ឧស្សាហ៍គេងមិនលក់មែនទេ? បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ, ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីត, អាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ជាពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណា ក៏នៅមានអាហារមួយចំនួនដែលអ្នកគួរទទួលទានជាប្រចាំប្រសិនបើអ្នកចង់គេងលក់បានស្រួលរាល់យប់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជៀសផុតពីបញ្ហាពិបាកគេងលក់ ឬជំងឺគេងមិនលក់ ៖

១. ដំឡូងផ្អែម

ធ្លាប់ដឹងទេថាការទទួលទានដំឡូងផ្អែមល្អសម្រាប់អ្នកគេងមិនលក់? នោះក៏តែព្រោះដំឡូងផ្អែមមានផ្ទុកជាតិប៉ូតាស្យូមដែលមិនត្រឹមតែជួយបញ្ចុះសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រួលដល់សាច់ដុំធ្វើឱ្យគេងឆាប់លក់ទៀតផង។ សារធាតុកាបូអ៊ីដ្រាតស្មុគស្មាញក្នុងដំឡូងផ្អែមក៏មានប្រសិទ្ធិភាពជួយឱ្យឆាប់គេងលក់ផងដែរ។

២. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយដល់ការគ្រប់គ្រងអារម្មណ៍ប្រសើរសម្រាប់អ្នកឧស្សាហ៍គេងមិនលក់។ លើសពីនេះទៅទៀត គ្រាប់ធញ្ញជាតិ ជាប្រភពនៃសារធាតុមេឡាតូនីន ជួយជម្រុញការគេងលក់។

៣. គ្រាប់ពូជ

ក៏មិនខុសពីគ្រាប់ធញ្ញជាតិដែរ គ្រាប់ពូជដូចជា គ្រាប់ល្ង និងគ្រាប់ល្ពៅ ជាដើមមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយសម្រួលអារម្មណ៍ឱ្យស្ងប់។ គ្រាប់ពូជក៏មានផ្ទុកជាតិស័ង្កសីចាំបាច់ក្នុងការគ្រប់គ្រងសារធាតុគីមីនៅក្នុងខួរក្បាលជាពិសេសសារធាតុដែលជួយឱ្យឆាប់គេងលក់បានស្កប់។

៤. ផ្លែចេក

ការទទួលទានផ្លែចេកជាប្រចាំមិនត្រឹមតែជួយឱ្យគេងលក់បានស្រួលប៉ុណ្ណោះទេ ប៉ុន្តែល្អចំពោះសុខភាពរាងកាយទាំងមូលតែម្ដង។ ផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាម និងសម្រួលសាច់ដុំធ្វើឱ្យឆាប់គេងលក់។ ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរជាតិម៉ាញ៉េស្យូមដែលជួយសម្រួលដល់អារម្មណ៍ និងរាងកាយល្អណាស់សម្រាប់អ្នកដែលមានបញ្ហាស្ត្រេស និងថប់បារម្ភ។

៥. ពោត

ពោត មានផ្ទុកជាតិកាបូអ៊ីដ្រាតខ្ពស់ដែលអាចជួយឱ្យឆាប់ងងុយគេង។ កាបូអ៊ីដ្រាតរំញោចអាំងស៊ុយលីនដែលធ្វើឱ្យកើតឡើងនូវសារធាតុ tryptophan ជួយព្យាបាលអាការៈគេងមិនលក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង