ការសិក្សាថ្មីមួយរបស់ U.S. National Cancer Institute បានបង្ហាញឱ្យដឹងថា ការមើលទូរទស្សន៍ច្រើនពេក គឺជាមូលហេតុមួយនៃមរណភាពរបស់មនុស្សចាស់។
នៅក្នុងការសិក្សានោះ ពួកអ្នកធ្វើការស្រាវជ្រាវបានតាមដានសុខភាពរបស់មនុស្សចាស់ចំនួន២២១០០០នាក់ដែលមានអាយុពី៥០ដល់៧១ឆ្នាំ គាត់ទាំងអស់នោះគ្មានកើតជំងឺរ៉ាំរ៉ៃអ្វីទេនៅពេលចាប់ផ្តើមការអង្កេតកាលពីប្រមាណជា១៥ឆ្នាំមុន ហើយគេតាមដានរហូតមកដល់ខែធ្នូឆ្នាំ២០១១កន្លងទៅនេះ។
គេបានរកឃើញថា មនុស្សចាស់ដែលចំណាយពេលមើលទូរទស្សន៍កាន់តែច្រើន ក៏កាន់តែឆាប់ស្លាប់ទៅដែរ ដោយសារជំងឺបេះដូង មហារីក ទឹកនោមផ្អែម សួត ថ្លើម ឬជំងឺ Parkinson ។ បើប្រៀបធៀបទៅនឹងអ្នកដែលអង្គុយមើលទូរទស្សន៍ត្រឹមតែ១ម៉ោងក្នុង១ថ្ងៃ អ្នកមើល៤ម៉ោងក្នុង១ថ្ងៃមានហានិភ័យខ្ពស់ជាង១៥% ឯអ្នកដែលមើលលើសពី៧ម៉ោងក្នុង១ថ្ងៃមានហានិភ័យខ្ពស់ជាងរហូតដល់ទៅ៤៧%។

គេបានធ្វើការពន្យល់ថា ការនៅអង្គុយមើលទូរទស្សន៍មិនបានធ្វើឱ្យរាងកាយធ្វើសកម្មភាពអ្វីទេ ដែលមិនល្អសម្រាប់សុខភាពសោះឡើយ។ យកល្អ គេមិនត្រូវចំណាយពេលមើលទូរទស្សន៍យូរពេកទេ ត្រូវងើបចេញ ទៅធ្វើសកម្មភាពអ្វីផ្សេងទៀតផង៕