ការទៅហាត់ប្រាណក្នុងក្លិប ជាពិសេសក្នុងរដូវរងាមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សភាគច្រើនទេ ។ ខណៈពេលដែលការហាត់ប្រាណទៀងទាត់ គឺជារឿងសំខាន់ដូចការ ញ៉ាំអាហារផ្តល់សុខភាពដែរ ដើម្បីសម្រកទម្ងន់ ការផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារក៏អាចបង្កើតនូវភាពខុសគ្នាយ៉ាងធំផងដែរ ។

ការស្រាវជ្រាវបានបង្ហាញថា របបអាហារយើងដើរតួនាទីសំខាន់ណាស់ក្នុងការសម្រកទម្ងន់ ។ តាមពិតទៅ តាមរយៈការបញ្ចូលភេសជ្ជៈសម្រកទម្ងន់ខាងក្រោមនេះ ដើម្បីញ៉ាំនៅពេលព្រឹកពិតជាអាចជួយដល់ការសម្រកទម្ងន់បានយ៉ាងល្អ ៖
ភេសជ្ជៈប្រទាលកន្ទុយក្រពើ
ភេសជ្ជៈមួយនេះផ្ទុកទៅដោយជាតិរ៉ែ និងអង់ទីអុកស៊ីដង់ជាច្រើនសម្រាប់ពង្រឹងដល់ការរំលាយអាហារ ជួយសម្រកទម្ងន់ និងជំរុញដល់សុខភាពទូទៅ។ ចូរបន្ថែមជែលប្រទាលកន្ទុយក្រពើ ២ ទៅ ៣ស្លាបព្រាក្នុងកែវទឹក ហើយលាយជាមួយនឹងទឹកក្រូចឆ្មា និងទឹកឃ្មុំបន្តិចដើម្បីបន្ថែមរសជាតិទៅ។

ទឹកខ្ញី និងក្រូចឆ្មា
ទាំងខ្ញី និងក្រូចឆ្មាត្រូវបានគេប្រើប្រាស់ដើម្បីសម្រកទម្ងន់អស់រយៈពេលច្រើនឆ្នាំមកហើយ ព្រមទាំងមានប្រយោជន៍ដល់សុខភាពជាច្រើនទៀតដូចជា បំបាត់ការចង្អោ និងឈឺចាប់។ វាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ និងសារធាតុមានប្រយោជន៍ផ្សេងៗទៀត។ ការញ៉ាំទឹកក្រូចឆ្មា និងខ្ញីប្រហែលជាជួយសម្រកទម្ងន់ខណៈពេលដែលជួយបង្កើនសុខភាពរាងកាយផង។ ចូរញ៉ាំទឹកក្រូចឆ្មាកន្លះផ្លែលាយជាមួយទឹកតែខ្ញីបន្តិច។
ទឹកខ្មេះផ្លែប៉ោម និងខ្ញី
ទឹកខ្មេះផ្លែប៉ោម គឺជាធាតុផ្សំដ៏ពេញនិយមមួយផ្សេងទៀតសម្រាប់ជួយដល់សុខភាព។ វាអាចជួយបញ្ចុះជាតិស្ករក្នុងឈាម បន្ថយកូឡេស្តេរ៉ុល និងជួយដល់ការសម្រកទម្ងន់ ព្រមទាំងប្រយោជន៍ចំពោះសុខភាពផ្សេងទៀត។ ការស្រាវជ្រាវបានណែនាំថា សារធាតុ Acetic Acid របស់ទឹកខ្មេះផ្លែប៉ោមអាចសម្លាប់មេរោគបាន រួមទាំងបាក់តេរីផងដែឬ។ ចូរលាយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកឃ្មុំបន្តិច ហើយដាក់ចូលទៅក្នុងតែខ្ញី បន្ទាប់មកញ៉ាំវាជាការស្រេច។

តែបៃតង
សមត្ថភាពរំលាយជាតិខ្លាញ់របស់តែបៃតងត្រូវបានគេស្គាល់យ៉ាងច្បាស់។ តែបៃតងសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងសារធាតុផ្សេងៗទៀតដែលជំរុញដល់សុខភាព។ Epigallocatechin Gallate (EGCG) ជាអង់ទីអុកស៊ីដង់ដ៏សំខាន់របស់តែបៃតង អាចជំរុញដល់ការរំលាយអាហារ និងទ្រទ្រង់ដល់ការសម្រកទម្ងន់ទៀត។
ការស្រាវជ្រាវបានឲ្យដឹងថា តែបៃតងអាចជួយដល់កាសម្រកខ្លាញ់ក្បាលពោះ។ អ្នកគ្រាន់តែដាក់តែបៃតងមួយថង់តូចរបស់វាចូលទៅក្នុងប៉ាន់តែ ហើយចាក់ទឹកចូល រួចទុកចោល ៣ទៅ៥នាទី ហើយយកថង់តែនោះចេញ ហើយចាក់តែញ៉ាំ ជាការស្រេច៕
