ខួរក្បាល គឺជា​អង្គ​សំខាន់​ក្នុង​ដំណើរ​ការណ៍​បញ្ជា​គ្រប់គ្រង​រាង​កាយ​របស់​យើង​គ្រប់​គ្នា ដូច្នេះ​ការ​ញ៉ាំ​ចំណីអាហារ ក៏​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​ដែរ ដើម្បី​ឲ្យ​ដំណើរការ​តួអង្គ​មួយ​នេះ កាន់តែ​ល្អ​ប្រសើរ​។ ខាងក្រោម​គឺជា​របប​អាហារ​ដែល​មាន​សារៈសំខាន់​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ខួរក្បាល​៖

១-​ខ្លាញ់ត្រី
ខ្លាញ់ត្រី ជា​ប្រភព​ផ្ដល់​សារធាតុចិញ្ចឹម​ល្អ​បំផុត​ទៅ​ដល់​ខួរក្បាល​។ ត្រី​ប្រភេទ​នេះ​រួម​មាន​ដូច​ជា ពពួក​ដូច​ជា​ត្រី​សាល់​ម៉ុ​ន ត្រី​សា​ឌី​ន និង ត្រី​ធូ​ណា សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​។ ប្រហែល ៦០% នៃ​ខួរក្បាល ត្រូវ​បាន​បង្កើត​ឡើង​ពី​ជាតិ​ខ្លាញ់ ហើយ​ពាក់កណ្តាល​នៃ​ជាតិ​ខ្លាញ់​នោះ គឺ​មាន​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា​៣​។ អូ​មេ​ហ្គា ៣ ត្រូវ​បាន​ដើរតួ​យ៉ាង​សំខាន់ ដើម្បី​បង្កើត​កោសិកា​ខួរក្បាល និង​សរសៃប្រសាទ ជា​ពិសេស​ជំនួយ​ដល់​ការ​ចង​ចាំ​។ ដូច្នេះ ការ​ញ៉ាំ​ខ្លាញ់ត្រី គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​។

២-​កាហ្វេ
នៅ​ក្នុង​កាហ្វេ​មាន​សារធាតុ​សំខាន់​ពីរ​ប្រភេទ គឺ​កាហ្វេ​អ៊ី​ន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​តួនាទី​ជួយ​ទ្រទ្រង់​សុខភាព​ខួរក្បាល​។ ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាននៅ​ក្នុង​កាហ្វេ​មាន​ឥទ្ធិពល​វិជ្ជមាន ដូច​ជា​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​រក្សា​ខួរក្បាល​ពី​សារធាតុ អា​ឌី​ណូ​សិន​(adenosine ) ជា​សារជាតិ​គីមី​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ងងុយគេង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ញ៉ាំ​កាហ្វេ​ក្នុង​រយៈពេល​យូរ​ក៏​អាច កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដូច​ជា ជំងឺ​ភ្លេចភ្លាំង​ជាដើម​។ ក្រៅពី​នោះ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា តែ​បៃតង​ក៏​មាន​ប្រសិទ្ធភាព​ស្រ​ដៀង​គ្នា​ផង​ដែរ​។

៣-​រមៀត
រមៀត​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​ក្នុង​ម្ហូបអាហារ​យ៉ាង​ឆ្ងាញ់​នោះ​ទេ តែ​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​ចិញ្ចឹម​ខួរក្បាល​។ សារធាតុ​ពណ៌​លឿង (Curcumin )​ដែល​ជា​សារធាតុ​សកម្ម​នៅ​ក្នុង​រមៀត ត្រូវ​បាន​គេ​សិក្សា​ឃើញ​ថា បាន​ធ្វើការ​យ៉ាង​សកម្ម​តាម​សរសៃឈាម ចូល​ទៅ​ក្នុង​ខួរក្បាល​ដោយ​ផ្ទាល់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​កោសិកា​នៅ​ទីនោះ​ផង​ដែរ​។ លើ​ពី​នោះ​ទៅ​ទៀត សារធាតុ Curcumin អាច​ជួយ​បង្កើន​ការ​ចង​ចាំ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ភ្លេចភ្លាំង ហើយ​ក៏​អាច​សម្រាល​ជំងឺ​បាក់ទឹកចិត្ត និង​ការ​ថប់​បារម្ភ​ផង​ដែរ​។

៤-​ផ្កា​ខាត់ណា​ខៀវ
ផ្កា​ខាត់ណា​ខៀវ ជា​ប្រភេទ​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ វីតាមីន K ដែល​មាន​តួនាទី​ជួយ​រំលាយ​ជាតិ​ខ្លាញ់ ដែល​កក កើត​មាន​ក្នុង​ខួរក្បាល​។ ភាគច្រើន សារធាតុ​ខ្លាញ់​ដែល​មាន​ភាព​អសកម្ម​ក្នុង​ខួរក្បាល រមែង​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ស្ទក់ យឺតយ៉ាវ នឹង​ភ្លេចភ្លាំង​ច្រើន​។ ក្រៅពី​បន្លែ​ខាត់ណា​ខៀវ​ទៅ នៅ​មាន គ្រាប់​ធញ្ញជាតិ​ក្រៀម​ៗ ដូច​ជា​សណ្ដែកដី គ្រាប់​ល្ពៅ និង​គ្រាប់​ផ្កា​ឈូ​រ័​ត្ន ជាដើម ក៏​មាន​វីតាមីន​នេះ​ដែរ​។

៥-​ផ្លែក្រូច
ផ្លែក្រូច​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ណាស់​ទៅ​ហើយ ថា​សម្បូរ​ដោយ​វីតាមីន C ដែល​ជា​វីតាមីន​ចាំបាច់​សម្រាប់​រាង​កាយ​របស់​យើង​។ វីតាមីន C ក៏​មាន សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល ដែល​ជួយ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​អាច​បំផ្លាញ​កោសិកា​ខួរក្បាល​។ លើស​ពី​នេះ វីតាមីន C ជួយ​ដល់​សុខភាព​ខួរក្បាល​មនុស្ស​វ័យ​ចំណាស់ ហើយ​អាច​ការពារ​ពី​ស្ថានភាព​ដូច​ជា​ជំងឺ​បាក់ទឹកចិត្ត ថប់​បារម្ភ ជំងឺ​វិកលចរិត និង​ជំងឺ​ភ្លេចភ្លាំង​ជាដើម​។
៦-​ស៊ុត
ការ​ទទួលទាន​ស៊ុត​ក៏​អាច​រួមចំណែក​ជួយ​ជួយ​ទ្រទ្រង់​ដល់​ខួរក្បាល​។ ព្រោះថា ស៊ុត​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​វីតាមីន B និង choline ដែល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង