តម្រងនោមគឺជាសរីរាង្គដែលសំខាន់បំផុតសម្រាប់រាងកាយ។ តម្រងនោមច្រោះឈាមយកកាកសំណល់និងជាតិពុលដើម្បីបញ្ចេញមកក្រៅ ហើយចាត់ចែងដំណើរការនៃសម្ពាធឈាមរត់។ កាលណាតម្រងនោមធ្វើការមិនបានល្អទេ គេនិយាយថា”តម្រងនោមមានកង្វះសមត្ថភាព ឬតម្រងនោមខ្សោយ insuffisance rénale” ដែលនឹងធ្វើឱ្យយើងមានបញ្ហាសុខភាពផ្សេងៗជាច្រើន។ ក៏ប៉ុន្តែរោគសញ្ញានៃតម្រងនោមខ្សោយនេះកម្រនឹងលេចចេញមកណាស់ ព្រោះជំងឺនេះវាវិវត្តយឺតៗ ហើយវាច្រើនតែទាក់ទងគ្នាទៅនឹងជំងឺទឹកនោមផ្អែម និងភាពចាស់ជរា ផងដែរ។

បើតាមរបាយការណ៍របស់ le Réseau d’Epidémiologie et Information en Néphralgie នៅប្រទេសបារាំង នៅក្នុងឆ្នាំ២០០៩មានអ្នកជំងឺប្រមាណជា៣៦,០០០នាក់ដែលត្រូវធ្វើការច្រោះឈាមដោយភ្នាសពីខាងក្រៅ(dialyse) និង៣១,០០០នាក់ទៀតដែលត្រូវធ្វើការវះកាត់ប្តូរតម្រងនោម។
កត្តាហានិភ័យតម្រងនោមខ្សោយ រួមមាន៖
- តំណពូជ
- អាយុកាន់តែចាស់ (ចាប់ពី៦០ឆ្នាំឡើងទៅ)
- សម្ពាធឈាមខ្ពស់
- ទឹកនោមផ្អែម
- ជំងឺសរសៃឈាមបេះដូង
- ប្រើឱសថដែលពុលចំពោះតម្រងនោម។
រោគសញ្ញានៃតម្រងនោមខ្សោយ
កង្វះសមត្ថភាពរបស់តម្រងនោមមានរោគសញ្ញាជាច្រើនដែលគេច្រើនតែមិនបានយកចិត្តទុកដាក់ ដល់។ ត្រូវដឹងថាជំងឺតម្រងនោមងាយនឹងព្យបាលទេ បើសិនជាគេឆាប់ព្យាបាល។ ដូច្នេះ អ្នកត្រូវឧស្សាហ៍ពិនិត្យមើលជារឿយៗ ហើយឆាប់ទៅជួបជាមួយគ្រូពេទ្យបើកាលណាមានរោគសញ្ញាណាមួយដែលគួរឱ្យសង្ស័យ។
១- មិនឃ្លានចំណីអាហារ
ដែលជាលទ្ធផលនៃការប្រមូលផ្តុំជាតិពុលនៅក្នុងរាងកាយ។
២- មានអ្វីប្លែកនៅក្នុងការនោម
នោមមានឈាម នោមញឹកជាងធម្មតា ឬទឹកនោមមានពណ៌មិនប្រក្រតី។
៣- ស្បែកស្ងួត ហើយមានដំបៅរមាស់
អាស្រ័យដោយមកពីកង្វះជាតិរ៉ែដោយមានការបង្ករោគឬជំងឺនៅតម្រងនោម។
៤- មានបញ្ហាក្នុងការដេក
ដោយសារមានជាតិពុលកកច្រើននៅក្នុងរាងកាយ។
៥- មានភ្នែកលៀន
ដោយសារកង្វះប្រូតេអ៊ីននៅពេលដែលតម្រងនោមមិនអាចច្រោះឈាមបានល្អ។
៦- មានក្តាមកាច់ដៃ ឬរមួលក្រពើ
ដោយបាត់សមតាអេឡិកត្រូលីត ខ្វះកាល់ស្យូម ឬផូស្វ័រ បណ្តាលមកពីការខ្សោយតម្រងនោម។
៧- ហើមជើង
ព្រោះមានសូដ្យូមលើស ដោយសារតម្រងនោមច្រោះយកមិនអស់។
៨- អស់កម្លាំងទន់ល្ហិតល្ហៃ
ដោយសារមានជាតិពុលក្នុងខ្លួន ឬកង្វះឈាមក្រហម។
ការតាមដានរកជំងឺតម្រងនោម
មានវិធីតាមដាន២បែប៖
- ធ្វើការវិភាគទឹកនោម បើកាលណាមានវត្តមានប្រូតេអ៊ីនច្រើន នេះជាសញ្ញាថាមានជំងឺតម្រងនោមហើយ
- ធ្វើការវិភាគឈាម ដែលមានប្រសិទ្ធភាពជាង។
ធ្វើយ៉ាងណាដើម្បីកាត់បន្ថយហានិភ័យភាពខ្សោយរបស់តម្រងនោម?
មុនដំបូងត្រូវចងចាំថាជំងឺនេះងាយនឹងព្យាបាលទេ បើសិនជាឆាប់ដឹងហើយឆាប់ព្យាបាល។ ដូច្នេះអ្នកត្រូវឧស្សាហ៍ធ្វើការត្រួតពិនិត្យជាប្រចាំ។
ម្យ៉ាងទៀត ត្រូវមានអនាម័យល្អនៅក្នុងការរស់នៅ ញ៉ាំតែចំណីដែលផ្តល់សុខភាព ហាត់ប្រាណ និងជៀសវាងគ្រឿងស្រវឹងនិងបារី។