ពិតណាស់ការទទួលទានផ្លែឈើស្រស់ៗជាប្រចាំល្អសម្រាប់សុខភាពរាងកាយ ក៏ដូចជាសម្រស់។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួររួមបញ្ចូលផ្លែឈើមិនទាន់ទុំ ឬខ្ចីក្នុងរបបអាហារប្រចាំថ្ងៃឡើយ! នោះក៏ព្រោះតែវាអាចបង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទទួលទានផ្លែឈើខ្ចី ឬមិនទាន់ទុំល្អ ៖

១. ផ្លែឈើខ្លះពិបាកក្នុងការរំលាយ ៖ ផ្លែឈើខ្ចីមួយចំនួនមិនត្រឹមតែពិបាកក្នុងការកាត់ ឬចិត ហើយទំពារប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យក្រពះពិបាកក្នុងការរំលាយផងដែរ។

២. ផ្លែឈើខ្លះទៀតអាចបណ្ដាលឱ្យរលាកស្រទាប់នៃបំពង់អាហារ ៖ ផ្លែឈើខ្ចីភាគច្រើនមានរសជាតិខ្លាំងដែលបង្កឡើងដោយសារធាតុ tannins អាចធ្វើឱ្យរលាកជាលិកាទន់ៗនៃមាត់ និងប្រព័ន្ធរំលាយអាហារទាំងមូលតែម្ដង។

៣. មួយចំនួនទៀតអាចមានផ្ទុកជាតិពុលតិចតួច ៖ តើអ្នកធ្លាប់ដឹងទេថាប៉េងប៉ោះ និងផ្លែម្នាស់មិនទាន់ទុំមានផ្ទុកជាតិពុលកម្រិតស្រាល ឬតិចតួច? នោះហើយទើបការទទួលទានប៉េងប៉ោះ និងម្នាស់ខ្ចីច្រើនមិនត្រូវបានណែនាំ!

យោងទៅតាមអ្នកឯកទេសចំណីអាហារបានឱ្យដឹងថាការទទួលទានផ្លែឈើខ្ចីជាមួយទឹក ក៏ដូចជាអាហារដទៃទៀតដែលអាចបង្កគ្រោះថ្នាក់ចំពោះបំពង់អាហារ ឬនៅពេលពោះទទេរមិនទាន់ទទួលទានអ្វី អាចបង្កបញ្ហាសុខភាពច្រើនទ្វេដង! បញ្ហាទាំងនោះមានដូចជា ៖

– ស្រៀវធ្មេញ ៖ ការខាំ និងទំពារផ្លែឈើខ្ចីបង្កផលប៉ះពាល់ដល់កាចាធ្មេញ និងសសៃប្រសាទជាដែលជាលទ្ធផលនៃបញ្ហាស្រៀវធ្មេញ។ ផ្លែឈើមិនទាន់ទុំមានផ្ទុកជាតិអាស៊ីត និងសារធាតុ tannins ច្រើនដែលមិនល្អចំពោះកាចាធ្មេញ។

– ឈឺពោះ ៖ នោះក៏ព្រោះតែផ្លែឈើខ្ចីភាគច្រើនមានសាច់រឹងដែលធ្វើឱ្យក្រពះពិបាកនឹងរំលាយ។ ជាលទ្ធផលអ្នកអាចនឹងប្រទះបញ្ហាឈឺពោះ។

– ចង្អោរចង់ក្អួត ៖ ជាពិសេស ប្រសិនបើអ្នកក្រពះរបស់អ្នកឆាប់មានបញ្ហានោះអ្នកងាយនឹងជួបប្រទះអាការៈចង្អោរចង់ក្អួត ដោយសារក្រពះទទួលបន្ទុកធ្ងន់ក្នុងការរំលាយអាហាររឹង។
ពេលខ្លះផ្លែឈើខ្ចីក៏អាចបណ្ដាលឱ្យអ្នកក្អួតតែម្ដង។

– រាគ ឬទល់លាមក ៖ ការទទួលទានផ្លែឈើខ្ចីអាចបណ្ដាលឱ្យអ្នករាគរូស ឬទល់លាមកបាន! នោះក៏ព្រោះតែបរិមាណនៃជាតិសសៃដែលផ្លែឈើខ្ចីមានផ្ទុក។

– ការពុលកម្រិតស្រាល ៖ ដូចបានរៀបរាប់ខាងលើ ផ្លែឈើខ្ចីមួយចំនួនដូចជា ប៉េងប៉ោះ និងម្នាស់មានផ្ទុកជាតិពុលតិចតួចនៅខ្ចី ដូច្នេះហើយទើបការទទួលទានវាអាចបណ្ដាលឱ្យអ្នកពុលបាន។

គួរប្រុងប្រយ័ត្ន! ជាពិសេសប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬជួបប្រទះបញ្ហាណាមួយទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដើម្បីជាការប្រសើរជៀសវាងបញ្ហាមិនល្អណាមួយកើតឡើងចូរជ្រើសរើសទទួលទានផ្លែឈើដែលទុំល្អ៕