ក្នុង​មួយ​ខែ​ឧសភា ឆ្នាំ​​​២០១៨ យ៉ាង​ហោច​ណាស់មានករណីបោះបង់កូន​​ទើប​កើត​យ៉ាង​តិច​ចំនួន​បីករណី​​ ​ក្នុង​នោះ​មាន​មួយ​ករណី​បាន​ស្លាប់ និង​ពីរ​​ករណី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ដែលករណីនេះ​ អ្នក​ច្បាប់ថា​ការ​បោះបង់​កូនចោល​គឺមាន​ទោស​តាម​ក្រម​ព្រហ្មទណ្ឌ​។

កាលពី​ថ្ងៃទី១៩ ខែ​ឧសភា ទារក​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​នៅ​ក្នុង​បន្ទប់​ទឹក​ក្នុង​រោង​ចក្រ​ស្បែងជើង​មួយ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ។ អត្តសញ្ញាណ​របស់​ម្តាយ​ទារករូបនេះ​មិនមានអ្នកណាម្នាក់បាន​ដឹង​នោះទេ ដោយគ្រាន់តែ​ដឹងថាជាកម្មារិនី​នៅ​ក្នុង​រោង​ចក្រ​ ហើយ​បាន​គេច​ខ្លួន​ក្រោយ​បង្កើត​ទារកនេះរួច។ ទោះយ៉ាងណា​ទារកខាងលើ​ត្រូវបាន​កម្មារិនីម្នាក់​ទៀត​និង​ស្វាមី​ទទួល​ធ្វើជាកូន​ចិញ្ចឹម​ភ្លាមៗ​និង​បាន​​យក​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ។ បច្ចុប្បន្នទារ​ករូបនេះ​កំពុង​ស្ថិត​ក្នុងការ​ព្យាបាល​នៅឡើយ ដោយ​ថា​មាន​សុខភាព​ខ្សោយ​ព្រោះ​កើត​មិន​គ្រប់​ខែ​។

សម្រាប់​ករណី​ទីពីរ​ទារ​ក​ម្នាក់​ត្រូវគេ​ប្រ​ទះឃើញ​​ថា​ស្លាប់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញនារសៀល​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ២០១៨។ ទារកខាង​លើ​ត្រូវ​គេ​បោះ​ចោល​នៅ​លើ​គំនរសំរាម​​តាម​ដង​ផ្លូវ ដោយ​ដាក់​ចោល​ក្នុងថង់​ប្លាស្ទិក​ធំមួយ និង​មាន​រុំ​កន្សែង​ផង។

ដោយឡែក​ករណី​មួយ​ទៀត​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ២០១៨ ទារិកា​​ទើប​កើត​ម្នាក់ទៀត​ត្រូវ​អ្នក​រើស​អេតចាយ​ប្រ​ទះឃើញ​នៅ​លើ​គំនរសំរាម​ក្បែរ​ផ្លូវ​មួយ​កន្លែង​ក្នុង​សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ។ អ្នករើស​អេតចាយ​ខាង​លើ​បាន​ផ្តល់​ដំណឹង​ដល់ប្រ​ជា​ពល​រដ្ឋ​នៅជិត​នោះ ហើយ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ទៅ​ដល់​នឹង​បញ្ជូន​ទារិកា​ខាង​លើ​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត្រ។

បុគ្គលិក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ Sabay នៅ​ព្រឹកថា​នេះ​ទារិកា​ខាង​លើ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​នៅឡើយ។ បុគ្គលិក​ដដែល​បន្តថា៖ «ខ្ញុំអធ្យាស្រ័យបង​ដែរ ខ្ញុំប្រាប់បាន​តែ​ប៉ុណ្ណឹង [ទារិកា]កំពុងនៅ​មន្ទីរពេទ្យ​នៅឡើយ»។

​​​​ទាក់ទង​នឹង​ការ​បោះបង់​កូន​ចោល​បែបនេះ​ លោក​មេធាវី សុក សំអឿន លើក​ឡើង​ថា​តាមក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា៣២១ បទ បោះ​បង់​អនីតិជន​អាយុតិចជាង​១៥​ឆ្នាំ អ្នក​ដែល​បោះបង់​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​។ ចំពោះ​ករណីធ្វើឲ្យ​អនីតិជន​រូបនោះ​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​លោក​ថា​តាម​មាត្រា​៣៣៨​ ត្រូវ​ផន្ទាទោស​ជាប់ពន្ធនាគារ​ពី​ប្រាំពីរ​ឆ្នាំ​ដល់​១៥​ឆ្នាំ។​

ការ​បោះបង់​កូន​ចោល​ដូច​ក្នុងករណីទាំងនេះ លោកមេធាវិ​ថា​ប្រ​ហែលជា​ឪពុកម្តាយ​នៅ​វ័យ​ក្មេង​និង​មិន​បាន​យល់ដឹងពី​ច្បាប់​ដែលត្រូវ​ផ្តន្ទាទោស​រហូតជាប់ពន្ធនាគារ​បែបនេះ។ លោក​ថា​ក្នុង​ករណី​ស្រ្តី​វ័យ​ក្មេងមាន​ផ្ទៃពោះ​ដោយ​គ្មាន​ការ​គ្រោងទុក​ ​ហើយ​មិន​ចង់ទុក​កូន​ គឺ​ថា​អាចរក​​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ដើម្បី​រំលូត​កូន​ក្នុង​លក្ខខណ្ឌណាមួយ​ដែល​ច្បាប់​អនុញ្ញាត៕ ​

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង