របបអាហារ ដើរតួនាទីយ៉ាងសំខាន់សម្រាប់រក្សាសុខភាពបេះដូង ក៏ដូចជារាងកាយទាំងមូល។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកអាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺសសៃឈាមបេះដូង ឬទប់ស្កាត់បញ្ហានៃជំងឺបេះដូងប្រកបដោយប្រសិទ្ធិភាពតាមរយៈការជ្រើសរើសទទួលទានអាហារប្រចាំថ្ងៃបានត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីបង្ការហានិភ័យនៃជំងឺបេះដូង ៖

១. ផ្លែបឺរ 

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ (monounsaturated fats) និងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះទៅទៀត ផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន C, សារធាតុ carotenoids និងជាតិសសៃផងដែរ។ carotenoids ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសសៃឈាមបេះដូង។ ខណៈដែលជាតិសសៃជួយដល់រាងកាយក្នុងការស្រូបយកនូវសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។

២. សូកូឡាខ្មៅ

មិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែសូកូឡាខ្មៅដែលមានផ្ទុកជាតិកាកាវពី ៧៥ ដល់ ៨៥ ភាគរយ ក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់សុខភាពបេះដូងផងដែរ។ កាកាវជាប្រភពនៃសារធាតុម្យ៉ាងហៅថា phenols ដែលមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

៣. ប្រេងអូលីវសុទ្ធ

ប្រេងអូលីវ ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អ។

៤. បន្លែស្លឹកបៃតង

បន្លែប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែក, វីតាមីន C, វីតាមីន A និងជាតិម៉ាញ៉េស្យូមដែលមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង។

៥. ថ្លើម

ថ្លើម មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ដែលល្អសម្រាប់បេះដូង។

៦. ត្រីសាលម៉ុន

ត្រីសាលម៉ុន រួមទាំងត្រីសម្បូរខ្លាញ់ដទៃទៀតដូចជាត្រីសាឌីនសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូង។

៧. ប៉េងប៉ោះ

មានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុ lycopene ជួយការពារកោសិកាពីការបំផ្លាញ ឬខូចខាត។

៨. គ្រាប់វាល់ណឺត

គ្រាប់ធញ្ញជាតិនេះមានប្រសិទ្ធិភាពជួយបង្កើនមុខងារបេះដូងជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលវាមានផ្ទុក។ គ្រាន់តែទទួលទានគ្រាប់ធញ្ញជាតិនេះចំនួន ៥៧ ក្រាមក្នុងមួយថ្ងៃអាចជួយធ្វើឱ្យមុខងារសសៃឈាមមានលក្ខណៈប្រសើរឡើងជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូង។ ការទទួលទានមួយក្ដាប់ដៃនៃគ្រាប់ធញ្ញជាតិគ្រប់ប្រភេទជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង