ខួរក្បាលគឺជាអ្នកចាត់ចែងលើគ្រប់មុខងារទាំងអស់នៃរាងកាយ ជាពិសេសគឺទទួលខុសត្រូវលើចង្វាក់ដើររបស់បេះដូង និងចលនាដកដង្ហើម។ ខួរក្បាលក៏ជាជម្រកនៃវេទនារម្មណ៍ និងគំនិត ផងដែរ។
មានរឿងមួយដែលមិនអាចជៀសផុត គឺអាយុដែលកាន់តែចាស់ទៅ។ កាលណាយើងចាស់ទៅ អ្វីៗត្រូវប្រែប្រួលទាំងអស់ ដូចជាសាច់ដុំត្រូវថយចុះ ស្បែកត្រូវយារ ត្រចៀកត្រូវស្តាប់លែងច្បាស់។ល។ ដូចជាសរីរាង្គឯទៀតៗដែរ ខួរក្បាលក៏ចុះខ្សោយទៅដែរ ធ្វើឱ្យយើងទៅជាភ្លេចភ្លាំង វង្វេងវង្វាន់ លែងចងចាំអ្វីៗបានល្អ ទៀតហើយ។

បើទោះជាយ៉ាងណាក្តី បើសិនជាយើងបានយកចិត្តទុកដាក់ថែរក្សាឱ្យបានល្អ ខួរក្បាលអាចនៅមានសុខភាពល្អ ថ្វីបើត្រូវចុះខ្សោយខានមិនបានទៅតាមវ័យ។ ក៏ប៉ុន្តែយើងច្រើនតែធ្វេសប្រហែស ប្រព្រឹត្តនូវទម្លាប់អាក្រក់មួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើឱ្យខួរក្បាលខូចខាត។
១- ចំណីអាហារមិនល្អ
ក្រោយពីធ្វើការនឿយហត់អស់ពេលមួយថ្ងៃរួចមក យើងច្រើនតែនាំគ្នាញ៉ាំចំណីអាហារកែឆ្នៃមួយចំនួន ដែលរហ័សទាន់ចិត្ត ហើយដែលយើងគិតថាវាឆ្ងាញ់ទៀតផង។ ក៏ប៉ុន្តែត្រូវដឹងថាចំណីអាហារកែឆ្នៃទាំងអស់នោះមិនជាល្អចំពោះសុខភាពប៉ុន្មានទេ ជាពិសេសចំពោះខួរក្បាល។
ការសិក្សាមួយដែលគេចេញផ្សាយនៅក្នុងព្រឹត្តិប័ត្រ Journal of Psychology of UCLA បានបង្ហាញឱ្យដឹងថា ចំណីអាហារដែលសម្បូរទៅដោយ fructose អាចនឹងបង្កការខូចខាតដល់ការចងចាំបានក្នុងពេលយូរទៅ ព្រមទាំងដល់សមត្ថភាពក្នុងការរៀនសូត្រទៀតផង។ ហើយវាក៏បង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ផងដែរ។
២- ការគេងមិនគ្រប់គ្រាន់
យើងត្រូវការគេងឱ្យបាន៧ទៅ៨ម៉ោងក្នុង១យប់ៗ ក៏ប៉ុន្តែយើងច្រើនតែគេងមិនបានគ្រប់គ្រាន់ដូច្នេះទេ ដែលជាហេតុធ្វើឱ្យមានផលអាក្រក់យ៉ាងខ្លាំងទៅលើខួរក្បាល។
ពួកអ្នកសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យUniversity of Pennsylvenia បានរកឃើញថា ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យកោសិកាខួរក្បាលខូចខាតអស់ជាច្រើន។
៣- ការមិនធ្វើសកម្មភាពអ្វីសោះ
ការធ្វើសកម្មភាពល្អខ្លាំងណាស់ចំពោះខួរក្បាល។ គេបានរកឃើញថា កីឡាជួយធ្វើឱ្យមានការបញ្ចេញ dopamine ដែលគេហៅថាជាអ័រម៉ូននៃសុភមង្គល។ អ័រម៉ូននេះនេះចាំបាច់ខ្លាំងណាស់សម្រាប់ខួរក្បាល សម្រាប់ធ្វើការពិចារណា និងការចងចាំ។
៤- ការមានស្ត្រេសខ្លាំង
ពួកអ្នកសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Yale បានរកឃើញថា ព្រឹត្តិការណ៍ដែលធ្វើឱ្យកើតមានស្ត្រេស ដូចជាការលែងលះគ្នា ជំងឺ ឬការស្លាប់របស់មនុស្សជាទីស្រលាញ់ មានផលប៉ះពាល់ខ្លាំងណាស់ទៅលើខួរក្បាល អាចធ្វើឱ្យខួរក្បាលរួមស្វិតបាន។ ពួកអ្នកសិក្សានិយាយថា matière grise របស់ខួរក្បាលថយចុះ ធ្វើឱ្យគេបាត់បង់សមត្ថភាពក្នុងការប្រឈមជាមួយបញ្ហា និងជួនកាលទៅជាមានអាកប្បកិរិយាបំផ្លិចបំផ្លាញខ្លួនឯងទៅវិញ ដូចជាទៅជាធ្លាក់ទឹកចិត្ត ឬមិនឯករាជ្យ ក៏មាន។
៥- មិនសូវមានទំនាក់ទំនងក្នុងសង្គម
ការដែលមានទំនាក់ទំនងល្អនៅក្នុងសង្គមល្អខ្លាំងណាស់ចំពោះសុខភាពខួរក្បាល។ វេជ្ជបណ្ឌិត Dr. Lisa Feldman Barrett នៃ Massachusetts General Hospital and the Harvard Medical School បានបង្ហាញថាទំនាក់ទំនងសង្គមជួយធ្វើឱ្យយើងមានការងាយស្រួលនៅក្នុងការកំណត់ ស្គាល់ និងយល់បានល្អនូវរាល់វេទនារម្មណ៍ដែលអ្នកដទៃបញ្ចេញមក៕