ក្លិនខ្លួនបានធ្វើអោយអ្នកវិទ្យាសាស្ត្រមានការចាប់អារម្មណ៍នៅក្នុងការស្រាវជ្រាវ។អ្នកស្រាវជ្រាវជាច្រើនមកពី សាកលវិទ្យាល័យ Vanderbilt បានធ្វើការពិសោធន៍និងរក ឃើញថាមនុស្សជាច្រើនអាចដឹងក្លិននៅលើក្រណាត់ខោអាវ។
ពួកគេអាចដឹងបានថាតើបងប្អូនណាម្នាក់ដែលបានពាក់ខោអាវនោះ ទោះបីជាពួកគេមិនបានជួបបងប្អូននោះជាច្រើនខែមកហើយក្តី។អ្នកឯកទេសជាច្រើនសន្និដ្ឋានថា ការដែលមានក្លិនខ្លួននេះ វាអាចបណ្តាលមកពីមជ្ឍដ្ឋានបរិស្ថានជុំវិញខ្លួនផ្សេងៗជាច្រើន ដូចជា ការហូបចុកជាដើម ប៉ុន្តែកត្តាដំនរពូជ ក៏ជាផ្នែកមួយផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានក្លិនខ្លួន អ្នកប្រហែលជាមិនសូវមានការចាប់អារម្មណ៍លើមូលហេតុរបស់វាទេ តែអ្នកប្រហែលជាចង់ដឹងតើវាត្រូវបំបាត់ក្លិននោះយ៉ាងដូចម្តេច ។
ខាងក្រោមនេះជាមធ្យោបាយ ៦ ប្រភេទក្នុងការលុបបំបាត់ក្លិន។អ្នកអាចសាកល្បងវាដោយខ្លួនឯងនៅតាមគេហដ្ឋាន ។
១. សម្អាតរាងកាយអោយបានស្អាតល្អ
អ្នកគួរតែងូតទឹកអោយបានយ៉ាងហោចណាស់មួយដង ឬច្រើនដងក្នុងមួយថ្ងៃ ។ ការធ្វើដូច្នេះជាមធ្យោបាយមួយដើម្បីលាងសម្អាតជាតិញើស ក៏ដូចជា បាក់តេរីដែលទំលើស្បែករបស់អ្នក ។ សំរាប់ ញើសជាធម្មតាមិនអាចបង្កជាក្លិនខ្លួននោះឡើយ ប៉ុន្តែនៅពេលដែលមានការចូលរួមគ្នាពីសំណាក់ បាក់តេរី ដែលរស់នៅស្រាប់លើស្បែក វានឹងប្រាកដជាអោយបាកតេរីនោះលូតលាស់ និងបង្កកូនចៅបានច្រើន ហើយអោយផលជាក្លិនខ្លួនទៀត ។
ដូចនេះការងូតទឹកសម្អាតខ្លួនប្រកបដោយភាពហ្មត់ចត់ ពិសេសកន្លែងដែលមានចេញញើសច្រើន អាចជួយកាត់បន្ថយនូវក្លិនខ្លួនបានច្រើន ។ ប្រសិនបើអ្នកជាមនុស្សដែលបែកញើសជាធម្មតា អ្នកប្រហែលជាមានបញ្ហាជាច្រើនទាក់ទងនឹងក្លិនខ្លួនជាងមនុស្សដែលបែកញើសច្រើនហួសហេតុ។នេះដោយសារតែការចេញញើសច្រើនវាលាងជម្រះពពួកបាតក់តេរីដែលបង្កក្លិនខ្លួនចេញពីរាងកាយអ្នក។
២.ដុសខ្លួនដោយ ប្រើសាប៊ូដែលជាតិថ្នាំប្រឆាំងបាក់តេរី (Antibacterial Soap)
ការជ្រើសរើសនូវសាប៊ូដុសខ្លួនសម្រាប់ប់សម្លាប់បាក់តេរី គឺអាចជួយក្នុងការកាត់បន្ថយការលូតលាស់ របស់បាក់តេរី និងក្លិនខ្លួនបានមួយផ្នែកដែរ ។ សាប៊ូរត្រូវតែមានការបញ្ជាក់ថា “ប្រឆាំងបាក់តេរី”(“Antibacterial”) នៅលើ កញ្ចប់ ។
