មនុស្សជាច្រើនតែងមានរឿងធ្វើទុក្ខដល់សុខភាពខ្លួនឯងច្រើន ជាពិសេសពេលមករដូវតែម្តង។ ការមករដូវរាល់ខែបែបនេះក៏អាចបង្កជាការឈឺក្បាលដែលនាំឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃបានដែរ។ ក្នុងនោះដែរ មានស្រ្តីច្រើនជាងពាក់កណ្តាលឯណោះដែលជួបបញ្ហាឈឺក្បាល ហើយក៏ជាការឈឺក្បាលបែបប្រកាំងទៀតក្នុងពេលមករដូវ។
ការឈឺក្បាលបែបប្រកាំងជាប់ទាក់ទងនឹងការចុះទាបនៃអ័រម៉ូនអេស្រ្តូជែន។ ការសិក្សាបានបង្ហាញថា ការឈឺក្បាលរបៀបនេះភាគច្រើនទំនងជាកើត ឡើងរយៈពេលពីរថ្ងៃមុនពេលមករដូវ និងរយៈពេល៣ថ្ងៃដំបូងនៃការមករដូវ។
ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីបន្ថយឬបំបាត់ការឈឺក្បាលពេលមករដូវ៖
ចៀសវាងមូលហេតុ
អាហារ និងភេសជ្ជៈខ្លះអាចធ្វើឲ្យការឈឺក្បាលពេលមករដូវ។ ដូច្នេះចូរប្រយ័ត្ន។ ស្រា និងសុកូឡា អាចនឹងធ្វើអោយការឈឺក្បាលរឹតតែខ្លាំង។ ដូច្នេះចូរកត់ចំណាំអាហារណាមួយដែលធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ និងព្យាយាមចៀសវាង។
ញ៉ាំទឹកឲ្យច្រើន
ការខ្សោះជាតិទឹកក្នុងខ្លួនក៏ជាដើមហេតុនាំឲ្យឈឺក្បាលបែបប្រកាំងដែរ។ ជាមួយនឹងការរស់នៅដ៏មមាញឹក វាអាចពិបាកនឹងចងចាំថា ត្រូវញ៉ាំទឹកឲ្យបានច្រើន។ ដូច្នេះចូរព្យាយាមញ៉ាំទឹកអោយបានច្រើន ដើម្បីជួយបន្ថយការឈឺក្បាល។
ចូរមានទម្លាប់ជាប់លាប់
ចូរអនុវត្តទម្លាប់ដែលទៀងទាត់ឲ្យបានច្រើនបំផុតតាមតែអាចទៅបានជាពិសេសការញ៉ាំអាហារ ពេលវេលាចូលគេង និងការភ្ញាក់ពីគេងរាល់ព្រឹក ព្រមទាំងពេលវេលាសម្រាប់ហាត់ប្រាណផងដែរ។ ដូច្នេះចូររៀបចំកាលវិភាគឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានជាប់លាប់ដើម្បីបន្ថយឱកាសនៃការឈឺក្បាល។
ប្រើថ្នាំបំបាត់ឈឺ
ថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាគឺជាជម្រើសមួយដែលអាចធ្វើបានដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ ហើយឈឺក្បាលផង។ ថ្នាំប្រភេទនេះគឺអាចរកទិញបានយ៉ាងស្រួល តាមឱសថស្ថាននានា៕