ប្រូតេអ៊ីន gluten ដែលមាននៅក្នុងស្រូវសាលី ហើយនិងជាតិស្ករ lactose ដែលមាននៅក្នុងផលិតផលធ្វើពីទឹកដោះគោគឺជាចំណីអាហារ២មុខដែលតែងតែធ្វើឱ្យអ្នកហើមពោះជារឿយៗ។ ក៏ប៉ុន្តែ ជួនកាលអ្នកមិនបានញ៉ាំអាហារទាំង២នេះទេ តែនៅតែហើមពោះដែរ អាស្រ័យដោយមូលហេតុ៥យ៉ាងខាងក្រោមនេះ។
១- អ្នកត្រូវការបាក់តេរីល្អនៅក្នុងពោះវៀនថែមទៀត
នៅក្នុងពោះវៀនរបស់យើង មានបាក់តេរីទាំងអស់ដល់ទៅ១០០កោដិ គឺមានចំនួនច្រើនជាងចំនួនកោសិកាទាំងអស់នៅក្នុងខ្លួនទៅទៀត។ វត្តមានរបស់បាក់តេរីទាំងអស់នៅក្នុងពោះវៀនមានសារសំខាន់ខ្លាំងណាស់សម្រាប់ការរំលាយអាហារ។ ក៏ប៉ុន្តែវាមានបាក់តេរីដែលល្អ និងបាក់តេរីដែលអា ក្រក់។ កាលណាបាក់តេរីអាក្រក់មានចំនួនច្រើនជាងបាក់តេរីល្អ អ្នកនឹងមានជំងឺមួយដែលគេហៅថា dysbiose ពោលគឺមានអតុល្យភាពមេរោគនៅក្នុងពោះវៀន។ ហេតុការណ៍នេះកើតឡើងដោយសារការប្រើថ្នាំអង់ទីប៊ីយ៉ូទិកច្រើនពេក មានស្ត្រេស ឬញ៉ាំចំណីសម្បូរទៅដោយជាតិស្ករនិងខ្លាញ់។
ដើម្បីឱ្យមានបាក់តេរីល្អឡើងវិញ អ្នកត្រូវញ៉ាំចំណីអាហារ ឬផឹកភេសជ្ជៈ”ផ្អូម fermenté” ដូចជាទឹកដោះគោជូរ ជាដើម ហើយក៏ត្រូវដាក់បញ្ចូលចំណីអាហារនិងភេសជ្ជៈទាំងអស់នោះទៅក្នុងរបបហូបចុកប្រចាំថ្ងៃផងដែរ ដើម្បីជៀសវាងការហើមពោះតទៅទៀត។

២- អ្នកញ៉ាំចំណីអាហារច្របូកច្របល់គ្នាពេក
ចំណីអាហារខ្លះទាមទារថាត្រូវមានអង់ហ្ស៊ីមពិសេសដើម្បីអាចរំលាយបាន ដូច្នេះបើកាលណាអ្នកញ៉ាំចំណីអាហារបែបនោះផ្ទួនៗគ្នា រាងកាយបញ្ចេញអង់ហ្ស៊ីមចាំបាច់មកមិនទាន់ វានឹងធ្វើឱ្យហើមពោះ។
ដើម្បីឱ្យការរំលាយអាហារដំណើរការទៅបានល្អ អ្នកត្រូវ៖
- ញ៉ាំអាហារដែលមានប្រូតេអ៊ីនមុន ព្រោះវាត្រូវការអាស៊ីតច្រើនដើម្បីរំលាយ
- ញ៉ាំប្រូតេអ៊ីនជាមួយនឹងបន្លែស្រស់ កុំញ៉ាំជាមួយនឹងអាហារដែលមានអាមីដុង
កុំញ៉ាំផ្លែឈើនៅចុងបញ្ចប់ ព្រោះវាអាចនឹងទៅជាជូរផ្អូម ធ្វើឱ្យហើមពោះឬទល់លាមកបាន។ ពេលដែលល្អសម្រាប់ផ្លែឈើគឺញ៉ាំនៅពេលព្រឹក ឬពេលរសៀល។
៣- អ្នកកើតស្ត្រេស
កើតស្ត្រេសខ្លាំងអាចបង្កការរំខានដល់ការឬមលាយអាហារបាន។
នៅពេលកើតស្ត្រេស រាងកាយមិនទាន់រំលាយអាហារភ្លាមទេ។ ឈាមក៏ត្រូវបង្ចិលចេញពីបំពង់រំលាយអាហារ ទាំងអង់ហ្ស៊ីមទាំងអាស៊ីតក្លរីឌ្រិកក៏មិនសូវត្រូវបានបញ្ចេញមកដែរ។ ម្យ៉ាងទៀត សមតុល្យបាក់តេរីល្អនិងអាក្រក់នៅក្នុងពោះវៀនក៏មិនល្អ។
ដើម្បីកុំឱ្យមានការហើមពោះនិងទល់លាមក អ្នកត្រូវលប់បំបាត់ស្ត្រេសសិន ដោយហាត់ប្រាណឬអនុវត្តវិធីយោគៈ។
៤- អ្នកធ្វើអ្វីផ្សេងទៀតក្នុងពេលញ៉ាំអាហារ
ការមើលទូរទស្សន៍ វាយកុំព្យូទ័រ អានសៀវភៅ ឬបើកបរក្នុងពេលញ៉ាំចំណីអាហារ សុទ្ធតែជាធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ និងមេតាបូលីស។
ពេលញ៉ាំអាហារ អ្នកត្រូវយកចិត្តទុកដាក់នឹងចំណីដែលកំពុងតែញ៉ាំ និងការទំពារជំណីនោះ។ ចូរកុំធ្វើអ្វីផ្សេងទៀត ហើយបើចាំបាច់ខ្លាំងណាស់ សូមធ្វើអ្វីនោះឱ្យហើយសិនទៅ រួចសឹមញ៉ាំអាហារ។
៥- អ្នកញ៉ាំចំណីអាហារកែឆ្នៃ
ចំណីអាហារកែឆ្នៃមានដាក់បន្ថែមគ្រឿងគ្រៅ ឬសារធាតុថែរក្សាផ្សេងៗ ដែលសុទ្ធតែបង្កផលប៉ះពាល់ដល់ការរំលាយអាហារ។
សូមញ៉ាំតែចំណីអាហារមិនកែឆ្នៃ និងមានសុខភាព៕