តើ​អ្នក​ចូល​គេង​ទាំង​មុខ​នៅ​មាន​គ្រឿងសម្អាង​និង​ម៉ា​ស្កា​រ៉ា​ឬ? តើ​អ្នក​សាកល្បង​រាល់​គ្រប់​ផលិតផល​ស្បែក​ដែល​មាន​លក់​លើ​ទីផ្សារ​ឬ? កំហុស​ទូទៅ​ទាំងនេះ​ហាក់ដូចជា​មិនមែន​ជា​រឿង​ធំ​នោះ​ទេ ប៉ុន្តែ​យូរ​ៗ​ទៅ វា​អាច​បង្ករ​គ្រោះថ្នាក់​ដល់​ស្បែក​របស់​អ្នក ហើយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ចាស់​មុន​អាយុ​។

ប៉ុន្តែ​ចូរ​កុំ​បារម្ភ​អី​៖ វា​មិន​ទាន់​យឺត​ពេល​នោះ​ទេ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ទម្លាប់​មិនល្អ​របស់​អ្នក ហើយ​និង​បង្ហាញ​អ្នក​ថា​គួរ​ជៀសវាង​វា​ដោយ​របៀប​ណា ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​។

មិន​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ

ចំណុច​ទី​មួយ​ដែល​អ្នក​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់? គឺ​ការ​មិន​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​រាល់ថ្ងៃ​។

វេជ្ជបណ្ឌិត Neil Sadick អ្នកជំនាញ​រោគ​ស្បែក​នៅ​ទីក្រុង​ញូយ៉ក និយាយ​ថា “​ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់​”​។ ព្រះអាទិត្យ​អាច​បញ្ចេញ​ពន្លឺ​លើ​អ្នក​ទាំង​ក្នុង​ថ្ងៃ​ដែល​សម្បូរ​ពពក ភ្លៀង ឬ​ក៏​ថ្ងៃ​ធ្លាក់​ព្រឹល​។ បន្ថែម​ពីលើ​នេះ​ទៀត វេជ្ជ​. Sadick និយាយ​បន្ត​ថា “​រស្មី UV ដែល​បំផ្លាញ​ស្បែក អាច​ជ្រាប​ចូល​កាត់​តាម​កញ្ចក់ ដូច្នេះ​អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ បើ​ទោះបីជា​អ្នក​នៅ​ក្នុងផ្ទះ​ក៏​ដោយ​”​។

គាត់​ណែនាំ​ឱ្យ​ជ្រើសរើស​ផលិតផល​ឡេ​ការពារ​កម្តៅថ្ងៃ​ណា​ដែល​ទប់ស្កាត់​បាន​ទាំង​រស្មី UVA និង UVB ដែល​មាន SPF យ៉ាងតិច ៣០​។ រូបមន្ត​ដែល​អាច​ប្រឆាំង​អុកស៊ីតកម្ម​បាន​ល្អ​គឺ​ផ្សំ​ឡើង​ពី​រូបមន្ត​ដូច​ជា resveratrol, វីតាមីន C, idebenone ឬ​coffee berry​។

ការ​មិន​យកចិត្តទុកដាក់​លើ​ដៃ​និង​ក

មុខ​របស់​អ្នក​មិនមែន​តែ​ជា​កន្លែង​មួយ​ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ថែរក្សា​នោះ​ទេ​។ ការ​ប៉ះ​ត្រូវ​នឹង​កម្តៅថ្ងៃ​ខ្លាំង​ក៏​ប៉ះពាល់​ដល់​ដៃ​និង​ក​របស់​អ្នក​ដែរ​។ កន្លែង​ទាំងនោះ​បង្ហាញ​សញ្ញា​នៃ​ការ​វិវត្តន៍​ទៅ​រក​ភាព​ចាស់ ដូច​ជា អាចម៍រុយ ភាព​ស្ងួត និង​ការ​បាត់បង់​ភាព​តឹង​នៃ​ស្បែក​។

ចូរ​យកចិត្តទុកដាក់​លើក​និង​ខ្នងដៃ​របស់​អ្នក​ដូច​ជា​យកចិត្តទុកដាក់​មុខ​របស់​អ្នក​ដែរ ដោយ​ការ​លាប​សារធាតុ​សំណើម​និង​ឡេ​ការពារ​កម្តៅថ្ងៃ​។ អ្នក​មិន​ចាំបាច់​ទិញ​ផលិតផល​សម្រាប់​រា​ង្គ​កាយ​នោះ​ទេ ព្រោះ​ផលិតផល​សម្រាប់​មុខ​របស់​អ្នក​ក៏​អាច​ប្រើ​លើ​ដៃ​និង​ក​របស់​អ្នក​បាន​ដែរ​។

វិធីសាស្ត្រ​បំបាត់​មុន​តាម​កន្លែង

អរ​ម៉ូ​ន​ប្រែប្រួល​ធ្វើ​ឱ្យ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី ៤០​ឆ្នាំ ជួបនឹង​បញ្ហា​មុន​ជា​ប្រចាំ​។ ប៉ុន្តែ​ការ​ប្រើ​វិធីសាស្ត្រ​បំបាត់​មុន​តាម​កន្លែង​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្បែក​កន្លែង​នោះ​កាន់តែ​ស្ងួត និង​ឆាប់​រលាក​តែ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​បាន​ជួយ​ព្យាបាល​មុន​ដែរ​។

វេជ្ជបណ្ឌិត Carolyn Jacob និយាយ​ថា ជំនួស​ទៅ​វិញ អ្នក​គួរ​ព្យាបាល​មុខ​របស់​អ្នក​ទាំងមូល​ដោយ​ប្រើ​សាប៊ូលាងមុខ​ឬ​សារធាតុ​សំណើម​បំបាត់​មុន​ម្តង​ក្នុង​មួយ​ថ្ងៃ​។

