ការនោមញឹក គឺជាតម្រូវការក្នុងការនោមលើសពីធម្មតាចំពោះអ្នក។ ប្រសិនបើអ្នកធ្លាប់មានការនោមញឹក, បរិមាណទឹកនោមដែលអ្នកនោមចេញមកគឺជារឿយៗប្រហែលជាដូចនឹងធម្មតា ឬតិចជាងធម្មតា។ការនោមញឹកអាចប៉ះពាល់លើអ្នកទាំងថ្ងៃទាំងយប់ ឬអ្នកអាចរកឃើញថា អ្នកត្រូវការនោមជាញឹកញាប់នៅតែពេលយប់។

អាស្រ័យលើលក្ខខ័ណ្ឌដែលបណ្តាលអោយមានការនោមជាញឹកញាប់, អ្នកអាចមានបញ្ហានៃប្រព័ន្ធបង្ហូរនោមផ្សេងទៀតដូចជាៈ
-បាត់បង់ការគ្រប់គ្រងនៃបោ្លកនោមក្នុងការបញ្ចេញ
-នោមឈឺ ឬពិបាកនោម
-ទឹកនោមមានពណ៌មិនធម្មតា
-ការខំប្រឹងខ្លាំងក្នុងការបញ្ចេញទឹកនោម
បន្ថែមទៅលើសញ្ញានៃលក្ខខ័ណ្ឌវេជ្ជសាស្ត្រដទៃទៀត, ការនោមញឹកអាចប៉ះពាល់ទៅលើការគេងរបស់អ្នក, ការងារ និងសុខភាពទូទៅរបស់អ្នក។
អ្វីខ្លះជាមូលហេតុនៃការនោមញឹក
ការនោមញឹកញាប់ជារឿយៗគឺបណ្តាលមកពីលក្ខខ័ណ្ឌដែលប៉ះពាល់ទៅលើមុខងាររបស់ប្រព័ន្ធបង្ហូរទឹកនោម។ ប្រព័ន្ធបង្ហូរទឹកនោមរួមមាន តម្រងនោម, បំពង់ដែលភ្ជាប់ពីតម្រងនោមទៅប្លោកនោម(ureters), ប្លោកនោម និងបំពង់ដែលអោយទឹកនោមឆ្លងកាត់មកក្រៅ(urethra)។
កត្តាដែលអាចនាំអោយនោមញឹករួមមានៈ
-ការបង្កដោយមេរោគ, ជំងឺ ឬគ្រោះថ្នាក់
-បញ្ហាសាច់ដុំ, សរសៃវិញ្ញាណ ឬជាលិកាដទៃទៀតដែលប៉ះពាល់ទៅលើមុខងារនៃប្លោកនោម ឬការផលិតទឹកនោម
-ការព្យាបាលលើជំងឺមហារីកមួយចំនួន
-ថ្នាំ ឬភេសជ្ជះដែលនាំអោយកើនឡើងនៃការផលិតទឹកនោម
ជំងឺជាក់លាក់, លក្ខខ័ណ្ឌ ឬកត្តាដទៃទៀតដែលអាចអោយលទ្ធផលជាការនោមញឹករួមមានៈ
-មហារីកប្លោកនោម
-គ្រួសក្នុងប្លោកនោម
-ធ្លាក់ផ្លោកនោម (Cystocele)
-ទឹកនោមប្រៃ(Diabetes insipidus)
-ថ្នាំបញ្ចុះទឹកនោម(Diuretics)
-ការទទួលទានជាតិអាល់កុល ឬកាហ្វេអ៊ីនច្រើនពេក
-រលាកតម្រងនោម(Kidney infection)
-ប្លោកនោមានសកម្មភាពខ្លាំង
-ក្រពេញប្រូស្តាតរីកធំ
-រលាកក្រពេញប្រូស្តាត (Prostatitis)
-ការព្យាបាលដោយវិទ្យុសកម្មដែលប៉ះទៅលើត្រគាក ឬផ្នែកពោះខាងក្រោ
-ជំងឺទឹកនោមផ្អែមប្រភេទទី១
-ជំងឺទឹកនោមផ្អែមប្រភេទទី២
-ការហៀរទឹកនោមដោយមិនដឹងខ្លួន
-ការរលាកនៃប្រព័ន្ធបង្ហូរទឹកនោម (Urinary tract infection)
អ្នកគួរទៅពេទ្យ នៅពេលណា
ដោយសារចំនួននៃលក្ខខ័ណ្ឌដទៃទៀតដែលអាចបណ្តាលអោយមានការនោមញឹក, វាជារឿងសំខាន់ដើម្បីទទួលបាននូវការធ្វើរោគវិនិច្ឆ័យដែលត្រឹមត្រូវ និងការព្យាបាលដែលសមស្រប។ សូមទៅជួបនឹងគ្រូពេទ្យប្រសិនបើអ្នកមានការនោមច្រើនលើសពីធម្មតា និងប្រសិនបើៈ
-មិនមានមូលហេតុណាដែលធ្វើអោយវាលេចចេញឡើង ដូចជាទទួលជាតិកាហ្វេអ៊ីន ឬអាល់កុលច្រើនជាងធម្មតា
-បញ្ហារំខានដល់ការគេង និងសកម្មភាពប្រចាំថ្ងៃរបស់អ្នក
-អ្នកមានបញ្ហានិងរោគសញ្ញាតាមទឹកនោមដទៃទៀត
សូមទៅជួបជាមួយគ្រូពេទ្យភ្លាមៗ តាមដែលអ្នកអាចធ្វើទៅបានប្រសិនណាបើការនោមញឹករបស់អ្នកគួបផ្សំទៅនឹងរោគសញ្ញាដទៃទៀតដែលអាចត្រូវបានបណ្តាលឡើងដោយជំងឺលើប្រព័ន្ធបង្ហូរនោមដូចជាៈ
-នោមឈាម
-នោមពណ៌ក្រហម ឬត្នោតចាស់
-នោមឈឺ
-ឈឺផ្នែកខាងក្នុង, ក្រោមពោះ ឬត្រគាក
-ពិបាកនោម ឬគ្មានទឹកនោមសោះក្នុងប្លោកនោម
-ប្រឹងនោមខ្លាំង
-បាត់បង់ការគ្រប់គ្រងលើប្លោកនោម
-គ្រុនក្តៅ