គ្មានការងារណាដែលថាគ្មានស្ត្រេស នោះទេ។ នៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែងគ្នានេះ ស្ត្រេសគឺជាចំណែកដែលគេមិនបានចែងនៅក្នុងកិច្ចសន្យាការងារ ហើយវាមានតិចឬខ្លាំងអាស្រ័យទៅតាមប្រភេទការងារដែលអ្នកធ្វើ។
បើទោះជាយ៉ាងណាក្តី យើងនៅតែអាចគ្រប់គ្រងស្ត្រេសបានជានិច្ច។
១- កំណត់រកមូលហេតុដែលធ្វើឱ្យមានស្ត្រេស
ពេលណាមានស្ត្រេសកើតឡើង មនុស្សភាគច្រើនៗតែបណ្តោយខ្លួនឱ្យរងស្ត្រេសនោះ មិនបានខិតខំរកមូលហេតុវាទេ។ យើងត្រូវកំណត់រកមូលហេតុរបស់ស្ត្រេស ដែលគេហៅថា stressor ឱ្យឃើញដើម្បីលើកវិធានការតបតទៅវិញ។
២- ស្វែងរកដំណោះស្រាយ
កាលណាអ្នកកំណត់រកឃើញមូលហេតុដែលនាំឱ្យកើតស្ត្រេសហើយ អ្នកអាចលើកវិធានការតបតទៅវិញបានហើយ។ មានវិធានការទាំងអស់៣យ៉ាង គឺ៖ ១- លប់បំបាត់វាតែម្តងបើសិនជាអាចធ្វើទៅបាន ២- បើលប់បំបាត់មិនបានទេ ត្រូវកាត់បន្ថយអាំងតង់ស៊ីតេរបស់ stressor ឬ៣- បើវិធានការទាំង២ខាងលើមិនអាចសម្រេចបានទេ ត្រូវជៀសវាងវាតែម្តង។
៣- ស្វែងរកជំនួយពីអ្នកដទៃ
អ្នកពិតជាមានការទទួលខុសត្រូវមួយចំនួនមែនហើយ ក៏ប៉ុន្តែការហៅរកជំនួយពីអ្នកដទៃដែលរួមការងារមិនជាអាក្រក់អ្វីទេ ព្រោះជួនកាលគេក៏មានបញ្ហាដូចយើងដែរ។ សូមបង្ហាញគំនិតរបស់អ្នកទៅគេ រួចសួរយោបល់ តើគួរធ្វើដូចម្តេច។
៤- ត្រូវឱ្យប្រាកដចំពោះគោលដៅដែលអ្នកចង់ធ្វើ
ត្រូវចងចាំថា អ្នកនៅមានកត្តាច្រើនទៀតនៅកន្លែងធ្វើការដែលត្រូវយកមកគិតផងដែរ ដូចជាការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ច និងកាតព្វកិច្ចផ្សេងទៀត ផងដែរ។ បើអ្នកមានស្ត្រេសព្រោះតែសមត្ថភាពរបស់អ្នកមិនអាចឱ្យឱបក្រសោបភារកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យាការងារ នោះប្រហែលមិនមែនជាស្ត្រេសធម្មតាដែលត្រូវគ្រប់គ្រងទេ តែប្រហែលជាត្រូវលាលែងចេញពីការងារទើបល្អជាង។
៥- សន្យាតិច តែផ្តល់លទ្ធផលច្រើន
តាមធម្មតា ស្ត្រេសនៅកន្លែងធ្វើការច្រើនលេចចេញពីការដែលមិនអាចសម្រេចបានតាមការសន្យា។ ដូច្នេះ នៅពេលដែលអ្នកទៅធ្វើការ សូមកុំលើកគោលដៅឱ្យវាខ្ពស់ហួសពីសមត្ថភាពរបស់អ្នកខ្លាំង ពេក។ ដាក់ឱ្យសមរម្យទៅតាមភារកិច្ច រួចសម្រេចឱ្យបានលើស នោះទើបជាការល្អ៕