្រភេទ​នេះ​មាន​តែ​អ័រម៉ូន Progesterone មួយ​តែ​ប៉ុណ្ណោះ​។ វា​ជួយ​ទប់ស្កាត់​ការ​ផ្ទុះ​អូ​វ៉ុល​និង​បង្ការ​កុំអោយ​មេជី​វិត​ឈ្មោល​ជួប​មេជី​វិត​ញី​ដើម្បី​បង្ក​កំណើត​បាន​។ ថ្នាំ​នេះ​ទៅ​បន្លំ​អោយ​ស្បូន​យល់​ថា​មេជី​វិត​ញី​ចេញពី​ក្រពេញ​អូ​វ៉ែ ឬ​ផ្ទុះ​បែក​អូ​វ៉ុល​ហើយ ដូច្នេះ​ទើប​ធ្វើ​អោយ​វា​មិន​ព្រម​បំពេញ​តួនាទី​ទ្រទ្រង់​ការ​បង្ក​កំណើត​។ ថ្នាំ​គ្រាប់​ពន្យា​កំណើត​មួយ​នេះ​ក៏​ធ្វើ​អោយ​ភ្នាស់​បញ្ចេញ​ទឹករំអិល​ជុំវិញ​មាត់ស្បូន​ឡើង​ក្រាស់​ដែរ​ដើម្បី​បង្កើត​ជា​របាំង ក៏​ដូច​ជា​មិន​អាច​អោយ​មេជី​វិត​ឈ្មោល​ឆ្លង​ទៅ​ជួប​មេជី​វិត​ញី​បាន​។ ថ្នាំ​នេះ​គួរតែ​ប្រើ​រាល់ថ្ងៃ និង​តាម​ពេលវេលា​ដូច​ៗ​គ្នា​ផង​ដែរ​។

បើសិនជា​អ្នក​នៅ​តែ​យល់​ច្រឡំ​អំពី​របៀប​នៃ​ថ្នាំ​ពន្យា​កំណើត​ធ្វើការ​ទៀត​នោះ យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​យ៉ាង​ពេញលេញ​។ ថ្នាំ​គ្រាប់​ពន្យា​កំនើត​មាន​ប្រសិទ្ធភាព​ពី ៩០ ទៅ ៩៥​ភាគរយ ទោះបីជា​ភ្លេច​ប្រើ​មួយ​ថ្ងៃ​ក្នុង​ពេលវេលា​ពិសេស​ណាមួយ​ក៏​ដោយ​។ ទោះបីជា​យ៉ាងនេះ​ក្តី ប្រសិទ្ធភាព​របស់​វា​មាន​រហូត​ដល់ ៩៩%​ភាគរយ បើសិនជា​អាច​ប្រើប្រាស់​រាល់ថ្ងៃ​ក្នុង​ពេលវេលា​ដូច​ៗ​គ្នា​ទាំងអស់​។ ថ្នាំ​គ្រាប់​ពន្យា​កំណើត​ក៏​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ផង​ដែរ​ដូច​ជា​៖ ធ្វើ​អោយ​ស្បែក​កាន់តែ​ស្រស់​ស្អាត​, រដូវ​មក​ទៀងទាត់ និង​តិច​ជាង​មុន ព្រមទាំង​កាត់​បន្ថយ ឬ​មិន​អោយ​មានការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ទៀត​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង