មានមនុស្សជាច្រើន មិនបានដឹងការពិតដែលថា ជំងឺតម្រងនោមគឺជាឃាតករដ៏ស្ងៀមស្ងាត់មួយនោះទេ។ ពួកវា អាចនឹងមិនបង្ហាញរោគសញ្ញាអ្វីមួយសោះ ក្នុងរយៈពេលដ៏យូរមួយ រហូតដល់ពេលដែលស្ថានភាព នៃជំងឺនេះ ស្ថិតក្នុងដំណាក់ការគ្រោះថ្នាក់។
វាជាការចាំបាច់ ដែលយើងរាល់គ្នា ត្រូវតែដឹងពី រោគសញ្ញា នៃជំងឺតម្រងនោម ដែលអាចអោយអ្នកចាត់វិធានការណ៍ ដោះស្រាយវាបានជាមុន។
ខាងក្រោមនេះ គឺជារោគសញ្ញាទាំង ១២ចំណុច ដែលអ្នកគួរមានការប្រុងប្រយ័ត្ន ៖
១. មានការប្រែប្រួលចំពោះមុខងាររបស់ប្រព័ន្ធផ្លូវបង្ហូររបស់អ្នក
រោគសញ្ញាដំបូង នៃជំងឺតម្រងនោម នោះគឺបម្រែបម្រួល នៃបរិមាណ និង ភាពញឹកញាប់នៃការបត់ជើងតូចរបស់អ្នក ជាពិសេស គឺនៅក្នុងពេលយប់។ វាអាចនឹងមានពណ៌ឌិតជាងមុន ហើយអ្នកអាចនឹងមាន អារម្មណ៍ហាក់នឹងចង់លេចនោម តែបែរជាមិនអាចនោមចេញវិញ ពេលបានទៅដល់បន្ទប់ទឹក។
២. មានភាពពិបាក ឬ មានការឈឺចាប់ក្នុងពេលបត់ជើងតូច
នាពេលខ្លះ អ្នកអាចនឹងមានភាពពិបាក ឬ មានអារម្មណ៍ថាមានសម្ពាធ ឬ ការឈឺចាប់ ខណៈពេលកំពុង បត់ជើង ។ ការចម្លងរោគនៅក្នុងបំពង់បង្ហូរទឹកនោម អាចបណ្តាលអោយមានរោគសញ្ញាដូចជា ៖ ឈឺចាប់ ឬ ក្តៅផ្សាពេលកំពុងនោម។ នៅពេលដែលការបង្ករោគនេះ រាលដាលដល់តម្រងនោម នោះវាអាចនឹងធ្វើអោយអ្នក មានគ្រុនក្តៅ និង ចុកចង្កេះ។
៣. ឈាមនៅក្នុងទឹកនោម
នេះគឺជារោគសញ្ញា នៃជំងឺតម្រងនោម ដែលជាការគួរអោយព្រួយបារម្ភមួយ។ វាអាចមកពីមូលហេតុផ្សេងទៀត ប៉ុន្តែជាការល្អអ្នក គួរតែទៅជួបនឹងគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យអោយបានត្រឹមត្រូវ ។
៤. មានការហើមប៉ោង
តម្រងនោមធ្វើការ យកចេញនូវកាកសំណល់ និង សារធាតុរាវ ដែលលើសចេញពីរាងកាយ ។ នៅពេលដែល ពួកវាមិនមានសម្តត្ថភាពនឹងធ្វើការងារមួយនេះ នោះសារធាតុរាវដែលលើសទាំងនេះ នឹងកកស្ទះ នៅក្នុងរាងកាយ ដែលវានឹងធ្វើអោយអ្នកជំងឺ ហើមប៉ោង ដៃ,ជើង ភ្នែកគោល ឬ ផ្ទៃមុខ។
៥. អស់កម្លាំងខ្លាំង និង រាងកាយទាំងមូលចុះខ្សោយ
តម្រងនោមរបស់អ្នក ធ្វើការផលិតអរម៉ូនម្យ៉ាងដែលត្រូវបានគេហៅថា erythropoietin ដែលជួយបង្កើត កោសិកាគ្រាប់ឈាមក្រហម ដែលជាអ្នកដឹកនាំអុកស៊ីសែន។ ចំពោះជំងឺតម្រងនោម ការធ្លាក់ចុះនៃអរម៉ូន ប្រភេទនេះ នឹងធ្វើអោយកោសិកាគ្រាប់ឈមក្រហមធ្លាក់ចុះ ហើយជាលទ្ធផលវានឹងធ្វើអោយ អ្នកជំងឺមានជំងឺកង្វះគ្រាប់ឈាមក្រហម បានផងដែរ។ ទន្ទឹមនឹងនេះ កម្រិតអុកស៊ីសែនដែលត្រូវ ធ្វើការបញ្ជូនទៅកាន់កោសិកា ក៏មានការធ្លាក់ចុះ ដែលនឹងបណ្តាលអោយរាងកាយទាំងមូលចុះខ្សោយ និង អស់កម្លាំងជាខ្លាំង ។
៦. វិលមុខ និង មិនអាចផ្តោតអារម្មណ៍ទៅលើការងារអ្វីមួយបាន
ការខ្វះគ្រាប់ឈាមក្រហម ដែលមានទំនាក់ទំនងទៅនឹង ជំងឺតម្រងនោម ក៏អាចកាត់បន្ថយ នូវកម្រិតអុកស៊ីសែន ក្នុងខួរក្បាល ដែលអាចនឹងធ្វើអោយអ្នកវិលមុខ និង មិនអាចផ្តោតអារម្មណ៍បានល្អជាដើម ។
៧. មានអារម្មណ៍ថាត្រជាក់គ្រប់ពេល
ប្រសិនបើអ្នកមានជំងឺតម្រងនោម នោះអ្នកនឹងហាក់មានអារម្មណ៍ថាត្រជាក់រងារៗ បើទោះជាអ្នក ស្ថិតក្នុងមជ្ឈដ្ឋានកក់ក្តៅមួយហើយក៏ដោយ នេះគឺដោយសារតែស្ថានភាពខ្វះគ្រាប់ឈាមរបស់អ្នក។ ការចម្លងរោគនៅក្នុងតម្រងនោម ក៏អាចធ្វើអោយអ្នកមានគ្រុនក្តៅ និងគ្រុនរងារបានដែរ។
៨. ឡើងកន្ទួលក្រហម និង រមាស់នៅលើស្បែក
ការខ្សោយតម្រងនោម អាចធ្វើអោយកាកសំណល់មាន ការកើនឡើងនៅក្នុងឈាម។ មូលហេតុនេះ នឹងធ្វើអោយអ្នកមានភាពរមាស់ និង ស្នាមកន្ទួលនៅលើស្បែក។
៩. មានខ្យល់ដង្ហើមក្លិនដូចជា អាម៉ូញាក់ និង មានរសជាតិលោហធាតុ
ការខ្សោយតម្រងនោម នឹងបង្កើនកម្រិតនៃជាតិអ៊ុយរ៉េ នៅក្នុងឈាម។ ជាតិអ៊ុយរ៉េទាំងនេះនឹងធ្វើការ បំបែកខ្លួនទៅជា អាម៉ូញាក់ នៅក្នុងទឹកមាត់ ធ្វើអោយខ្យល់ដង្ហើមអ្នកធុំក្លិនឆ្អេសៗ ដូចជាទឹកអាម៉ូញាក់ ។ ជាធម្មតា វាមានទំនាក់ទំនងផងដែរ ទៅនឹងការមានរសជាតិដូចជាលោហធាតុនៅក្នុងមាត់ របស់អ្នកជំងឺផងដែរ ។
១០. ចង្អោរ ឬ ក្អួត
ការប្រមូលផ្តុំនៃ កាកសំណល់នៅក្នុងឈាម ចំពោះជំងឺតម្រងនោម ក៏អាចធ្វើអោយអ្នកជំងឺមានចង្អោរ និង ក្អួតបានផងដែរ ។
១១. ខ្យល់ដង្ហើមខ្លីៗ
ជំងឺតម្រងនោម ធ្វើអោយសារធាតុប្រមូលផ្តុំនៅក្នុងសួត ។ ហើយភាពកង្វះឈាមក្រហម ក៏ជា ផលរំខាននៃជំងឺតម្រងនោម ដែលនឹងរារាំងនូវ អុកស៊ីសែនពីរាងកាយអ្នកបានផងដែរ ។ អ្នកអាចនឹង មានភាពពិបាក ក្នុងការដកដង្ហើម ដោយសារតែស្ថានភាពទាំងនេះ ។
១២. មានការឈឺចាប់នៅខ្នង ឬ ចង្កេះ
ក្នុងករណីខ្លះនៃជំងឺតម្រងនោម អាចធ្វើអោយអ្នកមានការឈឺចាប់ ។ អ្នកអាចនឹងមានអារម្មណ៍ ឈឺរមួល ដែលនឹងរាលដាលទៅដល់ ចង្កេះផ្នែកខាងក្រោម ឬ ទៅកាន់ក្រលៀន ប្រសិនបើមានគ្រួសនៅក្នុងបំពង់បង្ហួរនោម។
វាជាការចាំបាច់បំផុត ដែលអ្នកគួរធ្វើការកំណត់ពីស្ថានភាពនៃជំងឺតម្រងនោមនេះ អោយបានឆាប់រហ័ស ដើម្បីអោយលទ្ធភាពនៅក្នុងព្យាបាល អាចមានប្រសិទ្ធិភាពខ្ពស់ ៕