ការ​ចូល​គេង​ដោយ​មិន​លាង​សម្អាត​គ្រឿងសម្អាង

អ្នក​ប្រហែលជា​ងាយ​នឹង​គេង​លង់លក់​បន្ទាប់​ពីរ​វល់​អស់​ពេញ​មួយ​ថ្ងៃ ដោយ​មិន​បាន​លាង​សម្អាត​មុខ​របស់​អ្នក​។ ប៉ុន្តែ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​មុន​។

ក្នុង​ពេល​ពេញ​មួយ​ថ្ងៃ ជាតិពុល​ក្នុង​បរិយាកាស (​ធូលី​ដី​និង​ជាតិពុល​) បាន​ប្រមូលផ្តុំ​គ្នា​លើ​ស្បែក​របស់​អ្នក ហើយ​វាយប្រហារ​លើ​រន្ធ​ញើស ដែល​អាច​បង្ករ​ឱ្យ​មាន​បញ្ហា​ស្បែក​។ ដូច្នេះ​អ្នក​ត្រូវ​លាង​សម្អាត​មុខ​របស់​អ្នក​មុន​ពេល​គេង ដើម្បី​ជួយ​ស្បែក​របស់​អ្នក​។

ប្តូរ​ផលិតផល​លឿន​ពេក

ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ថា​ផលិតផល​សារធាតុ​សំណើម​ប្រឆាំង​ភាព​ចាស់​ថ្មី​របស់​អ្នក​មិន​មាន​ប្រសិទ្ធភាព អ្នក​គួរ​ប្រើ​វា​ឱ្យ​បាន​យូរ​បន្តិច​មុន​នឹង​ប្តូរ​។ ការ​ផ្លាស់​ប្តូរ​ពី​ផលិតផល​មួយ​ទៅ​ផលិតផល​មួយ​លឿន​ពេក​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​គ្មាន​ផលិតផល​ណា​ដែល​សាក​សម​នឹង​ស្បែក​របស់​អ្នក​នោះ​ទេ​។

វេជ្ជ​. Jacob ណែនាំ​ថា អ្នក​គួរ​ប្រើ​ផ​លិ​ផល​ថ្មី​យ៉ាងតិច​ឱ្យ​បាន ៦​ស​ប្តា​ហ៍ ព្រោះ​ស្បែក​របស់​យើង​ត្រូវការ​ពេល ៣០​ថ្ងៃ ដើម្បី​បង្កើត​កោសិកា​ថ្មី​ពី​ខាងក្នុង​ឱ្យ​ចេញ​មក​ដល់​ស្រទាប់​ខាងក្រៅ​។ ហើយ​ប្រសិនបើជា​ផលិតផល​ប្រឆាំង​ភាព​ចាស់ អ្នក​ត្រូវ​រង់ចាំ​កាន់តែ​យូរ ព្រោះ​ស្បែក​ត្រូវការ​ពេល​យ៉ាងតិច ៤​ខែ ដើម្បី​បង្កើត collagen និង elastin ជា​ថ្មី​។

ប្រើ​ផលិតផល​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ

ប្រសិនបើ​សារធាតុ​សំណើម​ថ្មី​ប្រើ​ទៅ​ឃើញ​ថា​ល្អ បន្ទាប់​មក​លាយ​ជាមួយ serum, ទឹក​បន្តឹង​ស្បែក និង​ក្រែ​ម​ពេល​យប់​ថ្មី កាន់តែ​ល្អ​មែន​ទេ?

មិនមែន​នោះ​ទេ​។ ប្រសិនបើ​ស្បែក​របស់​អ្នក​រលាក​ក្រោយ​ពេល​ដែល​អ្នក​ប្រើ​ផលិតផល​ថ្មី​ជា​ច្រើន​ក្នុង​ពេល​ជាមួយ​គ្នា អ្នក​នឹង​មិនដឹង​ថា​តើ​ផលិតផល​មួយ​ណា​ដែល​បង្ករ​ឱ្យ​មាន​បញ្ហា​នោះ​ទេ ហើយ​អ្នក​នឹង​ស្មានថា​ផលិតផល​ទាំងអស់​សុទ្ធតែ​មិនល្អ​។ ជំនួស​ទៅ​វិញ វេជ្ជ​. Jacob ណែនាំ​ឱ្យ​សាកល្បង​ម្តង​មួយ​ៗ ហើយ​ប្រើ​បញ្ចូល​ផលិតផល​ថ្មី​ពី​រស​ប្តា​ហ៍ម្ត​ង​”​។ ការ​ធ្វើ​បែប​នេះ អ្នក​នឹង​អាច​ដឹង​ថា​ផលិតផល​ណា​ដែល​ត្រូវ ឬ​មិន​ត្រូវ​នឹង​ស្បែក​របស់​អ្នក​។

គេង​មិន​គ្រប់គ្រាន់

ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​បង្ករ​ឱ្យ​ស្បែក​ចាស់​មុន​អាយុ​ដែរ ហើយ​ក្នុង​រយៈពេល​ខ្លី វា​នឹង​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ឡើង​ខ្មៅ​។ ការ​គេង​មាន​សារសំខាន់​ណាស់ ព្រោះ​អរ​ម៉ូ​ន​ស្ត្រេ​សនឹង​ធា្ល​ក់​ចុះ​ទៅ​កម្រិត​ធម្មតា​នៅ​ពេល​យប់ ដែល​ផ្តល់​ពេលវេលា​ឱ្យ​កោសិកា​ក្នុង​ការ​ជួសជុល​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​រៀបចំ​ពេលវេលា​ដើម្បី​គេង​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​យប់​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង