បើសិនជាអ្នកចង់មានអារម្មណ៍ល្អចាប់ពីពេលព្រឹករហូដល់យប់នោះតើមានអ្វីដែលល្អបំផុតសម្រាប់អាចអនុវត្តតាមទៅ?វេជ្ជបណ្ឌិត ដេវីត រ៉ាគែល (David Rakel, MD) បានចំណាយពេលវេលាជាច្រើនថ្ងៃរបស់គាត់ដើម្បីជួយអោយមនុស្សយើងអាចដោះស្រាយសំណួរខាងលើនេះបាន។ គាត់គិតថាការដែលមានអារម្មណ៍ល្អមានន័យថា រាងកាយ និងចិត្តកំពុងតែធ្វើការនៅក្នុងកម្រិតមួយដ៏ខ្ពស់ ហើយអ្នកក៏មានអារម្មណ៍ទូទៅស្រស់ដែរ។
ដើម្បីទទួលបានអារម្មណ៍ល្អពីមួយថ្ងៃទៅមួយថ្ងៃបាន គាត់បានណែនាំវិធីសាស្ត្រមួយចំនួនដូចខាងក្រោមនេះ៖
ទទួលយកពន្លឺព្រះអាទិត្យនៅពេលថ្ងៃ
ពន្លឺព្រះអាទិត្យជួយភ្ញោចទៅដល់សារធាតុ Serotonin ចេញពីខួរក្បាលដើម្បីបំពេញមុខងារធ្វើអោយអ្នកសប្បាយចិត្ត។
ខណៈពេលអ្នកនៅខាងក្រៅផ្ទះ និងស្ថិតក្រោមពន្លឺព្រះអាទិត្យ ចូរប្រើប្រាស់ពេលវេលានោះហាត់ប្រាណដើម្បីទទួលបានថាមពលបន្ថែម។ ការស្រាវជ្រាវបានរកឃើញថា ការធ្វើសកម្មភាពរាងកាយអាចមានប្រសិទ្ធភាពដូចគ្នានឹងការប្រើថ្នាំដើម្បីព្យាបាលអាការៈបាក់ទឹកចិត្តពីកម្រិតស្រាលដល់មធ្យមដែរ ហើយវាប្រហែលជាមានប្រសិទ្ធភាពល្អជាងថ្នាំសម្រាប់បង្ការការបាក់ទឹកចិត្តកុំអោយត្រឡប់មកវិញទៀតផង។ វាក៏អាចជួយអ្នកពីការថប់អារម្មណ៍ដែរ។
ធ្វើអោយខ្លួនឯងដេកលក់អោយបានស្រួល
ល្ងាចឡើង នៅពេលមេឃចាប់ផ្តើមងងឹង ខួរក្បាលអ្នកនឹងបង្កើតអ័រម៉ូនមួយឈ្មោះថា Melatonin សម្រាប់ជួយធ្វើអោយអ្នកងងុយដេក។ ជម្រើសមួយចំនួននៅពេលថ្ងៃ និងល្ងាចអាចប៉ះពាល់ដល់កម្រិត Melatonin បាន ដែលអាចដើរតួនាទីជួយអោយដេកលក់បានកាន់តែស្រួលទៀត។ រ៉ាគែល បានណែនាំថា៖
- ចូរប្រាកដថាអ្នកបានហាត់ប្រាណរាល់ថ្ងៃក្រោមពន្លឺព្រះអាទិត្យ ព្រោះវាជួយអោយអ្នកដេកលក់បានស្រួលនៅពេលយប់។ នោះដោយសារតែកម្រិត Melatonin ជាប់ទាក់ទងនឹងចំនួន Serotonin ដែលអ្នកមាន
- បន្ថយកម្តៅក្នុងខ្លួន។ អ្នកអាចបង្កើត Melatonin បាននៅពេលរាងកាយចាប់ត្រជាក់ ដូច្នេះអ្នកនឹងមានអារម្មណ៍ថាអាចដេកលក់បានយ៉ាងល្អបើសិនជារាងកាយមិនក្តៅពេក។
- បិទភ្លើង។ បើសិនជាបន្ទប់ដេកមិនមានភាពងងឹតទេ អ្នកនឹងមិនអាចបង្កើត Melatonin បានច្រើនឡើយ។
ញ៉ាំអាហារដែលផ្តល់នូវអារម្មណ៍ល្អ
ចូរធ្វើតាមវិធីសាស្ត្រដូចខាងក្រោមនេះ៖
- ផ្តោតសំខាន់ទៅលើអាហារទាំងឡាយណាដែលមានពណ៌ចម្រុះ។ មានន័យថា គឺជាបន្លែស្រស់, ផ្លែឈើ និងសណ្តែក សម្រាប់ជំនួសនូវអាហារកែច្នៃ។
- ចូរញ៉ាំបន្លែដូចជា ផ្កាខាត់ណា Broccoli, ផ្កាខាត់ណាពណ៌ស, ស្ពៃក្តោបជាដើម ព្រោះអាហារទាំងនេះផ្ទុកទៅដោយសារធាតុគីមីដែលជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ និងច្រោះជាតិពុលពីក្នុងខ្លួន។ វាគឺជាអាហារដ៏អស្ចារ្យសម្រាប់ធ្វើអោយយើងមានអារម្មណ៍ល្អ។
- ចូរចៀសវាងអាហារដែលធ្វើអោយជាតិស្ករឡើងខ្ពស់ដូចជា ភេសជ្ជៈមានជាតិហ្គាសម្បូរជាតិស្ករ និងនំផ្អែមៗ។ ការកើនឡើងជាតិស្ករក្នុងឈាមមិនល្អចំពោះសុខភាព, ការផ្ចង់អារម្មណ៍ ឬថាមពលឡើយ៕