៣.ជូតខ្លួនអោយស្អាត
បន្ទាប់ពីងូតទឹកហើយ អ្នកត្រូវប្រាកដថាអ្នកបានជូតខ្លួនស្ងួតអស់ហើយ ។ ជូតខ្លួនអោយបានត្រឹមត្រូវ។ដូច្នេះមានន័យថាជូតខ្លួនអោយស្ងួតកន្លែងចេញញើសច្រើន។សូមបញ្ជាក់ថា បាក់តេរីដែលអាចបង្កក្លិនខ្លួនបាន មានការលំបាកនៅក្នុងការបង្កកូនចៅនៅលើស្បែកបើសិនជាស្បែកស្ឆួត។
៤. ប្រើផលិតផលបំបាត់ក្លិន ឬញើស
នៅពេលអ្នកសម្អាត និងសម្ងួតខ្លួនហើយ អ្នកត្រូវលាបថ្នាំបំបាត់ក្លិនឬថ្នាំបំបាត់ការចេញញើសនៅក្លៀក។ថ្នាំបំបាត់ក្លិនមិនកាត់បន្ថយការចេញញើសទេប៉ុន្តែវាបំបាត់ក្លិននោះលើស្បែក។ ចំណែកថ្នាំបំបាត់ញើស ដែលមានធាតុផ្សំជា អាឡុយមីញ៉ូម ក្លររ៉ាយ (Aluminum Chloride) អាចកាត់បន្ថយនូវការបែកញើស ហើយក៏មានតួនាទីបំបាត់ក្លិនផងដែរ ។ ផលិតផលបំបាត់ក្លិន និងញើសដែលមានប្រសិទ្ធិភាពខ្ពស់ អាចរកទិញបានគ្រប់ទីកន្លែង ។
៥. ប្តូរសម្លៀកបំពាក់អោយបានញឹកញាប់ បើអ្នកបែកញើស
អ្នកគួរតែធ្វើការផ្លាស់ប្តូរសម្លៀកបំពាក់ចេញនៅពេលអ្នកបែកញើសខ្លាំង ព្រោះថាការប្រើសម្លៀកកបំពាក់ថ្មីអាចកាតបន្ថយក្លិនខ្លួនរបស់អ្នកបានច្រើន ។ អ្នកត្រូវតែប្រាកដថាអ្នកក៏បានផ្លាស់ប្តូរស្រោមជើងរួចដែរ ពិសេសប្រសិនបើអ្នកមានក្លិនជើងដោយសារពាក់ស្រោមជើងនោះ អ្នកអាចប្រើថ្នាំ បំបាត់ក្លិនជាលក្ខណៈម្សៅ ទៅក្នុងស្រោមជើង។
៦. កាត់បន្ថយការបរិភោគអាហារដែលអោយទៅជាមានក្លិនខ្លួន
អ្វីដែលអ្នកបានបរិភោគ គឺអាចមានឥទ្ធិពលអោយចេញជាក្លិនខ្លួនបានដែរ ។ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយពីសំនាក់ សាធារណៈរដ្ឋឆែក បានធ្វើតេសលើបុរសចំនួន ១៧នាក់ ដែលបានបរិភោគ សាច់ក្រហម ។ គេដាក់ក្រណាត់មួយបន្ទះនៅក្រោមឃ្លៀកបុរសទាំងនោះដើម្បីយកក្លិនឃ្លៀកនៅរយ:ពេល 24ម៉ោង ក្រោយពីការបរិភោគសាច់ក្រហមនេះ ។ នៅក្នុងការពិសោធន៍មួយទៀត គេមិនអោយបុរសទាំងនោះបរិភោគសាច់ក្រហមទេ។
ក្រោយមកគេអោយនារីស្ម័គ្រចិត្តទៅហិតក្លិនក្រណាត់ទាំងនោះ។ពួកគេរកឃើញថាក្លិនមិនសូវមានទេ នៅពេលដែលបុរសមិនបរិភោគសាច់ក្រហម។
ចំនីអាហារដែលធ្វើអោយបែកញើសច្រើនមានដូចជា ម្ទេស ឬអាហារហិល គឺសុទ្ធតែបង្កអោយកើតក្លិនខ្លួន ។ ចំណែកក្លិនអាហារដូចជា ខ្ទឹមបារាំង ឬខ្ទឹមសរ គឺអាចចេញតាមញើស ៕